ខេត្តកំពង់ចាម ៖ ស្របពេលដែលមនុស្សក្មេងចាស់ប្រុសស្រីកំពុងតែដេកលង់លក់ស្រាប់តែភ្លើងបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចេញជាអណ្ដាតភ្លើងផ្សែងហុយក្មូលខ្មាញ់ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៦នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម។
ក្រោយពីទទួលបានព័ត៌មាននេះរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀមរួមទាំងរថយន្តនៅតាមបណ្ដាស្រុកផ្សេងទៀតបានចេញអន្តរាគមន៍បន្តបន្ទាប់ពន្លត់ភ្លើងកុំឲ្យឆាបឆេះបង្កជាមហន្តរាយធំ ហើយក្នុងប្រតិបត្តិការនោះគឺបានដឹកនាំចុះបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលហាន់ជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មានលោកឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាក្រោមគេចអន្តរាគមន៍យ៉ាងសស្រាក់ស្រាំរបស់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ប្រជាការពារព្រមទាំងអាជ្ញាធរមូលដ្ឋានបានធ្វើឲ្យអគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៣និង១០នាទីយប់រៀបភ្លឺឈានចូលព្រឹកថ្ងៃទី២០មករា។
ដោយកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលហាន់ជ័យ និងប្រជាការពារជាជំនួយធ្វើការពន្លត់អោយរលត់ជាស្ថាពរ។ប្រើប្រាស់ឡានពន្លត់អគ្គីភ័យចំនួន០៥គ្រឿង(ប្រើប្រាស់ទឹក ១៧ស៊ីទែន) ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង(ប្រើប្រាស់ទឹកអស់ ០៤ស៊ីទែន) ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន០១គ្រឿង (ប្រើប្រាស់ទឹកអស់ ០១ស៊ីទែន) ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន ០២គ្រឿង (ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន)ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះចំនួន០២ម្ចាស់សង់ពីឈើប្រក់ក្បឿង ម្ចាស់ផ្ទះទី១ឈ្មោះ ឃ្លាំង រឹម ភេទប្រុស អាយុ ៦៩ឆ្នាំ ជាតិខ្មែរទំហំ ៧ម×១៦ម លុយដុល្លា ១០០០$ លុយខ្មែរ ៣,០០០,០០០រៀល សម្ភារ:មួយចំនួន។
ចំណែកម្ចាស់ផ្ទះទី២ឈ្មោះ សួង ប្រេង ភេទស្រី អាយុ ៦៥ឆ្នាំ ជាតិខ្មែរទំហំ ៧ម×១២ម លុយដុល្លា ៧០០$លុយខ្មែរ ៣៥០,០០០រៀល សម្ភារ:មួយចំនួនមូលហេតុត្រូវបានសមត្ថកិច្ចរកឃើញដោយសារឆ្លងចរន្តអគ្គីសនី ៕






ចែករំលែកព័តមាននេះ