រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ CTN ដែលឈានមុខគេនៅកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក FIFA WORLD CUPTM2014 នៅក្នុងប្រទេសកម្ពុជា ។CTN ដែលគ្រប់គ្រងដោយក្រុមហ៊ុន Royal Group បានឱ្យថ្លៃលើសក្រុមហ៊ុនផ្សព្វផ្សាយដទៃទៀតដើម្បីទទួលបានសិទ្ធិផ្តាច់មុខមួយនេះ ។
តែទោះជាយ៉ាងណាក៏ដោយតម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហើបឱ្យដឹងឡើយ ។ បើយោងទៅតាមសម្តីរបស់លោក Bernard Anthony ដែលជានាយកគ្រប់គ្រងទូទៅនៃស្ថានីយទូរទស្សន៍ CTN បានឱ្យដឹងថា CTN បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលចំពោះការរក្សាសិទ្ធិផ្តាច់មុខក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ពិភពលោកគឺ FIFA WORLD CUPTM ។ ដូចជាឆ្នាំ២០១០អញ្ចឹងដែរ CTN នឹងប្រើប្រាស់នូវធនធានដែលមានទាំងអម្បាលម៉ានដើម្បីធានាថា ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់អាចតាមដានព្រឹត្តិការណ៍ FIFA World CupTM បានគ្រប់ជំហាន ។ វាគឺជាកិត្តិយសដ៏ធំធេងសម្រាប់ CTN និងសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាអ្នកទទួលផ្សព្វផ្សាយកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះសាជាថ្មី ។ មិនតែប៉ុណ្ណោះវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលេចធ្លោរបស់ស្ថានីយនិងបុគ្គលិកទាំងអស់ផងដែរ ។
លោក Anthony បានបង្ហើបឱ្យដឹងទៀតថា រាល់ព័ត៌មានស្តីអំពី FIFA World CupTM នឹងចាប់ផ្តើមផ្សព្វផ្សាយឱ្យដឹងនៅដើមឆ្នាំក្រោយ ។ CTN បានរៀបចំកាលវិភាគផ្សព្វផ្សាយការប្រកួត World Cup រួចជាស្រេចហើយដូចជាកម្មវិធី Preview Programs មុននឹងការប្រកួតមកដល់ ហើយក្រុមព័ត៌មានកីឡារបស់ CTN ក៏នឹងមានបង្កើតកម្មវិធីវិភាគ ហើយនិងទស្សន៍ទាយពីរឬបីនាទីក្នុងអំឡុងនៃការប្រកួតផងដែរ។ សម្រាប់កម្មវិធី«វិថីឆ្ពោះទៅកាន់ FIFA World CupTM 2014» CTN នឹងចាប់ផ្តើមដំណើរការផ្សព្វផ្សាយពីខែមីនា២០១៤តទៅ រីឯការផ្សាយបន្តផ្ទាល់ការប្រកួត World CupTM គឺនឹងចាប់ផ្តើមពីខែមិថុនា រហូតដល់ខែកក្កដា ចន្លោះពីម៉ោង១១យប់ដល់ម៉ោង៧ព្រឹករៀងរាល់ថ្ងៃដែលមានការប្រកួតតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង MYTV ។
ស្ថានីយទូរទស្សន៍ CTN ក៏បានទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយទៅឱ្យប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍បង់ប្រាក់(ដូចជាទូរទស្សន៍ខ្សែកាប ផ្កាយរណប…) ផ្សេងទៀតដែរ ។ រីឯការសម្រេចចិត្តថានឹងចែកចាយទៅឱ្យទូរទស្សន៍ណាមួយនៅក្នុងប្រទេសកម្ពុជានោះ យើងនឹងជូនដំណឹងតាមក្រោយឆាប់ៗនេះ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក មា៉ សេរី តាមទូរស័ព្ទលេខ ០១២ ៩០៦ ២៥៤ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ