ប្រទេសអូស្ដ្រាលីជួបវិបត្ដិក្ដៅខ្លាំង ខណៈពេលនៅទ្វីបអឺរ៉ុបជួបវិបត្ដិព្រិលធ្លាក់ខ្លាំង
ដោយ ៖ សាម៉ន
ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១០ ម៉ោង ១៤:២៧
គេហទំព័របរទេស
អូស្ដ្រាលីប្រឈមមុខនឹងអាកាសធាតុក្ដៅខ្លាំង
ទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី ប្រឈមមុខនឹងអាកាសធាតុក្ដៅខ្លាំងបើគិតចាប់តាំងពីឆ្នាំ១៩០២មក ដោយសីតុណ្ហភាពបានឡើងដល់៣៤អង្សាសេ កាលពីថ្ងៃទី១១ មករា ខុសគ្នាស្រឡះពីអាកាសធាតុនៅទ្វីបអឺរ៉ុបដែលមានព្រិលធ្លាក់ ។
ប្រជាជនជាច្រើនលាននាក់មានភាពស្អុះស្អាប់ដេកមិនលក់និងនាំគ្នាដើរកំសាន្ដនៅតាមឆ្នេរសមុទ្រ ដោយការចុះងូតទឹកសំរាប់កាត់បន្ថយកំដៅក្នុងខ្លួន។ លោកអេឌ្រូចេហ្វ ហ្វើសុន អ្នកឧតុនិយមវិទ្យានៅភាគខាងលិចទីក្រុងមែលប៊ន បានឱ្យដឹងថា ភាពស្អុះស្អាប់ ដែលមាននៅក្នុងប្រទេសអូស្ដ្រាលីបានកើតមាននៅយប់ថ្ងៃទី១១ មករា និងចាត់ទុកថាជាយប់ដ៏ពិបាករស់នៅបំផុតតាំងពីរូបលោកបានមករស់នៅក្នុងប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០០១ និងជាអំឡុងពេលដ៏ក្ដៅបំផុតក្នុងរយៈពេលជាង១០០ឆ្នាំកន្លងមក នៅអូស្ដ្រា លី” ។
លំនៅឋានរបស់ប្រជាជនជាច្រើនពាន់ខ្នងត្រូវគ្មានចរន្ដអគ្គិសនី ព្រោះក្រោយពីមានអាកាសធាតុក្ដៅខ្លាំងធ្វើឱ្យមានកង្វះខាតចរន្ដ ហើយបញ្ហានេះក៏បានប៉ះពាល់ដល់ផ្នែកចរាចរណ៍ដោយរថភ្លើងជាច្រើនខ្សែត្រូវលុបចោល កាលពីថ្ងៃទី១១ មករា បង្កើតនូវភាពក្ដៅ ក្រហាយដល់អ្នកធ្វើដំណើរជាច្រើននាក់ ។ អាកាសធាតុដ៏ក្ដៅក្នុងទីក្រុងមែលប៊ន កើតមានឡើងខណៈរលកត្រជាក់ពីតំបន់អាក់ទិចបានវាយប្រហារទៅលើប្រទេសជាច្រើននៅអឺរ៉ុប ។ ទីក្រុងវីឡានៅភាគខាងត្បូងប្រទេសអេស្ប៉ាញដែលជាធម្មតានៅក្នុងខែមករាសីតុណ្ហភាពគឺ ប្រហែល១៥អអ្សាសេ ប៉ុន្ដែកាលពីថ្ងៃចន្ទ ទី១១ មករា បែរជាត្រូវប្រឈមមុខនឹងព្រិលធ្លាក់យ៉ាងខ្លាំងជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ។
ស្របពេលជាមួយគ្នានេះ ជើងហោះហើរ ជាង១៦០ខ្សែត្រូវបានលុបចោលនៅឯព្រលានយន្ដហោះក្រុងម៉ាឌ្រីដ បារ៉ាខាស់់ ។ ចំណែកនៅតាមប្រទេសជិតខាងដូចជាព័រទុយហ្គាល់ជាដើម ក៏ប្រឈមមុខនឹងបញ្ហាព្រិលធ្លាក់ខ្លាំងដែរដែលជាមូលហេតុធ្វើឱ្យផ្លូវធំៗជាង៥០ខ្សែត្រូវបិទហាមធ្វើចរាចរណ៍ទៅមកធ្វើឱ្យប្រជាជនជាច្រើននាក់ត្រូវជាប់គាំងយានយន្ដរបស់ខ្លួន ។
នៅឯព្រលានយន្ដហោះហ្វ្រែងហ្វើត ប្រទេសអាល្លឺម៉ង់់ ដែលជាព្រលានយន្ដហោះអ៊ូអរបំផុតមួយនៅតំបន់អឺរ៉ុប បានលុបចោលជើង ហោះហើរជាង៣២០ខ្សែ ក្នុងអំឡុងពេលចុងសប្ដាហ៍កន្លងមក និងបានលុបចោលជើងហោះហើរ១៥ខ្សែទៀតកាលពីថ្ងៃទី១១ មករា ខណៈដែលក្រុមមន្ដ្រីបានធ្វើការប្រកាសអាសន្នថាអ្នកដំណើរត្រូវប្រឈមមុខនឹងបញ្ហាបន្ថែមទៀត ដោយសារអាកាសធាតុឆ្ពោះទៅរកស្ថានភាពប្រក្រតីមានការយឺតយ៉ាវ ។
ដោយឡែកនៅប្រទេសអង់គ្លេស ផ្លូវដែលគ្របដណ្ដប់ដោយទឹកកកនិងព្រិល ក៏បានក្លាយជាឧបសគ្គចំពោះការខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការសំអាតព្រិលនៅតាមដងផ្លូវ ។ បញ្ហានេះបានធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងច្រើននៅទីក្រុង ៕