រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦ មិថុនា បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកសាងយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺរបេងសម្រាប់ឆ្នាំ២០១៤-២០២០ នៅសណ្ឋាគារកាបូឌីយ៉ាណា ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ៅ តាន់ អ៊ាង ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានមានប្រសាសន៍ថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយដែលកម្មវិធីជាតិបានរៀបចំកសាងយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺរបេងរយៈពេលវែងរហូតដល់៧ឆ្នាំ ដែលកន្លងទៅធ្លាប់ធ្វើដែរ ប៉ុន្តែមានរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ។ លោកបានបន្តថា កន្លងមកយើងមិនដែលមានផែនការសម្រាប់អនុវត្តទៅលើការងារប្រយុទ្ធនឹងជំងឺរបេងទេ រហូតដល់ឆ្នាំ២០០១ នៅអំឡុងខែកុម្ភៈ និងខែមីនា យើងបានរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០០១-២០០៥ ដែលផ្តោតសំខាន់លើការពង្រីកយុទ្ធសាស្ត្រដូតស៍នៅតាមមណ្ឌលសុខភាព។ បន្ទាប់មកទៀតផែនការយុទ្ធសាស្ត្រ២០០៦-២០១០ និងផែនការឆ្នាំ២០១១-២០១៥។ ការរៀបចំសិក្ខាសាលានេះ គឺចង់បានដើមទុនជាស្មារតីគំនិតដើម្បីដាក់នៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ។ េហតុដូចនេះសូមសិក្ខាកាមដែលចូលរួមនៅក្នុងសិក្ខាសាលានាពេលនេះ បញ្ចេញមតិយោបល់ និងគំនិត ដើម្បីឱ្យផែនការយុទ្ធសាស្ត្រយើងមានភាពកាន់តែល្អប្រសើរ ប្រយោជន៍ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងកាន់តែថយចុះថែមទៀត ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានឱ្យដឹងទៀតថា តាមរយៈផែនការយុទ្ធសាស្ត្រទាំងនេះបានធ្វើឱ្យកម្មវិធីជាតិកម្ចាត់រោគរបេងទទួលបានជោគជ័យតាមគោលដៅសហស្សវត្សនៃការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសាររបេងមុន៤ឆ្នាំរបស់អង្គការសហប្រជាជាតិ ។ ដូចនេះ ការកសាងផែនការយុទ្ធសាស្ត្រថ្មីនេះ វារឹតតែមានលក្ខណៈពិសេសជាងផែនការយុទ្ធសាស្ត្រមុនៗទៅទៀត ព្រោះវាមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាងមុន និងមានការបញ្ចូលពីរឿងថវិកាអ្នកជំនាញការ និងការស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ផែនការនេះវាស្របទៅនឹងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការជាតិរបស់ពិភពលោកផងដែរ។
លោកវេជ្ជបណ្ឌិត លី វ៉ាន់ធី នាយករងអង្គការ US-CDC ប្រចាំប្រទេសកម្ពុជាបាន មានប្រសាសន៍ថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺ របេងត្រូវបានប្រទេសមួយចំនួនយកធ្វើជាគំរូ ដោយសារតែកម្ពុជាទទួលបានជោគជ័យ ។ ដូច នេះផែនការយុទ្ធសាស្ត្រថ្មីនេះ ជាផែនទីចង្អុលផ្លូវមួយសម្រាប់អនុវត្តការងារប្រយុទ្ធនឹងជំងឺរបេងកាន់តែប្រសើរថែមទៀត ។ លោក ចក់ ចន្ថា ប្រធានការិយាល័យរបស់អង្គការ USAID ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ ដោយទទួលស្គាល់ថា ផែនការនេះមានភាពច្បាស់លាស់ជាងមុនក្នុងការធ្វើឱ្យការអនុវត្តការប្រយុទ្ធនឹងជំងឺរបេងកាន់តែប្រសើរឡើង ។ លោកសង្ឃឹមថា តាមរយៈសិក្ខាសាលានេះនឹងអាចផលិតបាននូវផែនការមួយល្អ ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះគ្រោងនឹងធ្វើឱ្យរួចរាល់នៅខែមីនា ឆ្នាំ២០១៤ ខាងមុខ គឺមានរយៈពេល៩ខែដែលកាលពីមុនធ្វើរហូតដល់មួយឆ្នាំកន្លះឯណោះ ។ ការបង្កើនល្បឿននេះដើម្បីឱ្យទាន់ការដាក់ស្នើសុំថវិការបស់មូលនិធិសកល ៕
ចែករំលែកព័តមាននេះ