រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនដែលមានខ្លឹមសារថា គណបក្សសង្គ្រោះជាតិ (គ.ស.ជ) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ សីហា បញ្ជាក់ពីគោលជំហររបស់ខ្លួនស្តីពីការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើន ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះ គឺថា គ.ស.ជ «ប្រឆាំងនឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើង» ។ ផ្សារភ្ជាប់នឹងពេលបោះឆ្នោតថ្មីៗនេះ គឺមានករណីរើសអើងជាច្រើន ព្រមទាំងមានការបំភិតបំភ័យប្រឆាំងមកលើជនជាតិវៀតណាមសញ្ជាតិកម្ពុជា ដែលមានបំណងចង់បោះឆ្នោត សេចក្តីថ្លែងការណ៍នេះ ពិតជាមានសារសំខាន់ណាស់ ហើយសង្ឃឹមថា នេះជាសញ្ញានៃការបញ្ចប់ការពោលពាក្យសម្តីលាបពណ៌ប្រឆាំងនឹងជនជាតិវៀតណាមពីសំណាក់គណបក្សសង្គ្រោះជាតិ ។
ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានប្រវត្តិជម្លោះ និងការប្រជែងគ្នាដ៏យូរលង់ណាស់មកហើយ ដែលនាំឱ្យមានការពុំជឿទុកចិត្តទៅលើើជនជាតិវៀតណាម ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាច្រើន ។ គ.ស.ជ ត្រូវបានគេចោទប្រកាន់ថាបានឆ្លៀតយកចំណេញផ្នែកនយោបាយពីការរើសអើងជាតិសាសន៍នេះ ។ ទោះបីជាមានការរីកចម្រើនជាច្រើននៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស ក្នុងរយៈពេលនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំនេះ តាមការបញ្ជាក់បន្ថែមលើគោលនយោបាយជាក់លាក់ និងការផ្លាស់ប្តូរទូទៅ ជាជាងប្រើពាក្យស្លោកប្រឆាំងនឹងជនជាតិវៀតណាម ក៏នៅមានករណីយាយីជាច្រើនប្រឆាំងនឹងជនជាតិវៀតណាមនៅតាមការិយាល័យបោះឆ្នោតត្រូវបានគេរាយការណ៍ ហើយអ្នកគាំទ្រ គ.ស.ជ បានពោលសំដៅទៅរកអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាចថា ជា «យួន» ដែលនាពេលថ្មីៗនេះបានក្លាយជាពាក្យសម្តីប្រមាថ ក្នុងន័យភាសាខ្មែរមកលើជនជាតិវៀតណាម ។
ក្នុងរយៈពេលក្រោយការបោះឆ្នោតដ៏តានតឹង នៅពេលដែលលទ្ធផលបោះឆ្នោតស្ថិតក្នុងការប្រទាញប្រទង់គ្នា ហើយគ.ស.ជ កំពុងតែត្រៀមធ្វើមហាបាតុកម្មនៅទូទាំាំងប្រទេសផងនោះ ពេលនេះ ពិតជាមានសារសំខាន់ដើម្បីបញ្ជាក់ពីសន្តិភាព និងធានាថា ជនជាតិវៀតណាម មិនក្លាយជាអ្នកដែលត្រូវគេធ្វើទុក្ខបុកម្នេញ ដូចអ្វីដែលបានកើតឡើងនៅពេលអតីតនោះទេ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា «ការពោលពាក្យសម្តីលាបពណ៌ប្រឆាំងនឹងជនជាតិវៀតណាម ជាបញ្ហាសិទ្ធិមនុស្សដ៏សំខាន់ជុំវិញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ហើយជារឿងមួយដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ។ ស្របពេលបាតុកម្មនឹងកើតមានឡើង និងដែលអាចឈានដល់ចលនាក្នុងសង្គម ពិតជាមានសារសំខាន់ដែលអ្នកដឹកនាំនយោបាយត្រូវចេញមុខប្រឆាំងជាខ្លាំងនូវអំពើហិង្សាណាមួយ ឬការរើសអើងប្រឆាំងនឹងក្រុមជនដែលងាយរងគ្រោះ ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្វាគមន៍គោលជំហរប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលបានលើកឡើងដោយ គណបក្សសង្គ្រោះជាតិ ហើយសង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងគោរពតាមការប្តេជ្ញានេះនៅពេលថ្លែងសារទៅកាន់អ្នកគាំទ្រនៅពីរទៅបីសប្តាហ៍បន្ទាប់ ហើយនឹងបង្កើតនូវគោលនយោបាយថ្មីសម្រាប់រយៈពេលយូរ» ៕
ចែករំលែកព័តមាននេះ