កូនភ្លោះប្រុសបីរបស់សម្តេចតេជោកើតនៅមន្ទីរពេទ្យកាល់ម៉ែត
ដោយ ៖ឈិត គឹមឆុន
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៣:៤០
កោះសន្តិភាព
កូនភ្លោះប្រុសបីរបស់សម្តេចតេជោដែលបានកើតនៅមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ ៖ កូនភ្លោះបីលើកទី២០៨ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ បានប្រសូតកាលពីព្រឹកថ្ងៃទី៧ កញ្ញា ២០១០ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យ ហើយបច្ចុប្បន្នកូនភ្លោះនោះកំពុងស្ថិតនៅក្នុងកែវសង្គ្រោះ ។ ស្ត្រីដែលប្រសូតបានកូនភ្លោះបីនេះឈ្មោះលន់ គឹមឆាត អាយុ២៤ឆ្នាំ ប្តីឈ្មោះញៀន ប៊ុនឡេង អាយុ២៨ឆ្នាំ ជាកម្មករលីសែងចល័ត មានទីលំនៅក្នុងភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ម្តាយកូនភ្លោះបីរូបនេះបាននិយាយទាំងទឹកមុខក្រៀមក្រំឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នរូបគាត់ និងប្តីមានមុខរបរជាកម្មករលីសែងចល័ត រកមួយថ្ងៃសំរាប់តែមួយថ្ងៃប៉ុណ្ណោះ ហើយពុំមានដីធ្វើស្រែនឹងគេនោះទេ ។ កូនភ្លោះបីដែលប្រសូតនេះជាកូនប្រុសទាំងអស់ ហើយក៏ជាកូនកើតលើកទីពីរ រីឯកូនកើតលើកទី១ ក៏ជាកូនប្រុសដែរ បច្ចុប្បន្នមានអាយុបួនឆ្នាំហើយ ។ទាក់ទិននឹងការប្រសូតបានកូនភ្លោះប្រុសបីនាក់នេះ ស្ត្រីជាម្តាយបានបញ្ជាក់ថា មុនពេលមានគភ៌កូនទីពីរនេះ គាត់បានយល់សប្តិឃើញបុរសម្នាក់រុញរទេះ ដែលមានដាក់ព្រះចំនួនបីព្រះអង្គមករកគាត់ ហើយនិយាយថា «សុំផ្ញើផង» ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែកោះសន្តិភាព ៕