រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-8355 បើកបរដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកហួសមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់តែបន្តិច ក៏បានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតបន្តិចបន្តួច ចំណែករថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរូច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៨ កញ្ញា ២០១៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបង្កហេតុហើយ នារីវ័យក្មេងម្ចាស់រថយន្តបានចេញមកយំស្រែក ដោយប្រាប់សមត្ថកិច្ចថា នាងមិនបានបើកបុកដោយខ្លួនឯងទេ គឺមានគេបើកកៀររថយន្តនាង ទើបរថយន្តនាងជ្រុលចង្កូតទៅបុករបាំងថ្មតែម្តងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕




ចែករំលែកព័តមាននេះ