ខេត្តកំពត ៖ បុរសម្នាក់ខណៈកំពុងជិះកង់តាមផ្លូវលំ ត្រូវបាននគរបាលស្រុកកំពង់ត្រាចស្ទាក់ចាប់ខ្លួននៅវេលាថ្ងៃត្រង់ថ្ងៃទី១០ តុលា បន្ទាប់ពីបុរសនេះចាប់ក្មួយស្រីសាច់ថ្លៃរបស់ខ្លួនរំលោភកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ តុលា នៅក្នុងផ្ទះរបស់ខ្លួន ។ ជនជាប់ចោទចាប់រំលោភក្មួយស្រីសាច់ថ្លៃនេះឈ្មោះត្រោក ដន អាយុ៣០ឆ្នាំ មានប្រពន្ធមានកូននៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច រីឯក្មួយស្រីរងគ្រោះមានអាយុ៦ឆ្នាំ ។
មន្ត្រីនគរបាលនិយាយថា នៅព្រឹកថ្ងៃកើតហេតុកុមារីរងគ្រោះជាក្មួយរួមទាំងបងស្រីរបស់នាងអាយុ៩ឆ្នាំ បានដើរមកលេងផ្ទះជនជាប់ចោទជាឪពុកមាសាច់ថ្លៃរូបនេះ ឯជនជាប់ចោទដែលមានបំណងអាក្រក់បានឱ្យលុយទៅនាងបងឱ្យដើរទៅទិញនំ ដោយទុកឱ្យប្អូនស្រីអាយុ៦ឆ្នាំនៅក្នុងផ្ទះជាមួយខ្លួន ។ លុះពេលក្មេងស្រីជាបងត្រឡប់មកពីទិញនំវិញស្រាប់តែឮប្អូនស្រីស្រែក ពេលនោះនាងរុញទ្វារផ្ទះខាងមុខចូល ប៉ុន្តែទ្វារត្រូវបានខ្ទាស់គន្លឹះជាប់ រួចនាងក៏បានចូលតាមទ្វារក្រោយទើបឃើញឪពុកមាសាច់ថ្លៃកំហូចកំពុងធ្វើសកម្មភាពរំលោភប្អូនស្រី ។
ដោយឃើញនឹងភ្នែកបែបនេះនាងក៏បានស្រែករួចរត់ចេញពីផ្ទះ ទើបមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍តែម្តង ។ ពេលបានទទួលដំណឹងនោះភ្លាម កងកម្លាំងនគរបាលក៏នាំគ្នាទៅផ្ទះជនជាប់ចោទ លុះជួបជនកំហូចនេះកំពុងជិះកង់តាមផ្លូវលំដែលមានបំណងប្រុងគេចខ្លួនក៏ចាប់ឃាត់ខ្លួនតែម្តង ។ នៅរសៀលថ្ងៃដដែល លោករ័ត្ន សំអាង អធិការរងនគរបាលស្រុករួមទាំងមន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួនជនជាប់ចោទទៅកាន់ស្នងការដ្ឋានខេត្តសួរនាំបន្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យនិងព្យាបាល ៕
ចែករំលែកព័តមាននេះ