គ្រេកបេលឡាមី កីឡាករខ្សែប្រយុទ្ធក្លឹប Man City ត្រូវបានក្លឹបធ្វើការពិន័យជាប្រាក់១៦០.០០០ផោន ស្មើនឹងប្រាក់ឈ្នួលចំនួន២សបា្តហ៍ពីបទរិះគន់លោករ៉ូប៊ែរ៍តូ ម៉ានស៊ីនី គ្រូបង្វឹកជនជាតិអ៊ីតាលី និងមាននិន្នាការកាត់ឈ្មោះចេញពីបញ្ជីកីឡាករដំបូងទាំង២៥នាក់ របស់ក្លឹបពេលចូលរួមប្រកួតក្នុងរដូវកាលថ្មី ២០១០-២០១១ ។ មុននេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវ៉ែល រូបនេះបានធ្វើការរិះគន់លើការងាររបស់លោកម៉ានស៊ីនីថា ជាគ្រូបង្វឹកធ្វើការដោយមិនសង្កត់ធ្ងន់លើទឹកចិត្តរបស់កីឡាករ ហើយរូបគេមិនធ្លាប់និយាយស្តីរកគ្នាជាលក្ខណៈបុគ្គលចាប់តាំងពីគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះចូលមកបំពេញតួនាទីជាគ្រូបង្វឹក Man City កាលពី៦ខែមុន ។
ក្នុងអំឡុងពេលចុងក្រោយនេះ ទីភ្នាក់ងារដេលី ម៉េល របស់អង់គ្លេសផ្សាយថា កីឡាករបេលឡាមី ត្រូវក្លឹបពិន័យដោយកាត់យកប្រាក់ឈ្នួលខ្ពស់បំផុតរយៈពេល២សបា្តហ៍ក្នុងចំនួនទឹកប្រាក់សរុប១៦០.០០០ផោន និងអាចដកចេញពីបញ្ជីក្នុងចំណោមកីឡាករ២៥នាក់ដំបូង ដែលនឹងត្រូវបញ្ជូនឈ្មោះទៅឱ្យក្របខណ្ឌប្រឺមីញេលីកអង់គ្លេស តាមច្បាប់ថ្មី ក្នុងរដូវកាល២០១០-២០១១ ដែលកំពុងតែចាប់ផ្តើម ៕
ចែករំលែកព័តមាននេះ