ជួបជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកឯកទេសផ្នែករោគសើស្បែកនៃគ្លីនិកសើស្បែក និងសម្ឆស្ស ស្រេង រាសី បានប្រាប់កោះសន្តិភាពឱ្យដឹងថា ជំងឺផ្កាស្បូន (Syringoma) កើតឡើងដោយសារការរីកបំពង់ក្រពេញញើស ។ ពេលណាបំពង់ក្រពេញញើសរីកខ្លាំងឃើញមានដុំពកតូចៗនៅលើស្បែកនោះហើយជាផ្កាស្បូន ។
អ្នកខ្លះយល់ថា ផ្កាស្បូនកើតនៅពេលស្ត្រីរៀបការរួច ឬក្រោយពេលស្ត្រីសម្រាលកូន ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺផ្កាស្បូនមិនប្រាកដកើតមានតែចំពោះស្ត្រីដែលមានស្វាមី ឬសម្រាលកូនរួចនោះទេ ស្ត្រីមិនទាន់រៀបការក៏អាចកើតជំងឺនេះបានដែរ ប៉ុន្តែមូលហេតុពិតប្រាកដនៃជំងឺនេះនៅមិនទាន់មានអ្នកឯកទេសណាដឹងច្បាស់លាស់ទេ តែគេអាចសន្និដ្ឋានថាជំងឺនេះវាអាចទាក់ទងនឹងហ្សែ៊ន ។
ផ្កាស្បូនជាប្រភេទដុំពកតូចៗដែលដុះនៅបំពង់ក្រពេញញើស វាជាប្រភេទដុំស្លូតមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែបង្កឱ្យមានបញ្ហាផ្នែកសម្ឆស្សប៉ុណ្ណោះ ។ លោកវេជ្ជបណ្ឌិតបានបន្តថា គេអាចកត់សម្គាល់ជំងឺផ្កាស្បូនតាមរយៈការលេចចេញដុំពកតូចៗមានពណ៌ដូចស្បែក ដែលភាគច្រើនកើតនៅជុំវិញភ្នែកដែលមានស្រទាប់ស្បែកស្តើងជាងគេ ។ ជាធម្មតាផ្កាស្បូនតែងកើតនៅក្នុងស្រទាប់ស្បែកទី២ ហើយវិធីព្យាបាលមាន ៖
១-វះកាត់យកផ្កាស្បូនទាំងនេះចេញ
២-ប្រើម៉ាស៊ីនដុតបំផ្លាញផ្កាស្បូន ឬប្រើឡាហ្សែបាញ់កម្ទេចឫសផ្កាស្បូនចោល និងមិនអាចមានផលិតផលណាអាចលាបបំបាត់គ្រាប់ពកតូចៗនោះបានទេ ។ ប៉ុន្តែការព្យាបាលតាមវិធីសាស្ត្រខាងលើតែងបន្សល់ទុកនូវស្លាកស្នាម ដោយចៀសមិនផុតតែវាប្រសើរជាងដុំតូចៗ ។
គួរចាំថា ផ្កាស្បូនមិនមានឱសថណាអាចព្យាបាលបានទេ ព្រោះអ្នកជំនាញផ្នែករោគសើរស្បែកនានាក៏នៅមិនទាន់ដឹងអំពីមូលហេតុច្បាស់ លាស់នៃការកកើតនៃដុំពកតូចៗនោះដែរ លោកអ្នកគួរតែមកពិភាក្សានឹងអ្នកជំនាញ មុនសម្រេចចិត្តព្យាបាល ៕
ចែករំលែកព័តមាននេះ