រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកសំរាម និងរ៉ឺម៉កម៉ូតូបុកគ្នានៅចំណុចភូមិត្នោតជ្រំទី៤ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា បណ្តាលឱ្យរថយន្តនិងរ៉ឺម៉កម៉ូតូកៀបជាប់គ្នានឹងរនាំងដែកស្ថានីយបូមទឹក ។ តែសំណាងល្អហេតុការណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសធ្ងន់ឡើយ។
តាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះជាអ្នកបើកបររ៉ឺម៉កម៉ូតូឈ្មោះ ភោក សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាលចំកជើងខាងឆ្វេង ។ ចំណែកអ្នកបើករថយន្តដឹកសំរាមឈ្មោះ ប៉ាវ សុខ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុរ៉ឺម៉កម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិចស្របគ្នាតាមបណ្តោយផ្លូវលេខ៣៧១ ។ លុះមកដល់ចំណុចកើតហេតុរថយន្តដឹកសំរាមបានជាន់ហ្វ្រាំង ប៉ុន្តែហ្វ្រាំងមិនស៊ីក៏ជ្រុលល្បឿនទៅបុករ៉ឺម៉កម៉ូតូរុញទៅកៀបជាប់នឹងរនាំងដែករបស់ស្ថានីយបូមទឹក រាជ ធានីភ្នំពេញ បណ្តាលឱ្យរ៉ឺម៉កម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់រ៉ឺម៉ករងរបួសស្រាល ។បន្ទាប់ពីកើតហេតុ ដោយមានការអន្តរាគមន៍ពីមន្ត្រីមូលដ្ឋាននិងនគរបាលចរាចរ ភាគីខាងរថយន្តដឹកសំរាមបានចេញសងថ្លៃខូចខាតឱ្យភាគីរ៉ឺម៉កម៉ូតូ ៕
ចែករំលែកព័តមាននេះ