ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​នារី​ជា​សង្សារ​ សងសឹក​នាង​ស៊ី​ដាច់​ម៉ូតូ​និង​ប្រាក់​ដុល្លារ​

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ឃាតករដែល​​សម្លាប់​នារី​វ័យ​ក្មេង​ម្នាក់​ ដោយ​រឹត​កនឹង​ខ្សែ​មួក​ ត្រូវ​​សមត្ថកិច្ច​វែក​មុខ​និង​ឃាត់​ខ្លួន​បាន​ហើយ កាលពី​ថ្ងៃទី​២៥ តុលា នៅ​ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី​ ហើយ​ជន​ដៃដល់​នោះ​ ក៏​ជាមិត្តប្រុស​របស់​នារី​រងគ្រោះផងដែរ​។

លោក​អនុសេនីយ៍​ឯក​ ទុយ​ ថេន អធិការ​រង​នគរបាល​ស្រុក​គង​ពិសី​ បាន​ឱ្យដឹងថា ឃាតករ​ដៃដល់​គឺជាសង្សារ​របស់​នារី​រងគ្រោះ​ ឈ្មោះ​ សឹម​ ចណ្ណារ៉ា អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​តាសុខ ឃុំ​សែន​ដី ស្រុក​សំរោងទង ។ ជន​នេះ​បាន​ឆ្លើយ​សារ​ភាព​ថា មូល​ហេតុ​ដែល​គេ​សម្លាប់​នារី​ជាសង្សារ​ ដោយសារ​កាល​ពី​៣ខែកន្លង​មក​ ខ្លួន​និង​នារី​រងគ្រោះ​បាន​ស្រឡាញ់​គ្នា​ ហើយនាង​បាន​បោក​ប្រាស់​​ខ្លួន​ ដោយ​ឱ្យជូន​ទៅ​ភ្នំ​ពេញ​ ​គំរោង​ស៊ីដាច់​ម៉ូតូ​ខ្លួន​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១២ និង​ប្រាក់​ដុល្លារ​ប្រមាណ​១០០០ដុល្លារ​ ឱ្យសង្សារ​ចាស់​នាង ទើប​ខ្លួន​មាន​គំ​នុំ​សម្លាប់​បែបនេះ ។

ប្រភព​បន្តថា កាលពី​ថ្ងៃទី​២៣ តុលា ២០១៣ នាង​ចុំ​ យូ (នារី​រងគ្រោះ​) បាន​ទូរ​ស័ព្ទ​ឱ្យខ្លួន​ទៅ​ជួប​នៅ​ចំណុច​ភូមិ​ស្រែមាន់​ ដោយ​ឃើញ​ឱកាសល្អ​ខ្លួន​ក៏នាំនាង​ទៅ​​ជើង​ភ្នំ​អាចម៍ទីទុយ​ក្រេប​រសជាតិ​ស្នេហ៍​ ហើយ​ក៏​ច្របាច់​កនិង​រឹត​ក​នាង​ដោយ​ខ្សែមួក​ស្លាប់​ហើយ​ខ្លួន​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។

សូម​បញ្ជាក់​ថា នារី​វ័យ​ក្មេង​ម្នាក់ ​ត្រូវបាន​ក្មេង​គង្វាល​គោ និង​អ្នក​រក​ឃ្មុំ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ជើង​ភ្នំ​អាចម៍​ទី​ទុយ​ ស្ថិតក្នុង​ភូមិ​ស្រែមាន់ ឃុំ​ស្រង់ ស្រុក​គងពិសី កាលពី​វេលា​ម៉ោង​១០​និង​២៥នាទី​ព្រឹក​ថ្ងៃទី​២៤ តុលា ២០១៣ ៕​