ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្តាលយប់ បង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាមដឹកឈើគ្រញូង១គ្រឿង ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្បែរស្នាក់ការសន្តិសុខ៦០១ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៤ វិច្ឆិកា ខណៈដែលរថយន្តនេះបានធ្លាក់ពីលើថ្នល់ជាតិចូលក្នុងទឹកនោះ ។
ជុំវិញហេតុការណ៍នេះត្រូវបានប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា គេបានឃើញមន្ត្រី១រូបជិះរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ បើកប្រដេញរថយន្តដឹកគ្រញូងនេះ ដោយបើកខោកគ្នាទៅវិញទៅមកដូចនៅក្នុងខ្សែភាពយន្តអាមេរិកគឺចាប់ពីចំណុចទីរួមខេត្តរហូតមកចំណុចកើតហេតុ និងបានកៀររថយន្តនេះទម្លាក់ថ្នល់តែម្ដង ។ ក្រោយមកគេបានឮសំឡេងជជែកគ្នាមួយសន្ទុះ ស្រាប់តែឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងរថយន្តដឹកឈើគ្រញូងយ៉ាងសន្ធោសន្ធៅ ដោយគ្មានសមត្ថកិច្ចណាជួយអន្តរាគមន៍ពន្លត់ទាន់នោះឡើយ ។ មួយសន្ទុះក្រោយមកទើបគេបានឃើញមន្ត្រីខណ្ឌ និង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មទៅដល់ និងបាននាំកម្លាំងជួយពន្លត់ភ្លើង ។ បន្ទាប់ពីធ្វើការពន្លត់រួចគេបានឃើញសល់តែគ្រោងឆ្អឹងផ្នែកខាងមុខនៃរថយន្ត និងដុំឈើគ្រញូងជាច្រើនត្រូវឆេះខ្លោចដោយសារតែអណ្ដាតភ្លើង ។ ក្រោយកើតហេតុរថយន្តត្រូវបានស្ទួចយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើទាំងកណ្ដាលយប់ ។ នៅក្នុងហេតុការណ៍នោះគេមិនឃើញមានអ្នកស្លាប់ ឬរបួសនោះឡើយ ។
ពាក់ព័ន្ធករណីនេះប្រភពព័ត៌មានពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានបានថាមានរថយន្តត្រូវបានឃាត់ នៅមុខស្នាក់ការកងរាជអាវុធហត្ថ៦០១ មន្ត្រីជំនាញក៏បានចុះទៅដល់ និងបាន ឃើញថា មានរថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២R-៤០៧៦១គ្រឿងបានធ្លាក់ពីលើថ្នល់ជាតិចូលទឹក ស្រាប់តែមួយសន្ទុះឃើញមានអណ្ដាតភ្លើងឆេះឡើងដោយគ្មានមូលហេតុតែម្ដង ។ឮ
ទាក់ទិនចំនួនឈើនៅក្នុងរថយន្តកើតហេតុនេះ រហូតដល់ព្រឹកថ្ងៃទី៥ វិច្ឆិកា ត្រូវបានគេដឹងថា មានចំនួន៣២ដុំ ស្មើនិង០,៦៣៣ម៉ែត្រគូប ៕
ចែករំលែកព័តមាននេះ