ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ប្រកាស​សាល​ក្រម នៅ​ថ្ងៃ​19​កក្កដា​ខាង​មុខ​នេះ​ រឿង​ក្តី​បុក​រថ​យន្ត​ខេមរៈ ​សិរី​មន្ត

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រឿង​ក្តី​សំណង​រដ្ឋ​ប្បវេណី​ដល់​ភាគី​ជន​រង​គ្រោះ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ និង​របួស​ បាន​កើត​ឡើង​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ រវាង​រថយន្ត​របស់​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរី​មន្ត​ ជាមួយ​នឹង​ក្រុម​ហ៊ុន​ SK ដោយ​អូស​បន្លាយ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​នោះ​ នឹង​ត្រូវ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៩ កក្កដា​ ខាង​មុខ​នេះ​ ។

រាជធានីភ្នំពេញ​ ៖ រឿង​ក្តី​សំណង​រដ្ឋ​ប្បវេណី​ដល់​ភាគី​ជន​រង​គ្រោះ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ បាន​កើត​ឡើង​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ រវាង​រថយន្ត​របស់​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរី​មន្ត​ ជាមួយ​នឹង​ក្រុម​ហ៊ុន​ SK ដោយ​អូស​បន្លាយ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​នោះ​ នឹង​ត្រូវ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៩ កក្កដា​ ខាង​មុខ​នេះ​ ។

​ តារា​កំប្លែង​ចាស់​វស្សា​​ លោក​ ជួង​ ជី​ ហៅ​កុយ​ ដែល​ជា​ភាគី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់​ដែល​បាន​ចូល​ស្តាប់​ដំណើរ​ការ​ក្តី​រឿង​មួយ​នេះ​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​ បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា​ម្សិល​មិញ​ថា​ ក្រោយ​ពី​ការ​អូស​បន្លាយ​ពេល​ជា​ច្រើន​ខែ​មក​ចំពោះ​ការ​ប្តឹង​ទាម​ទារ​សំណង​ពី​ភាគី​ជន​រង​គ្រោះ​ទាំង​អស់​ដល់​ក្រុម​ហ៊ុន​ SK នោះ​មក​ តុលា​ការ​ក្រុង​ព្រះ​សីហនុ​ នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៩​ កក្កដា​ ខាង​មុខ​នេះ​ ។​

លោក​បញ្ជាក់​ថា​ កន្លង​មក​ មេធាវី​ខាង​ក្រុម​ហ៊ុន​ SK មិន​បាន​ទទួល​ស្គាល់​អំពី​ការ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​នេះ​ ដោយ​សារ​រថយន្ត​របស់​ខ្លួន​ឡើយ​ គឺ​គេ​បាន​ចោទ​ប្រកាន់​មក​លើ​រថយន្ត​របស់​លោក​ ខេមរៈ​ សិរី​មន្ត​ ជា​អ្នក​ខុស​ ដោយ​សារ​តែ​រថយន្ត​នោះ​បាន​ប្រើ​ប្រាស់​នូវ​ភ្លើង​ឡា​ស៊ែរ​ ។​ ប៉ុន្តែ​នៅ​ពេល​មាន​ការ​តតាំង​ពី​មេធាវី​របស់​ភាគី​ជន​រង​គ្រោះ​ បូក​រួម​ការ​មិន​អាច​រក​ឃើញ​ភស្តុ​តាង​ចោទ​ប្រកាន់​ថា​ រថយន្ត​របស់​លោក​ ខេមរៈ​ សិរី​មន្ត​ បាន​បំពាក់​ភ្លើង​ឡាស៊ែរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ ទើប​ខាង​មេធាវី​ខាង​ក្រុម​ហ៊ុន​ SK ព្រម​ទទួល​យក​ ។

​ បើ​ទោះ​បី​ជា​ការ​ប្រកាស​សាល​ក្រម​នៅ​មិន​ទាន់​បាន​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ក្តី​ ក៏​តារា​កំប្លែង​ចាស់​វស្សា​រូប​នេះ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ ភាគី​ជន​រង​គ្រោះ​ទាំង​អស់​នឹង​ទទួល​បាន​យុត្តិ​ធម៌​ និង​ទទួល​បាន​សំណង​តាម​ចំនួន​ដែល​ខ្លួន​បាន​ទាម​ទារ​ ។ តារា​កំប្លែង​រូប​នេះ​អះ​អាង​ថា​ យើង​មាន​សង្ឃឹម​ច្រើន​ក្នុង​រឿង​ក្តី​មួយ​នេះ​ ដោយ​ហេតុ​ថា​ ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​យើង​មិន​មែន​ជា​អ្នក​ខុស​ឡើយ​ ព្រោះ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ រថយន្ត​របស់​ក្រុម​ហ៊ុន​ SK បាន​មក​បុក​រថយន្ត​ភាគី​រង​គ្រោះ​នៅ​ផ្នែក​ខាង​ស្តាំ​ ហើយ​មេធាវី​ខាង​យើង​ក៏​បាន​បង្ហាញ​នូវ​ចំណុច​ជាក់​លាក់​ជា​ច្រើន​ទៀត​ពី​ការ​បង្ក​កំហុស​របស់​ភាគី​អ្នក​បើក​បរ​ឱ្យ​រថយន្ត​ក្រុម​ហ៊ុន​ SK ។

នាយ​កុយ​ បាន​បញ្ជាក់​បន្ថែម​ថា​ បើ​ទោះ​បី​ជា​ខាង​ភាគី​ក្រុម​ហ៊ុន​ SK ព្រម​ទទួល​សង​ក៏​ដោយ​ ប៉ុន្តែ​រូប​លោក​ និង​ភាគី​ជន​រង​គ្រោះ​ទាំង​អស់​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ខាង​ភាគី​បង្ក​គេ​អាច​សង​ត្រឹម​ចំណុច​ណា​ ។​ នៅ​ពេល​សួរថា​ ប្រសិន​បើការ​សង​របស់​ក្រុម​ហ៊ុន SK មិន​បាន​គ្រប់​ចំនួន​ដែល​ចង់​បាន​ពី​ភាគី​ជន​រងគ្រោះ​ទាំងអស់​នោះ​ តារា​កំប្លែង​រូប​នេះ​បាន​បញ្ជាក់​ថា​ វា​មិន​ជា​បញ្ហា​ឡើយ ។ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ សំណង​នោះ​ត្រូវ​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ការ​ខាត​បង់​ និង​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​បុណ្យ​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ ។​

លោក​បាន​បន្ថែម​ថា​ ការ​ស្លាប់​អាយុ​ជីវិត​មនុស្ស​មិន​អាច​កាត់​ថ្លៃ​ និង​ត​ថ្លៃ​គ្នា​ដូចជាទំនិញ​នៅតាម​ទីផ្សារ​ឡើយ​ ហើយ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​ក៏​មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន​ដែរ​ ប៉ុន្តែ​យើង​ជា​សាច់​ញាតិ​នៅ​រស់​ត្រូវ​តែ​រក​យុត្តិ​ធម៌​ដល់​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់ ។​ ដោយ​ឡែក​សម្រាប់​តារាចម្រៀង​ ខេមៈ សិរីមន្ត​ វិញធ្លាប់​បាន​អះ​អាង​ប្រាប់​សារ​ព័ត៌​មាន​ក្នុងស្រុក​ថា​ លោក​ពិត​ជា​មានការ​សប្បាយ​រីក​រាយ​ ក្នុង​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​ថា​ តុលាការ​ខេត្តព្រះ​សីហនុ​នឹង​ដោះ​ស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​ចប់​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​ ហើយ​លោក​សង្ឃឹម​ថា​ ករណី​ខាង​លើ​នេះ​នឹង​មាន​ដំណោះ​ស្រាយ​មួយ​ល្អ​រវាង​ភាគី​ទាំង​សង​ខាង ។​

ចំណែក​មេធាវី​ខាងក្រុម​ហ៊ុន​ SK វិញ​បាន​អះ​អាងប្រាប់​កោះ​សន្តិ​ភាព​តាមទូរ​ស័ព្ទ​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​បញ្ហា​មួយ​នេះ ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​ប្រគល់​ឱ្យ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ដែល​ក្រុម​ហ៊ុន​បាន​ទិញ​ជាអ្នក​ដោះ​ស្រាយ ។​ លោក​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​របស់​លោក​បាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​ពី​ក្រុម​ Caminko ដែល​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ និងបាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា​  ក្រុម​ហ៊ុន​ធា​នា​រា៉ប​់​រង​មួយ​នេះ​នឹង​ចេញ​សង​រាល់​ឧប្ប​ត្តិ​​ហេតុ​ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ ។

ដោយ​ឡែក​ រូប​លោក​ក៏​បាន​ប្រាប់​ដល់​តុលា​ការ​រួច​ហើយ​ដែរ​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​បែប​រដ្ឋ​ប្ប​វេណី​ជា​សំណង​ខាង​លើ​នេះ​ គឺ​ខាង​ក្រុម​ហ៊ុន​របស់​លោក​បាន​ប្រគល់​ឱ្យ​ក្រុម​ហ៊ុន​ធា​នា​រា៉ប់​រង​ជា​អ្នក​ដោះ​ស្រាយ​ ។ គួរ​រំលឹក​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​៧​ មីនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ក្នុង​នោះ​រួម​មាន​កូន​ប្រុស​របស់​តា​រា​កំប្លែង​ នាយ​ កុយ​ កូន​របស់​លោក​យាយ​ ណយ​ សំណាង​ អ្នក​រាំ​ម្នាក់​ទៀត​ឈ្មោះ​ សោម​ សុវណ្ណា​រិទ្ធិ​ រួម​ទាំង​អ្នក​បើក​បរ​ផង​ដែរ​  ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ។

ឯ​លោក​ ខេមរៈ​ សិរី​មន្ត​ គ្រាន់​តែ​រង​របួស​ស្រាល​ ខណៈ​អ្នក​ផ្សេង​ទៀត​រង​របួស​ធ្ងន់​។ បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​ ខាង​ភាគី​ជន​រង​គ្រោះ​ទាំង​អស់​បាន​ទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​ SK ដោយ​ក្រុម​គ្រួសារ​ដែល​មាន​សាច់​ញាតិ​ស្លាប់​បាន​ទាម​ទារ​ក្នុង​ម្នាក់​ៗ​ចំនួន​២៥.០០០​ដុល្លារ​ ខណៈ​ពេល​ដែល​តា​រា​ចម្រៀង​លោក​ ខេមរៈ​ សិរី​មន្ត​ បាន​ទាម​ទារ​ថ្លៃ​ខូច​ខាត​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​ ៕