រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដែលសម័យប្រឡងគ្រោងធ្វើនៅថ្ងៃទី១៦-១៧ កញ្ញា នៅក្របខ័ណ្ឌទូទាំងប្រទេសទៅធ្វើនៅថ្ងៃទី២៦-២៧ កញ្ញាវិញ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ កញ្ញា ។
ទោះបីជាក្រសួងមិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលប្រឡងយ៉ាងណាក្តី ប៉ុន្តែជាទូទៅសាធារណមតិពិតជាបានដឹងថា ការលើកពេលសម័យប្រឡងនេះគឺបណ្តាលមកពីមហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៥ កញ្ញា ហើយនឹងបន្ត២ថ្ងៃទៀត ទោះបីត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យធ្វើតែពេលថ្ងៃក្តី ដោយសំអាងថា ការធ្វើបាតុកម្មនោះនឹងប៉ះពាល់ដល់សម័យប្រឡង ។
មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិត្រូវធ្វើនៅថ្ងៃទី១៦-១៧ កញ្ញានេះ ប៉ុន្តែនៅមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញបេក្ខជនប្រមាណ៣០ភាគរយប៉ុណ្ណោះដែលបានមកមើលឈ្មោះនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ។
មន្ត្រីរូបនោះអះអាងថា ប្រហែលជាពួកគេមានការភ័យខ្លាចមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ព្រោះតាមមណ្ឌលមួយចំនួនស្ងប់ស្ងាត់ ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះបញ្ជាក់ថា វិញ្ញាសាប្រឡងត្រូវបានបញ្ជូនទៅដល់មណ្ឌលនីមួយៗរួចហើយ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ កញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីជូនដំណឹងមួយជូនមាតាបិតា ឬអាណាព្យាបាលបេក្ខជនឱ្យបានដឹងថា ក្រសួងបានសម្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជាទៅធ្វើនៅថ្ងៃទី២៦-២៧ កញ្ញាវិញ ។
សេចក្តីជូនដំណឹងនេះធ្វើឡើងនៅចំថ្ងៃដែលបេក្ខជនត្រូវទៅពិនិត្យមើលឈ្មោះនៅតាមមណ្ឌលប្រឡង និងត្រូវថ្ងៃដែលគណបក្សសង្គ្រោះជាតិ
ធ្វើមហាបាតុកម្មផងដែរ ៕
ចែករំលែកព័តមាននេះ