ប្រទេសចិន ៖ យោងតាមក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិនបានឱ្យដឹងថា តម្លៃស៊ុតនៅក្នុងប្រទេសនេះ បានហក់ឡើងខ្ពស់ ចាប់តាំងពីខែឧសភាមក ដោយតម្លៃលក់រាយបានកើនឡើងលើស ៥,២៣ យន់ (ប្រហែល ៣ ០០០ រៀល) ក្នុងទម្ងន់ ៥០០ក្រាម (កន្លះគីឡូក្រាម) នៅតាមផ្សារបោះដុំ ពោលកើនឡើង ៤០% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយបានបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ។ នេះបើតាមប្រភពពីសារព័ត៌មានចិន China Press និង The Standard របស់ហុងកុងចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ការកើនឡើងតម្លៃរយៈពេល៥សប្តាហ៍ជាប់ៗគ្នា បានជំរុញឱ្យផ្សារទំនើបមួយចំនួនបានដាក់កម្រិតលើការទិញ ខណៈអតិថិជនបានត្អូញត្អែរពីបញ្ហាតម្លៃផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះទៀតថែមទាំងនិយាយថា តម្លៃស៊ុតឥឡូវនេះ ថ្លៃជាងសាច់មាន់ទៅទៀត។
អ្នកវិភាគក្នុងឧស្សាហកម្មនេះបានសន្មតថា ការកើនឡើងតម្លៃខ្ពស់បែបនេះ បណ្តាលមកពីការធ្លាក់ចុះសមត្ថភាពផលិត បន្ទាប់ពីតម្លៃទាបខ្លាំងកាលពីឆ្នាំមុន ដែលធ្វើឱ្យកសិករជាច្រើនកាត់បន្ថយការចិញ្ចឹម និងលក់មេមាន់ពងចោល ដោយបង្កើតឱ្យមានការខ្វះខាតការផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ រដូវភ្លៀងដែលកំពុងបន្តធ្លាក់នៅភាគខាងត្បូងប្រទេសចិន ក៏បានបង្កើនហានិភ័យដល់ការខូចគុណភាពស៊ុតផងដែរ ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែលំបាកបន្ថែមទៀត។
ជាក់ស្តែង អតិថិជនម្នាក់នៅក្នុងទីក្រុង Shijiazhuang នៃខេត្តហឺប៉ី (Hebei) ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីចំណាយលុយដល់ទៅ ៣៤,៨ យន់ (ប្រហែល ២០ ៦០០ រៀល) សម្រាប់ស៊ុតក្នុងទម្ងន់ ៣ គីឡូក្រាម ដោយបានកត់សម្គាល់ពីការឡើងថ្លៃពីតម្លៃត្រឹម ៣,២ យន់ (ប្រហែល ១ ៩០០ រៀល) ក្នុងទម្ងន់កន្លះគីឡូក្រាម កាលពីដើមឆ្នាំនេះ។ អតិថិជនម្នាក់ទៀត នៅទីក្រុង Jinan ខេត្តសានទុង (Shandong) បានឃើញតម្លៃស៊ុតក្នុងទម្ងន់កន្លះគីឡូក្រាមបានឡើងថ្លៃពី ៤,៩៩ យន់ (ជិត ៣ ០០០ រៀល) ទៅ ៥,២៩ យន់ (ប្រហែល ៣ ១០០ រៀល) ត្រឹមតែ១យប់សោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ បណ្តាអ្នកវិភាគរំពឹងថា តម្លៃនឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ និងប្រែប្រួលមុនពេលបុណ្យប្រពៃណីចិនសែននំចាំង (Duanwu Festival) នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ ប៉ុន្តែសន្ទុះការឡើងថ្លៃនឹងចាប់ផ្តើមធ្លាក់ចុះមកវិញ៕

ចែករំលែកព័តមាននេះ