ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​វាយ​អ្នក​​កា​សែត ដេ​វីត ឆា​ណាយ​​វា ជាប់​​គុក​​3​ឆ្នាំ គូ​កន​2​​នាក់​​ជាប់​​គុក​​ម្នាក់​​2​​ឆ្នាំ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ​សាលាដំបូង​រាជ​ធានី​​​បាន​ប្រកាស​សាលក្រម​​​ជា​សាធារណៈ ​កាល​ពី​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៧ ​មិថុនា ​លើសំណុំ​រឿង​ក្រុម​ដេវីដ​ ឆាណាយ​វា ពី​បទ​បាន​ប្រើ​អំពើ​ហិ.ង្សា​ដោយ​ចេតនា​ទៅ​លើអ្នក​កាសែត​ជិត​១០​នាក់ ​ក្នុង​​ហេត​ុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​ពេល​រាត្រី​​ ។ ​សាល​ក្រម​​​បានប្រកាស​ផ្ត​ន្ទា​ទោស​ឈ្មោះ​ដេវីដ​ ឆាណាយ​វា ដាក់​ពន្ធនាគារ​រយៈ​ពេល​​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៦​លាន​រៀល ។

រាជធានីភ្នំពេញ ​៖ ​សាលាដំបូង​រាជ​ធានី​​​បាន​ប្រកាស​សាលក្រម​​​ជា​សាធារណៈ ​កាល​ពី​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៧ ​មិថុនា ​លើសំណុំ​រឿង​ក្រុម​ដេវីដ​ ឆាណាយ​វា ពី​បទ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើអ្នក​កាសែត​ជិត​១០​នាក់ ​ក្នុង​​ហេត​ុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​ពេល​រាត្រី​​ ។ ​សាល​ក្រម​​​បានប្រកាស​ផ្ត​ន្ទា​ទោស​ឈ្មោះ​ដេវីដ​ ឆាណាយ​វា ដាក់​ពន្ធនាគារ​រយៈ​ពេល​​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៦​លាន​រៀល ។

ជាមួយ​នេះ​ គូ​កន​២​នាក់​​ផ្សេង​ទៀត​គឺ​ឈ្មោះ​ប្រាក់ ​អ៊ូ​ហ្វី ​​​​ក្មួយ​ប្រុស​​​របស់​​ដេវីដ ​ឆា​ណាយ​​វា ​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​​២​ឆ្នាំ ​និង​ពិន័យ​​ជាប្រាក់​ចំនួន​៤លាន​រៀល ​និង​​ឈ្មោះ​យាន ​ស៊ីណា ​​ អតីត​អនុ​​រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​​២ឆ្នាំ ​គិត​ពី​ថ្ងៃ​ចាប​់​ខ្លួន ​និងពិន័យ​ជាប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៤​លាន​រៀល ។

ជនរូប​នេះ​បាន​គេច​​ខ្លួន​នៅ​ក្រោយ​ពេល​កើត​ហេតុ​ ។ ​ក្រោយ​ពី​សាល​ក្រម​បាន​ប្រកាស​ ជន​ជាប់​​ចោទ​ឈ្មោះដេវីដ ​ឆាណាយ​វា ​​និងឈ្មោះ ប្រាក់​ អ៊ូ​ហ្វី ​តម្រូវ​ឱ្យ​​ផ្តិ​ត​មេដៃ​ទទួល​ស្គាល់​លើ​សាល​ក្រម​នោះ​ បន្ទាប់​មក​​ទាំង​​​ឪពុក​មា ​និងក្មួយ​​ប្រុស​ត្រូវ​​បាន​អនុរក្ស​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​​ស​វិញ ។ មុន​ពេល​​ឡើង​រថយន្ត​ប៉ូលិស​ឆ្ពោះ​ទៅ​​កន្លែង​ឃុំ​ខ្លួន​ ជន​ជាប់​ចោទ​ដេវីដ ​ឆាណាយ​វា ​បានប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ​លោក​នឹង​ប្តឹង​​​ទាស់​​​លើ​សាល​ក្រម​នេះ​ទៅសាលា​​ឧទ្ធរណ៍ ។ ​លោក​ដេវីដ ឆាណាយ​វា ​បាន​បន្តថា ​បាន​ជា​លោក​​​ប្តឹង​​ទាស​់​ទៅ​សាលា​ឧទ្ធ​រណ៍​​ ពី​ព្រោះ​ការ​កាត់​​ក្តី​របស់​​សាលា​ដំបូង​រាជធានីភ្នំពេញ ​មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌​សម្រាប់​រូប​​​​​​លោកនិង​ក្មួយ​ប្រុស​នោះទេ ​។ ​

តាម​បទ​​ប្បញ្ញតិ​​្ត​​នៃ​ក្រម​​ព្រហ្ម​​ទណ្ឌ​ក្នុង​មាត្រា​២១៧​បានចែងថា ​អំពើហិង្សា​​ប្រ​ព្រឹត្ត​ដោយ​​ចេតនា​លើ​អ្នកដទៃ ​ត្រូវ​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២លាន​​រៀល​​ទៅ​​៦​លាន​រៀល ​។ ​សាលក្រម​នេះ​ពិត​ណាស់​​​មិន​បាន​បន្ធូរ​បន្ថយ​ទោសលើ​រូបគេ​​ទាំង​៣​នាក​់ឡើយ​ បើ​ទោះ​បីសំណងរដ្ឋ​ប្ប​វេណី​ត្រូវ​បាន​ដោះ​ស្រាយ​សង​ភាគី​ដែល​អះ​អាង​ថា​ជាជន​រង​​គ្រោះ​ក៏​ដោយ ។ ​លោកស្រី​ចាំង ​ស៊ី​ណាត ​ចៅ​ក្រម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​ ​កាល​​ពី​ថ្ងៃទី​២៤ មិថុនា ​បាន​លើក​​យក​​សំណុំ​រឿង​​​​ព្រហ្ម​ទណ្ឌ​​ទាក់​ទិន​នឹងការ​​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​ដែល​ជា​អំពើ​ហិង្សា​ដោ​យ​ចេតនា​​​ ហើយ​​ស្ថាន​ទម្ងន់​ទោស​នេះ ​​​មានជន​ជាប់​​ចោទ​ឈ្មោះ​ដេវី​​ដ​​ ឆាណាយ​វា ​​ភេទ​​ប្រុស ​និង​ឈ្មោះ​ប្រាក់​ អូ៊ហ្វី ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​ជា​ក្មួយ​​ត្រូវ​បាន​នាំ​​មក​កាន់​​​សវនាការ​​ដើម្បី​​សួរ​ដេញ​ដោល​​នៅ​​ចំពោះ​មុខ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​​រង​លោក​ជេត ​ខេមរា ​។

ចំណែក​​ឈ្មោះ​យាន ស៊ីណា ​អតីត​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​មិន​មាន​វត្ត​មាន​​នៅ​ក្នុង​សវនាការ​​ទេ ពី​ព្រោះ​ជន​​នេះ​​បាន​​រត់​គេច​ខ្លួន​​​​ក្រោយ​ថ្ងៃ​កើត​ហេតុ ។ ​ការ​សួរ​ដេញ​ដោល​​នៅ​ក្នុង​សវនា​ការ​​​បាន​ប្រើ​​ពេល​​​អស់​​ជាង​៣​ម៉ោង ដោយ​មាន​ការ​ចាក់​​​​​​មើល​​​វីដេ​អូ​ឃ្លីប​ស្តី​ពី​អំពើ​​ហិង្សា​ដែល​ជន​ជាប់ចោទ​បាន​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​​ ។ បន្ទាប់​​ពី​សួរ​ដេញ​ដោល​រួច​មក​ ចៅ​ក្រម​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​​បាន​​ប្រកាស​ពន្យារ​ពេល​ប្រកាស​សាល​ក្រម​លើ​សំ​ណុំ​រឿង​ក្រុម​ដេវីដ ឆាណាយ​វា វា​យ​អ្នក​កាសែត​​ទៅ​​ថ្ងៃ​ទ​​ី​​២៧ មិថុនា ។

​នៅ​ចំពោះ​ម​ុខ​អង្គ​សវនា​ការ​ ជន​ជាប់ចោទ​បាន​ទាម​ទារ​ឱ្យ​តុលា​ការ​អនុ​ញ្ញាត​ឱ្យ​មានការ​ថត​​វី​​ដេ​អូ​​​​ចាក់​ផ្សាយ​​​តាម​ស្ថានីយ​​ទូរ​​ទស្សន៍​​ និង​សារព័ត៌​មាន​ជាតិ​ដែល​បាន​​​ចុះ​ផ្សាយ​​ ឬ​​ចាក់​ផ្សាយ​​រូបភាព​ដែល​ក្រុម​របស់​​ខ្លួន​បាន​​ធ្វើ​សកម្ម​​ភាព​ កាលពី​យប់ថ្ងៃ​ទី​១៩ មីនា​ ​​​ឆ្នាំ​២០១៣ ​កន្លង​​មក​ ។ ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ចៅ​​ក្រម​​ជំនុំ​ជម្រះ​​លោក​ស្រី​ចាំង ​ស៊ីណាត ​និង​តំណាង​អយ្យ​ការ​លោក​ព្រះ​រាជ​អាជ្ញា​រង​ ជេត ខេមរា ​​​បដិសេធ​​ ព្រោះ​​មិ​ន​ចាំ​បាច់​ថតរូប​ទេ​ ហើយ​​បទ​បញ្ជា​ផ្ទៃ​ក្នុង​​​របស់​តុលាការ​ មិន​អនុ​ញ្ញាត​ឱ្យ​មាន​ការ​ថត​ក្នុង​សវនា​ការ​​​ឡើយ​ ។

ជន​ជាប់​ចោទ​ឈ្មោះ​ អូ៊​ហ្វី បាន​និយាយ​ប្រាប់​តុលាការ​ថា​ នៅ​ថ្ងៃ​​កើត​ហេតុ​ កាលពីថ្ងៃទី​១៩ មីនា ឆ្នាំ​២០១៣ ខ្លួ​ន​​បាន​បើក​​រថយន្ត​ពណ៌​ក្រហម​ តាម​បណ្តោយ​​មហា​វិថី​​​ព្រះ​មុនី​វង្ស​​ ។ នៅ​ពេល​បត់​ឆ្វេង​​តាម​ផ្លូវ​លេខ​២១៤​ ​ក៏​មាន​រថយន្ត​មួ​យ​​គ្រឿង​​ទៀត​​​​មក​បុក​រថយន្ត​​របស់​គេ​ពី​​ក្រោយ បណ្តាល​ឱ្យ​រថយន្ត​គេ​​​ទៅ​បុក​នឹង​បង្គោល​​ភ្លើង​ ។ ​នៅ​ពេល​កើតហេតុ​​​​ រូប​​គេ​បាន​ទូរ​​​ស័ព្ទ​​ទៅ​ឪពុក​មារបស់​ខ្លួន​ឈ្មោះ​​ដេវីដ ឆា​ណាយ​​វា ​ឱ្យ​មក​ជួយ​ខ្លួន​ ព្រោះ​មិន​អាច​បើក​រថយន្ត​បាន ។ ​នៅ​ពេល​នោះ​ពិតជា​មានការ​វាយ​តប់​គ្នា​ ​ប៉ុន្តែ​​​ជាការ​​វាយ​ទៅ​វិញ​ទៅ​មក​​ជា​មួយ​អ្នក​កាសែត ​ខណៈ​​ពេល​ក្រុម​អ្នក​​កាសែត​បាន​ព្យាយាម​​ថតរូប​កន្លែងកើ​ត​ហេតុ​​ ហើយ​​ក្រុម​ខ្លួន​​បាន​ហាម​មិន​ឱ្យ​អ្នក​កាសែត​ថត ។

ជន​ជាប់ចោទ​ឈ្មោះ​ដេវីដ​​ ឆាណាយ​វា ​​បាន​រៀបរាប់​​ប្រាប់​តុលាការ​ថា​ ខ្លួន​​​គេ​បាន​វាស​ដៃ​ដើម្បី​​ការពារ​​ឈ្មោះ​ប្រាក់ អូ៊ហ្វី ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​ ហើយ​គ្រាហ៍​ក្មួយ​រុញ​បញ្ចូល​រថយន្ត​​ ខណៈ​ពេល​មានក្រុម​ប្រជា​ជន​ និង​អ្នក​កាសែត​បាន​ព្យាយាម​វាយ​មិន​ឱ្យគាត់​ចេញ ពី​កន្លែង​​កើត​ហេតុ ។ នៅ​ពេល​នោះ​ឈ្មោះ​យាន​ ស៊ីណា ​​បាន​ចេញ​​​ពីរថយន្ត​របស់​ខ្លួន​​ទៅ​ជួួ​យ​កុំ​ឱ្យ​​មាន​ការ​​វា​យ​តប់​គ្នា​ ​​​​។ ប៉ុន្តែ​ឈ្មោះ​​យាន ស៊ីណា ​ត្រូវ​បាន​ក្រុម​អ្នក​កាសែត​និងអ្នក​ដទៃ​ទៀត​​​ចាប់​​ជាប់ ។ ​ដោយ​ឃើញ​​ស្ថាន​ភាព​ដូច​នេះ​​ ខ្លួន​បាន​​ព្យាយាម​រំដោះ​ឈ្មោះ​យាន ស៊ីណា ​​ឱ្យ​ចេញ​ពី​ក្រុម​​មនុស្ស​ដែល​មាន​គ្នា​ប្រមាណ​ពី​៤០​នាក់​ទៅ​៥០​នាក់ ​។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​​និងប៉ូលិស​ប៉ុស្តិ៍​​បឹង​រាំង​បាន​និយាយ​ប្រាប់តុលា​ការ​ថា ពួក​​លោក​បាន​​សាក​សួរ​​ប្រជ​ា​ពលរដ្ឋ​​នៅ​កន្លែង​កើត​ហេតុ​​និង​ត្រូវ​​​បាន​ចង្អុល​​បង្ហាញ​ថា ឈ្មោះ​​ដេវីដ​​ ឆា​ណាយ​​វា ​​បាន​វាយ​​​អ្នក​កាសែត​​ពិត​មែន​បន្ទាប់​ពី​កើត​មាន​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ។ ​មាន​ការ​​អះ​អាង​​ថា ដើម​បណ្តឹង​​​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ក្នុង​រឿង​​នេះ​​មា​នចំនួន​៥នាក់ ។ ​តាម​ការ​បញ្ជាក់​ជូន​តុលា​ការ​ ជន​រងគ្រោះ​ទាំង​នេះ​​បាន​ទាម​ទារ​សំណង​ជំងឺចិត្ត​រាប់ពាន់​​ដុល្លារ​អាមេរិក​និងសំណង​ការ​ខូច​ខាត​លើ​ករណី​នេះ ​។ ​បើ​ទោះ​​ជា​​​យ៉ាងណា ​ជន​រង​គ្រោះ​ទាំង​៥​នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹងជន​ល្មើស​ទាំងបី​នាក់ មិន​បានចូល​មក​ក្នុង​​​​សវនាការ​​​​​ទេ​ កាលពី​ថ្ងៃទី​២៤​ មិថុនា​នោះ​​ ។

ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​​ជា​អ្នក​កា​សែត​​ចំនួន​ពីរ​នាក់​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​​ទាំងបី​នាក់​ខាង​លើ ​ព្រោះ​ពួកគាត់​រវល់​​បំពេញ​ការ​ងារនិង​បាន​ទទួល​​សំណង​ជា​ប្រាក់​មួយ​ចំនួន​​​ តែ​រឿង​បណ្តឹង​អាជ្ញា​​ទុក​សិទ្ធិ​ជូន​តុលាការ​ជា​អ្ន​ក​សម្រេច ។​ យោង​តាម​ពាក្យ​​បណ្តឹង​របស់​ជន​រងគ្រោះ​​ដែល​បាន​​ដាក់​​ចូល​​ទៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បាន​ទាមទារ​សំណង​ការ​​ខូច​ខាត​និង​ជំងឺ​ចិត្ត​​ពី​២.៥០០​ដុល្លារ​អាមេរិក​​ទៅ​១ម៉ឺន​ដុល្លារ​​អាមេរិក ៕