ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ឈ្មោះសឿន សុខលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិចំការគ ឃុំដា ស្រុកមេមត់ ជាប់ចោទលួចផ្លោះរបងចូលទៅក្នុងរោងចក្រសុធីសុខា នីហរ័ណ អាហរ័ណ ស្ថិតនៅភូមិបង្គៅ ឃុំទ្រាក ស្រុកមេមត់ កាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាតថ្ងៃទី៧ កញ្ញា ២០១០ មានចេតនាលួចយករបស់របរ តែត្រូវបានសន្តិសុខយាមប្រចាំការឃើញ ។ ជួបហេតុការណ៍បែបនោះធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោក៏យកកាំភ្លើងខ្លីម៉ាកកា៥៩បាញ់ទៅលើសន្តិសុខតែមិនត្រូវ ហើយសន្តិសុខបាញ់តបតវិញ បណ្តាលឱ្យត្រូវ១គ្រាប់ចំដើមទ្រូងស្លាប់ភ្លាម ។
តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍ឯកកែវ សំនៀង អធិការរងនគរបាលស្រុកមេមត់ឱ្យដឹងថា នាម៉ោង៦ និង៤០នាទីព្រឹកប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោងត្បូងឃុំទ្រាកបានទទួលព័ត៌មានពីលោកស៊ីវ ពៅ ជាមេការរោងចក្រនោះតាមទូរស័ព្ទថា មានមនុស្សស្លាប់នៅក្នុងរោងចក្រដោយត្រូវគ្រាប់កាំភ្លើង ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមរូបលោកបានចាត់ឱ្យកំលាំងបច្ចេកទេសស្រុកទៅសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលទៅពិនិត្យសាកសព ហើយឃើញមានស្នាមត្រូវរបួស១គ្រាប់ចំទ្រូងធ្លាយទៅខ្នង និងឃើញកាំភ្លើងខ្លីម៉ាកកា៥៩ជ្រុះចំងាយពីសព១ម៉ែត្រ ។
តាមការបំភ្លឺពីមេការរោងចក្រប្រាប់សមត្ថកិច្ចថា ខណៈពេលជនសង្ស័យលួចចូលដល់ក្នុងបរិវេណរោងចក្រនាយប់នោះក្រុមកម្មករដឹងទាន់ពេលក៏មានការភ្ញាក់ផ្អើលតែម្តង ។ រំពេចនោះជនសង្ស័យភ័យពេកស្ទុះរត់ទៅរបងរោងចក្រជ្រុងខាងត្បូងដើម្បីគេចខ្លួន តែត្រូវកំលាំងសន្តិសុខបាញ់បង្ហើរឡើងលើ១គ្រាប់ដើម្បីគំរាមចាប់ខ្លួន ។ ពេលនោះជនសង្ស័យបាញ់មកលើកំលាំងសន្តិសុខ តែគ្មាននរណាម្នាក់រងរបួសឡើយ ។ ដើម្បីការពារខ្លួនសន្តិសុខបាញ់តបទៅវិញ តែមិនដឹងថាត្រូវចោរឬយ៉ាងណាទេ ។
លោកអនុសេនីយ៍ឯកកែវ សំនៀង បញ្ជាក់ថា ភ្លាមៗគេមិនដឹងថា ជននេះស្លាប់ឡើយ លុះម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៧ កញ្ញា មានការភ្ញាក់ផ្អើលឃើញមនុស្សស្លាប់ ហើយមេការរោងចក្រក៏ប្រញាប់រាយការណ៍បន្ទាន់ទៅនគរបាលឱ្យទៅពិនិត្យសព ។ ផ្អែកតាមការស្រាវជ្រាវជនសង្ស័យឈ្មោះសុខលី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាចោរលួចស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ច ។ លោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមត់បញ្ជាក់ថា សពជនសង្ស័យត្រូវប្រពន្ធ និងឪពុកទទួលយកក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ តែម្តាយមិនទៅទទួលទេព្រោះតែពេលកន្លងមកគេធ្វើបាបគាត់ពេក ។
សពមិនបានយកទៅផ្ទះទេ គឺបានបូជានៅក្បែររោងចក្រកៅស៊ូក្រែប ។ រឿងនេះក្រុមគ្រួសាររបស់ជនសង្ស័យមិនបានប្តឹងក្រុមសន្តិសុខរោងចក្រទេ ។ លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការនគរបាលខេត្តមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមរូបលោកចាត់កំលាំងបច្ចេកទេសខេត្តទៅពិនិត្យសព ។ ចំពោះកាំភ្លើងខ្លីម៉ាកកា៥៤របស់ជនសង្ស័យបានយកទៅរក្សាទុកតាមនីតិវិធីច្បាប់ ។ ទោសចោរលួចមិនដល់ ថ្នាក់បាញ់សម្លាប់ទេ ៕
ចែករំលែកព័តមាននេះ