យោងតាមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកបានឱ្យដឹងថា បុរសដែលទទួលទានសាច់ជ្រូកប្រឡាក់កែច្នៃត្រឹមមួយបន្ទះក្នុងមួយថ្ងៃ អាចកាត់បន្ថយឱកាសក្លាយជាឪពុករបស់ក្មេងបាន ។ ក្រុមអ្នកស្រាវជ្រាវជឿថា សាច់កែច្នៃតួយ៉ាងដូចជា សាច់ជ្រូក សាច់ក្រកជាដើមពិតជាអាចធ្វើឱ្យរបួសដល់កោសិកាបន្តពូជក៏ដូចជាគុណភាពទឹកកាមរបស់បុរស ។
ការពិសោធរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard Universityលើបុរស ១៥៦នាក់បានបង្ហាញថា ក្រុមដែលទទួលទានសាច់កែច្នៃត្រឹមកន្លះភាគក្នុងមួយថ្ងៃឃើញថា រូបរាងកោសិកាបន្តពូជរបស់ពួកគេស្ថិតក្នុងសភាពធម្មតាត្រឹម៥,៥ភាគរយប៉ុណ្ណោះ ខណៈក្រុមបុរសទទួលទានសាច់កែច្នៃតិចតួចឬមិនទទួលទានសោះ រូបរាងកោសិកាបន្តពូជរបស់ពួកគេស្ថិតក្នុងសភាពធម្មតាដល់ទៅ៧,២ភាគរយ ។ សាច់កែច្នៃគ្រប់ប្រភេទត្រូវគេរកឃើញផ្ទុកទៅដោយសារធាតុ Pesticidesនិងសមាសធាតុដទៃទៀតក្នុងកម្រិតមួយខ្ពស់ ។ សារធាតុ Pesticidesនិងសមាសធាតុផ្សេងៗទាំងនោះបានរំខាននិងជ្រៀតចូលដល់បណ្តាអ័រម៉ូនក្នុងរាងកាយ ។
អ្នកដឹកនាំការសិក្សា វេជ្ជបណ្ឌិត Myriam Afeicheបានថ្លែងថា៖«យើងបានរកឃើញពីផលប៉ះពាល់នៃការទទួលទានសាច់កែច្នៃដោយវាបានបន្ថយគុណភាពទឹកកាមបុរស ។ ទំនាក់ទំនងគ្នារវាងរបបអាហារនឹងសមត្ថភាពផ្តល់កំណើតរបស់បុរសគឺជាបញ្ហាមួយដែលគួរឱ្យចាប់អារម្មណ៍ ។ ទោះយ៉ាងណា យើងមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា បណ្តាបុរសដែលទទួលទានត្រី បន្លែ និងផ្លែឈើស្រស់ ធ្វើឱ្យគុណភាពទឹកកាមរបស់គេល្អប្រសើរជាងបុរសដែលទទួលទានសាច់ក្រហមឬសាច់កែច្នៃ »។
កាលពីឆ្នាំទៅ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Cambridge Universityបានរកឃើញថា ចំនួនបុរសកើតមហារីកពោះវៀន ជំងឺបេះដូង និងទឹកនោមផ្អែមនៅទូទាំងពិភពលោកបានថយចុះដល់១០ភាគរយ ខណៈពួកគេកាត់បន្ថយការទទួលទានសាច់កែច្នៃក្នុងចំនួនពាក់កណ្តាល ៕
ចែករំលែកព័តមាននេះ