រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវជាភរិយា នឹងអញ្ជើញជាអធីបតីក្នុងពិធីក្រុងពលីមហាកុដិដែលទើបសាងសង់រួចដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនតាមបែបព្រះពុទ្ធសាសនាមុននឹងឈានទៅសម្ពោធនៅថ្ងៃស្អែកនេះ ។ ពិធីនេះនឹងប្រារព្ធធ្វើនៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ ឧសភា ២០១៣នេះ នៅក្នុងបរិវេណវត្តលង្កា ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
នៅថ្ងៃទី២៧ ឧសភា ២០១៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមហាកុដិនេះ ។ សូមបញ្ជាក់ផងដែរថា មហាកុដិនេះចាប់ដំណើរការសាងសង់តាំងពីឆ្នាំ២០១០ និងរួចរាល់កាលពីថ្ងៃទី១០ មករា ២០១៣ កន្លងមក ដោយសាងសង់ពីថ្មប្រក់ក្បឿង មានកំពស់២ជាន់ បណ្តោយ៣៦ម៉ែត្រ និងទទឹង២២ម៉ែត្រ ធ្វើឡើងតាមរចនាបថខ្មែរយ៉ាងល្អប្រណីត ដោយចំណាយថវិកាសរុបចំនួន៦៣ម៉ឺន៩ពាន់៣រយ១៧ដុល្លារ ក្នុងនោះថវិកាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន៣៣ម៉ឺន៧ពាន់៧រយ៥៧ដុល្លារ ៕
ចែករំលែកព័តមាននេះ