ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ទូរទស្សន៍​ជាតិ​ផលិត​កម្ម​វិធី​សិល្បៈ​អប​អរ​សាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តាំង​ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១២​ មិថុនា​ ២០១៣​ ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ បាន​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ក្រោម​ការ​ចូល​រួម​ពី​សិល្ប​ករ​ល្បី​ឈ្មោះ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជា​ច្រើន​ដួង​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​​៧៧​ព្រះ​វស្សា​ យាង​ចូល​៧៨​ព្រះ​វស្សា​ នា​ថ្ងៃ​ទី​១៨​ មិថុនា​ ២០១៣​ ។ ក្នុង​ពិធី​ដ៏​ពិសេស​នេះ​ អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ​បាន​ប្រមូល​ផ្តុំ​

រាជធានីភ្នំពេញ​ ៖ តាំង​ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១២​ មិថុនា​ ២០១៣​ ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ បាន​រៀប​ចំ​កម្ម​វិធី​សិល្បៈ​ក្រោម​ការ​ចូល​រួម​ពី​សិល្ប​ករ​ល្បី​ឈ្មោះ​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជា​ច្រើន​ដួង​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​​៧៧​ព្រះ​វស្សា​ យាង​ចូល​៧៨​ព្រះ​វស្សា​ នា​ថ្ងៃ​ទី​១៨​ មិថុនា​ ២០១៣​ ។ ក្នុង​ពិធី​ដ៏​ពិសេស​នេះ​ អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ​បាន​ប្រមូល​ផ្តុំ​ដោយ​សិល្បៈ​ច្រើន​ទម្រង់​ដើម្បី​សម្តែង​ មាន​ដូច​ជា​ យីកេ​ មហោ​រី​ ល្ខោន​បាសាក់​ និង​ចម្រៀង​សម័យ​ជា​ដើម​ ។

ក្នុង​កម្ម​វិធី​រយៈ​ពេល​៣​ថ្ងៃ​ពេញ​ដែល​ធ្វើ​ឡើង​នៅ​បរិវេណ​ស្ថានីយ​ទូរទស្សន៍​ជាតិ​ ក្រៅ​ពី​មាន​ការ​សម្តែង​សិល្បៈ​បុរាណ​ ក៏​មាន​​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ ដូច​ជា​លោក​ ព្រាប​ សុវត្ថិ​, កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​, អ្នក​ស្រី​ ហ៊ឹម​ ស៊ីវន​, លោក​ រិន​ សាវេត​, កញ្ញា​ សុន​ ស្រីពេជ្រ​, អ្នក​នាង​ ប៊ុត​ កន្យា​ អ្នក​ចម្រៀង​ប្រចាំ​ព្រះ​បរម​រាជ​វាំង​ អ្នក​នាង​ កែវ​ ចន្ទ​សម្ផស្ស​, អ្នក​នាង​ ឈិន​ សុរាវី​, អ្នក​នាង​ ខាត់​ សុឃីម​, អ្នក​នាង​ ហ៊ឹម​ សុភី, លោក​ សួស​ សង​វាចា, លោក​ សុខ​ សាខន​, លោក​ ជិន វឌ្ឍនា​, កញ្ញា​ ឈិត​ សុវណ្ណ​បញ្ញា​, លោក​ ឆន​ សុវណ្ណ​រាជ​ និង​លោក​ ឯក​ ស៊ីដេ​ ជា​ដើម​ ។

តាម​អ្នក​បម្រើ​ការ​ងារ​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​​ ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​ តែង​តែ​រៀប​ចំ​កម្ម​វិធី​សិល្បៈ​អប​អរ​សាទរ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​ជា​ប្រចាំ​ មិន​ដែល​អាក់​ខាន​ឡើយ​ ដោយ​សម្រិត​សម្រាំង​ផ្ទាំង​សិល្បៈ​ទស្សនីយ​ភាព​ល្អ​ៗ​ ។ ដោយ​សារ​តែ​ជា​កម្ម​វិធី​សិល្បៈ​ពិសេស​ ដូច្នេះ​ប្រមូល​ផ្តុំ​ដោយ​សិល្បៈ​ជា​ច្រើន​ទម្រង់​សម្រាប់​សម្តែង​ ។ មាន​ការ​គិត​គូរ​ពិភាក្សា​ល្អិត​ល្អន់​ មុន​នឹង​រួម​គ្នា​លើក​យក​ប្រធាន​បទ​ណា​មួយ​មក​រៀប​ចំ​ ខ្លាច​ធ្វើ​ទៅ​មិន​ល្អ​ សូម្បី​តែ​តារា​ចម្រៀង​ដែល​មាន​វត្ត​មាន​ក្នុង​ពិធី​ថត​ទុក​រយៈ​ពេល​៣ថ្ងៃ​នេះ​ ក៏​ជូន​ដំណឹង​ឱ្យ​ពួក​គេ​ជ្រើស​រើស​សម្លៀក​បំពាក់​ណា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ជាតិ​សក្តិ​សម​ទៅ​នឹង​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​សម្តេច​ម៉ែ​ ដែល​ជា​ទី​គោរព​របស់​ប្រជា​ពល​រដ្ឋ​ ហើយ​ថែម​ទាំង​ចាក់​ផ្សាយ​អាច​ទស្សនា​រហូត​ដល់​ក្រៅ​ប្រទេស​ទៀត​ផង​ ។

នៅ​ក្នុង​កម្ម​វិធី​ពិសេស​រយៈ​ពេល​៣​ថ្ងៃ​​នោះ​ ប្រិយ​មិត្ត​ទស្សនិក​ជន​ នឹង​បាន​ឃើញ​សិល្បៈ​​ជា​ច្រើន​ទម្រង់​ មាន​ទាំង​ល្ខោន​បាសាក់​ មហោរី​ យីកេ​ របាំ​ជូន​ពរ​ ព្រម​ទាំង​ចម្រៀង​សម័យ​ជា​​ស្នាព្រះ​ហស្ត​របស់​អង្គ​សម្តេច​តា​ ក៏​ដូច​ជា​បទ​ចម្រៀង​ជំនាន់​លោក​ ស៊ីន​ ស៊ី​សាមុត​ ដែល​បង្ហាញ​ជូន​ដោយ​តារា​ល្បី​ឈ្មោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ រួម​ទាំង​រំលេច​ម៉ូត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដែល​សិល្ប​ករ​-សិល្ប​ការិនី​បង្ហាញ​ ។ ការ​ចាក់​ផ្សាយ​កម្ម​វិធី​សិល្បៈ​នេះ​ នា​ថ្ងៃ​ទី​១៨​ មិថុនា​ ២០១៣​ ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​សម្តេច​ម៉ែ​ ៕