គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៣០ សីហា ២០១៣ បានចាប់ផ្តើមបើកកញ្ចប់សុវត្ថិភាព”ក” ចំនួន១២ការិយាល័យ នៅមណ្ឌលបោះឆ្នោតក្នុងខេត្តសៀមរាប ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ដែរថា ចូលរួមអង្កេតក្នុងការបើកកញ្ចប់សុវត្ថិភាព”ក” នាពេលនេះដែរមានព្រះអង្គម្ចាស់នរោត្តមចក្រពង់្ស សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងគណបក្សនយោបាយ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកកាសែតជាច្រើននាក់ទៀត ។
បើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចុះហត្ថលេខាដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា កាលពីថ្ងៃទី២៨ សីហា ២០១៣នេះ បានបញ្ជាក់ថា ចំនួនការិយាល័យទាំង១២ ដែលត្រូវបើកកញ្ចប់សុវត្ថិភាព”ក”នោះរួមមាន៖ នៅក្រុងសៀមរាប សង្កាត់ក្របីរៀល ការិយាល័យលេខ ០២៨៣ ,០២៨៥ សង្កាត់ស្វាយដង្គុំ ការិយាល័យលេខ ០៤២៥, ០៤៤២ និងសង្កាត់ស្លក្រាម ការិយាល័យលេខ ០៨១៧ និងស្រុកពួក ឃុំរើល ការិយាល័យលេខ ០៣២៣ , ០៣២៤, ០៣២៦ ឃុំល្វា ការិយាល័យលេខ ០២៩៤, ០៦៧៣, ០៧១៨ និងឃុំត្រីញ័រ ការិយាល័យ ០៣៤៦ ៕
ចែករំលែកព័តមាននេះ