ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរឃាត់ខ្លួនកាលពីថ្ងៃទី៤ តុលា បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ២នាក់បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី៤ តុលា នៅចំណុចភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។
ពាក់ព័ន្ធនឹងករណីនេះនគរបាលស្រុកប្រាសាទសំបូរបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឃឿន ខន អាយុ៤២ឆ្នាំ បានបើករថយន្តទៅផ្ទះរបស់ឈ្មោះ ទី អាង អាយុ៤៨ឆ្នាំ ក្នុងគោលបំណងទៅទារលុយ។ លុះទៅដល់ក៏បានប្រកែកគ្នា ហើយឈ្មោះ ឃឿន ខន ក៏បានទាញពូថៅកាប់ឈ្មោះ ទី អាង មួយពូថៅចំក្បាលរងរបួសធ្ងន់ រួចហើយក៏បានបើករថយន្តចេញទៅវិញ និងបានកិនម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកជិតផ្លូវបណ្តាលឱ្យខូចខាតទាំងស្រុង ។
ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ដល់នគរបាលប៉ុស្តិ៍ឱ្យមកជួយអន្តរាគមន៍ លុះមន្ត្រីនគរបាលប៉ុស្តិ៍ឈ្មោះ ប៉ែន ម៉ៅ ចុះមកវាស់វែងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏ត្រូវជនសង្ស័យដែលកំពុងក្រពុលមុខដោយសារស្រាផងនោះបានវាយជាច្រើនដៃទៅលើមន្ត្រីប៉ូលិសបណ្តាលឱ្យសន្លប់ និងខៀវភ្នែកម្ខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកប្រាសាទសំបូរក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ ។ នគរបាលបានបានបន្តថា ជនជាប់ចោទជាមនុស្សមានផ្ទុកមេរោគអេដស៍ និងកំពុងលេបថ្នាំពន្យារ ហើយនៅពេលគេផឹកស្រាម្តងៗគឺតែងតែប្រតិកម្មកំរោលចូលបែបនេះ ។
មន្ត្រីនគរបាលបានបន្តថា ជនសង្ស័យមានប្រពន្ធកូនរស់នៅប្រទេសថៃ ប៉ុន្តែគេបានចេញចូលរកស៊ីក្នុងស្រុកកំណើត ហើយក៏ធ្លាប់ជាប់គុកពីបទប្រើអំពើហិង្សារយៈពេល៦ឆ្នាំនៅប្រទេសថៃដែរ ។ក្រោយពីសាកសួររួច នៅថ្ងៃទី៧ តុលា ជនឈ្មោះ ឃឿន ខន ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ