ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឳពុក​បើក​ថយ​គោ​យន្ត​កន្ត្រៃ​ កៀប​ក្បាល​កូន​ប្រុស​អាយុ​3​ឆ្នាំ ស្លា.ប់​យ៉ាង​អាណោច​អាធ័ម

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ កុមារា​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​គួរ​ឱ្យ​អាណោច​អាធ័ម​ ខណៈ​ឪពុក​ម្តាយ​ដឹក​តាម​ម៉ូតូបញ្ជូន​ទៅសង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ភ្នំ​ ព្រាល​ ក្រោយ​ពី​រង​របួស​បែក​ក្បាល​ធ្ងន់​ពេល​ឪពុក​ដាក់​ឱ្យ​អង្គុយ​ក្នុង​ទ្រុង​គោ ​យន្ត​កន្ត្រៃ​ម្នាក់​ឯង​ ហើយ​បើក​ថយ​ក្រោយ​បម្រុង​ចេញ​ពី​ក្រោម​ផ្ទះ ។​ ខណៈ​នោះ​ដោយសារ​តែ​ផ្ទះ​ទាប​ពេក​ ពេល​កុមារា​រង​គ្រោះ​ងើប​ឈរ​ក៏​បណ្តាល​ឱ្យ​បុក​កៀប​ក្បាល​ជា​មួយ​ទ្រុង​គោ

ខេត្ត​ប៉ៃលិន​ ៖ កុមារា​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​គួរ​ឱ្យ​អាណោច​អាធ័ម​ ខណៈ​ឪពុក​ម្តាយ​ដឹក​តាម​ម៉ូតូបញ្ជូន​ទៅសង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ភ្នំ​ ព្រាល​ ក្រោយ​ពី​រង​របួស​បែក​ក្បាល​ធ្ងន់​ពេល​ឪពុក​ដាក់​ឱ្យ​អង្គុយ​ក្នុង​ទ្រុង​គោ ​យន្ត​កន្ត្រៃ​ម្នាក់​ឯង​ ហើយ​បើក​ថយ​ក្រោយ​បម្រុង​ចេញ​ពី​ក្រោម​ផ្ទះ ។​ ខណៈ​នោះ​ដោយសារ​តែ​ផ្ទះ​ទាប​ពេក​ ពេល​កុមារា​រង​គ្រោះ​ងើប​ឈរ​ក៏​បណ្តាល​ឱ្យ​បុក​កៀប​ក្បាល​ជា​មួយ​ទ្រុង​គោ​ យន្ត​កន្ត្រៃ​ផ្នែក​ខាង​មុខ​ផ្ទប់​ទៅ​នឹង​រនូត​ផ្ទះ​ បណ្តាល​ឱ្យ​បែក​ហូរឈាម​ស្លាប់​តែ​ម្តង។​

ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើត​ឡើង​កាល​ពីវេ​លា​ម៉ោង​៧​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៨​ ឧសភា នៅ​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ភូមិ​ផ្ទះ​ស្បូវ​ ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលា​ក្រៅ ។ កុមារា​រងគ្រោះ​ឈ្មោះ​ ហួន​ បញ្ញា​ អាយុ​៣​ឆ្នាំ​ ឪពុក​ឈ្មោះ​ ហួរ​ ហួន​ អាយុ​៣៨​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ សុខ​ វណ្ណៈ​ អាយុ​៣២​ឆ្នាំ​ ជា​កសិករ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះ​អណ្តែត​ ខេត្ត​តាកែវ​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ គ្រួសារ​នេះ​ទើប​តែ​មាន​កូន​ម្នាក់​នេះ​គត់ ។​ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ ម្តាយ​កុមារា​រង​គ្រោះ​កំពុង​ដាំ​បាយ​ធ្វើ​ម្ហូប​នៅ​លើ​ផ្ទះ​ ចំណែក​ឪពុក​របស់​គេ​បាន​រៀបចំ​ខ្លួន​បម្រុង​នឹង​ចុះ​ពី​លើ​ផ្ទះ​មក​ខាង​ ក្រោម ដើម្បី​បើក​គោ​យន្ត​កន្ត្រៃ​ចេញ​ពី​ក្រោម​ផ្ទះ តែ​ដោយ​សារ​កូន​ប្រុស​របស់​គាត់​យំ​តាម​ ទើប​លើក​ព​កូន​ប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ចុះ​មក​ក្រោម​ផ្ទះ​ជា​មួយ​ដែរ ។​

មុន​ពេល​ទៅ​បញ្ឆេះ​គោ​យន្ត​ បុរស​ជា​ឪពុក​បាន​លើក​កូន​ប្រុស​ដាក់​ឱ្យ​អង្គុយ​នៅ​ក្នុង​ទ្រុង​ផ្នែក​ខាង​ ក្រោយ​ ជា​អកុសល​ ពេល​បើក​គោ​យន្ត​ថយ​ក្រោយ​ចេញ​ពី​ក្រោម​ផ្ទះ​ អត់​បាន​ក្រឡេ​ក​មើល​ក្រោយ​នោះ​ទេ ។​ ប្រភព​ព័ត៌​មាន​ដដែល​បន្ត​ទៀត​ថា​ ពេល​នោះ​កូន​ប្រុស​តូច​របស់​គាត់​បាន​ងើបឈរ​តោង​ទ្រុង​គោ​យន្ត​ខាង​មុខ​ ទើប​បណ្តាល​ឱ្យ​កៀប​ក្បាល​នឹង​រនូត​ផ្ទះ​ លុះ​ឪពុក​ងាក​បែរ​ក្រោយ​មើល​ក៏​ឃើញកូន​ប្រុស​របស់​ខ្លួន​បែក​ក្បាល​ហូរ​ឈាម​ គួរ​ឱ្យ​សង្វេគ​បាត់​ទៅ​ហើយ ។​ ខណៈ​ឃើញ​ដូច្នេះ​ឪពុក​ក៏​ស្រឡាំងកាំង​ស្ទើរតែ​និយាយ​មិន​ចេញ​ ទើប​ខំ​ស្រែក​ហៅ​គេ​ឯង​ឱ្យ​មក​ជួយ​មើល​ និង​លើក​បី​កូន​ដាក់​លើ​ម៉ូតូ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព ​ភ្នំ​ព្រាល តែ​ដោយសារ​របួស​ធ្ងន់​ពេក​ កូនប្រុស​តូច​រូប​នេះ​ក៏​ស្លាប់​នៅ​តាម​ផ្លូវតែ​ម្តង ។​

ប្រភព​ព័ត៌​ មានពី​លោក​រី ដារ៉ា​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ស្ទឹង​ត្រង់​ឱ្យ​ដឹង​ថា​ ​នេះ​គឺ​ជា​ហេតុ​ការណ៍​កើត​ឡើង​ដោយ​ចៃ​ដន្យ​ដែល​ឪពុក​កុមារា​រងគ្រោះ​នឹក​ ស្មាន​មិន​ដល់​ ​ហើយ​ក៏​ជា​ការ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ។​ លោក​បាន​បន្ត​ទៀត​ថា​ សព​កុមារា​រងគ្រោះ​ត្រូវបាន​ឪពុក​ម្តាយ​បងប្អូន​រៀបចំ​ធ្វើ​បុណ្យ​តាម​ ប្រពៃណី​ ដោយ​ដង្ហែ​យក​ទៅ​បូជា​នៅ​វត្ត​ផ្ទះ​ស្បូវ​ នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ។​ លោក​បាន​រំលឹក​ទៀត​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នៅ​ភូមិ​អូរ​ដូន​តា​លើ​ ឃុំ​ស្ទឹង​ត្រង់​ ក៏​មាន​ករណី​កៀប​ក្បាល​ក្មេង​តូច​នឹង​រនូត​ផ្ទះ​ ដោយសារ​គោ​យន្ត​កន្ត្រៃ​ដូចគ្នា​នេះ​ដែរ​ តែ​រង​របួស​ស្រាល​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ ៕​