ខេត្ដកំពង់ឆ្នាំង ៖ ក្នុងកាយវិការដើរក្រឡឹងជុំវិញបង្គោលមួយដែលមានកំពស់ប្រមាណជិត១ម៉ែត្រហើយដៃស្ដាំកាន់បន្ទះឈើតូចមួយវាយទៅលើដីឥដ្ឋដែលមាន លក្ខណៈជាចង្ក្រាន និងទប់ដោយដៃឆ្វេងម្ខាងទៀតនោះ យុវនារីដែលមានទឹកមុខស្រស់ស្រាយ និងញើសពេញថ្ងាសបាននិយាយមកកាន់ភ្នាក់ងារកោះសន្ដិភាពថា “អង្គុយលេងពូ! អាណែតយកទឹកឱ្យពូពិសាផង” ។
នាងស៊ឹម សាវី គឺជាយុវនារីដែលហៅភ្ញៀវឱ្យអង្គុយលេង ។ នាងមានអាយុ២៨ឆ្នាំមានមុខរបរធ្វើចង្ក្រានដីលក់តាមក្បួនខ្នាតរបស់អង្គការដែលបានព្រមរេពៀងជាមួយឪពុករបស់នាង ។ នៅព្រឹកនោះនាងមិនបានសំរាកមកសន្ទនា ឬឆ្លើយនឹងសំណួររបស់ភ្នាក់ងារយើងទេ ប៉ុន្ដែនាងបានឆ្លើយនឹងសំណួរជាច្រើនពាក់ព័ន្ធទៅនឹងការផលិតចង្ក្រានដីនេះ ខណៈដែលកាយវិការរបស់នាងជារាងមមាញឹកផ្ចិតផ្ចង់ធ្វើចង្ក្រានឱ្យបានស្អាត ។ ដោយមានសំលៀកបំពាក់ប្រឡាក់ស្រមកដោយសារដីឥដ្ឋបានលុបបំបាត់ពណ៌ផ្កានៃសាច់អាវ និងខោ ប៉ុន្ដែយើងអាចមើលដឹងតាមរយៈជើងខោត្រឹមជង្គង់ចុះក្រោមដែលពុំសូវប្រឡាក់ដី និងត្រឹម.ក អាវឡើងលើថា អាវ និងខោដែលនាងស្លៀកពាក់នោះ គឺមានពណ៌ខៀវ និងផ្កាចំរុះពណ៌ ។ នាងបាននិយាយប្រាប់ថា ចាប់តាំងពីនាង និងក្រុមគ្រួសារប្រកបរបរធ្វើចង្ក្រានដីទៅ
តាមការណែនាំរបស់អង្គការមួយឈ្មោះ “ជើរេះ” (Geres) ដែលមានលក្ខណៈសន្សំសំចៃអុស និងធ្យូងមក គ្រួសារនាងមានជីវភាពធូរធាមួយកំរិត ។ បើតាមការគណនាក្នុងមួយខែគ្រួសារនាងបានផលិតចង្ក្រានតាមក្បួនខ្នាតរបស់អង្គការនេះបានប្រមាណជាង២.០០០ចង្ក្រាន ក្នុងនោះឈ្មោះថា “ចង្ក្រានប្រណីតឡូវថ្មី” ដែលមាន៤ប្រភេទ គឺចាប់ពីលេខ១ដល់លេខ៤ និងមានចង្ក្រានមួយប្រភេទទៀតឈ្មោះ “ចង្ក្រានកង្រី” ។ ចង្ក្រានទាំងពីរប្រភេទនេះមានលក្ខណៈសន្សំសំចៃ
អុស និងធ្យូងដូចគ្នា។
នាងសាវីនិយាយបន្ដថា ចង្ក្រានដែល ផលិតបានទាំងពីរប្រភេទមានជាង២ពាន់ចង្ក្រានក្នុងមួយខែនោះ គឺត្រូវម៉ូយដុំមកយកអស់ៗ ហើយមានពេលខ្លះធ្វើឱ្យគេពុំទាន់
ផង ។ ក្រៅពីគ្រួសារនាងដែលមានសមាជិក៤នាក់ធ្វើចង្ក្រាននេះគឺបានជួលកម្មករ ៦-៧ នាក់បន្ថែមទៀត ក្នុងនោះមានជួលអ្នកជាន់ដីអ្នកចាក់ពុម្ព អ្នកចៀររាងចង្ក្រាន អ្នកកាត់ ដែកពុម្ព និងអ្នកញាត់ផេះច្រកដែកជាដើម ។ ដើម្បីធ្វើឱ្យក្លាយជាចង្ក្រានមានលក្ខណៈ តាមស្ដង់ដារបស់អង្គការ គឺដំបូងយើងទិញដីឥដ្ឋ (ដីភ្នំក្រាំងដីមាស) យកមកដាក់ត្រាំទឹក ឱ្យជ្រាយ ។ បន្ទាប់មកគេយកដីទាំងនោះទៅជាន់ឱ្យម៉ដ្ឋល្អ ប៉ុន្ដែសម័យនេះគេរុញចូលម៉ាស៊ីនកិនម៉ដ្ឋ រួចហើយយកមកគរទុកជាគំនរ ទើបអ្នកចាក់ពុម្ពចង្ក្រានយកដីនោះ ដាក់ក្នុងពុម្ពចាក់ចេញជារៀងចង្ក្រាន រួចគេទុកឱ្យស្ងួតបន្ដិច ទើបយកមកចៀរមុខដាក់ខ្នោះ និងចិតវាយឱ្យរលោងល្អ ហើយយក ទៅហាលឱ្យស្ងួត ។ ក្រោយមកទៀតគេយកចង្ក្រានដែលនៅឆៅទាំងនោះទៅដុតឱ្យឆ្អិនក្រហមល្អ ទើបគេយកវាទៅច្រកចូលដែកស័ង្កសីដែលមានរាងជាចង្ក្រានឡូវហើយ គេញាត់ផេះអង្កាមកៀនៗឱ្យណែន និងបិទស៊ីម៉ង់ត៍ភ្ជិត រួចដាក់សន្ទះខ្យល់ ឬទម្រធ្យូងចូល និងលាបពណ៌ (ដីលែង) ក្រហមជាការស្រេច ។ នេះចង្ក្រានប្រណីតឡូវថ្មី ប៉ុន្ដែបើចង្ក្រានកង្រីវិញ កាលណាដុតឆ្អិន ហើយគឺជាការស្រេច ។
លោកស៊ឹម សុវណ្ណ ដែលត្រូវជាឪពុកនាង ស៊ឹម សាវី បាននិយាយឱ្យដឹងថា សំរាប់ភូមិក្ដីត្នោត និងភូមិចំការតាម៉ៅក្នុងឃុំស្រែថ្មី ដែលគ្រួសារគាត់រស់នៅមានក្រុមគ្រួសារផលិតចង្ក្រានតាមក្បួនខ្នាតនេះចំនួន៨កន្លែង ប៉ុន្ដែគ្រួសារខ្លះធ្វើតិចខ្លះធ្វើច្រើន ។ គាត់បាននិយាយថា បើតាមអង្គការ “អរេសេ” បាន និយាយថា ក្នុងមួយខែ ចង្ក្រានប្រភេទនេះ ក្នុងប្រទេសកម្ពុជាលក់ដាច់ជាង២៧.០០០ ចង្ក្រានឯណោះ ដែលចង្ក្រានប្រភេទនេះមាន ធ្វើនៅខេត្ដផ្សេងទៀតក្រៅពីខេត្ដកំពង់ឆ្នាំង ដូចជាខេត្ដតាកែវ ក្រុងព្រះសីហនុ បាត់ដំបង ជាដើម។ លោកបាននិយាយយ៉ាងមោទនភាព ថា កាលពីដើមឡើយគ្រួសារគាត់គឺគ្រាន់តែ ជាអ្នកផលិតធ្វើអំបែងនំគ្រក់ ផើងផ្កា ក្អម ឬ ឆ្នាំងដីតែប៉ុណ្ណោះ ហើយជីវភាពគ្រួសារមាន ភាពត្រដាបត្រដួស ប៉ុន្ដែក្រោយពីធ្វើតាមការ ណែនាំរបស់អង្គការ(Geres)ធ្វើជីវភាពគ្រួសារគាត់មានភាពធូរធារមួយកំរិតធំ ៕



ចែករំលែកព័តមាននេះ