ការសិក្សាថ្មីមួយបានបង្ហាញថា ផ្កាខាត់ណាខៀវមានប្រសិទ្ធភាពជួយកាត់បន្ថយមហារីកស្បែកបាន ដោយគ្រាន់តែយកវាទៅជូតលើស្បែកដោយផ្ទាល់ប៉ុណ្ណោះ ។ វេជ្ជបណ្ឌិត Sally Dickinsonជំនួយការក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Arizona និង John Hopkins University សហរដ្ឋអាមេរិកបានថ្លែងថា៖«យើងកំពុងស្រាវជ្រាវរកវិធីសាស្ត្រណាដែលល្អប្រសើរដើម្បីបង្ការជំងឺមហារីកស្បែក ពោលគឺវិធីសាស្ត្រដែលល្មមគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាសាធារណៈ បាន» ។
យោងតាមក្រុមស្រាវជ្រាវដដែលបានឱ្យដឹងថា បន្លែពណ៌បៃតងដូចជាផ្កាខាត់ណាខៀវមានផ្ទុកសមាសធាតុឈ្មោះ sulforaphane ដែលមានកម្លាំងទប់ស្កាត់មហារីកស្បែក ។ សមាសធាតុនេះមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ប្រតិកម្មគីមីបង្កឱ្យទៅជាមហារីក តួយ៉ាងដូចជា AP-1 ប្រូតេអុីននោះទេ ប៉ុន្តែវាក៏បង្កើតឱ្យមានបណ្តាសែនការពារជាលិកាសុខភាព(Chemoprotective Gens)ផងដែរ ។ សែនទាំងនេះបានជួយការពារជាលិកាសុខភាពពីការបំផ្លាញដោយសារធាតុពុលរបស់ឱសថដែលគេប្រើសម្រាប់ព្យាបាលមហារីក ។
វេជ្ជបណ្ឌិត Dicksonបានបន្តទៀតថា ៖«សមាសធាតុ Sulforaphane អាចជាជើងឯកដ៏ឆ្នើមក្នុងការទប់ស្កាត់មហារីកស្បែកដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាស្វាយ »។ ចំណែកឯលទ្ធផលថ្មីបំផុតរបស់ក្រុមស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (IFR)ចក្រភពអង់គ្លេសក៏បានបន្ថែមនូវទម្ងន់ពីប្រសិទ្ធភាពរបស់ផ្កាខាត់ណាខៀវផងដែរ ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សមាសធាតុឈ្មោះ Sulforaphaneមានសមត្ថភាពជួយបង្កើតអាវុធប្រឆាំងមហារីកសម្រាប់រាងកាយបាន ។ តាមការពិសោធន៍ Sulforaphaneត្រូវបានផលិតកាន់តែច្រើនឡើងនៅពេលគេទទួលទានផ្កាខាត់ណាខៀវកាន់តែច្រើនដែលមានសមាសធាតុ Glucoraphanin ។
វេជ្ជបណ្ឌិត Maria Trakaបានថ្លែងថា៖«សមាសធាតុឈ្មោះ Sulforaphane ពិតជាសំខាន់ខ្លាំងណាស់ ។ ផ្អែកលើភស្តុតាងនៅក្នុងការពិសោធបានបង្ហាញថា វាអាចជួយរក្សានូវតុល្យភាពនៃសមាសធាតុប្រឆាំងអុកស៊ីដកម្មរបស់រាងកាយទប់ទល់នឹងឥទ្ធិពលនៃរបបអាហារ បរិស្ថាននិងសមាធាតុដែលនាំឱ្យកើតមហារីកផ្សេងទៀត ។ ដើម្បីទទួលបានផលប្រយោជន៍ដូចការរ៉ាយរ៉ាប់ខាងដើម លោកអ្នកគួរទទួលទាន៣ឬ៤ចំណែកនៃផ្កាស្ពៃក្នុងមួយសប្តាហ៍ ។ មនុស្សមួយចំនួនអាចនឹងជួបការលំបាក ប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍យ៉ាងធំរបស់វា គ្រួសារនីមួយៗគួរតែទទួលទានឱ្យបាន៣-៤ដងក្នុងមួយសប្តាហ៍» ៕


ចែករំលែកព័តមាននេះ