កងទ័ពកូរ៉េខាងត្បូងប្រកាសកាលពីថ្ងៃទី២២ ឧសភា ពីផែនការដាក់ពង្រាយឧទ្ធម្ភាគចក្រ KOREAN UTILITY HELICOPTERS KUH-1 ហៅ SURION ផងដែរ ចំនួន២០០គ្រឿងរហូតដល់ឆ្នាំ២០២០សម្រាប់ជំនួសឧទ្ធម្ភាគចក្រយោធាធុនចាស់ៗ ។
រដ្ឋបាលគ្រប់គ្រងកម្មវិធីឧបករណ៍ការពារ DAPA បានលើកឡើងកាលពីឆ្នាំ២០០៦ ពីគម្រោងមួយដើម្បីផលិតឧទ្ធម្ភាគចក្រមានម៉ាស៊ីន២ធុននេះ សម្រាប់ជំនួសបណ្តាឧទ្ធម្ភាគចក្រ UH-1H និងឧទ្ធម្ភាគចក្រធុនស្រាល៥០០MD ដែលប្រើប្រាស់ចាប់តាំងពីច្រើនសិបឆ្នាំមកហើយ ។
ក្រុមហ៊ុន KOREA AEROSPACE INDUSTRIES LTD.(KAI) បានធ្វើការជាមួយបណ្តាវិទ្យាសាស្ត្រសាធារណៈ និងក្រុមហ៊ុនឯទៀតៗ ដើម្បីផលិតឧទ្ធម្ភាគចក្រធុន KUH-1 នេះជាមួយថវិកាប្រមាណជា១.៣០០ពាន់លានវ៉ុន(១,១ពាន់លានដុល្លារ) ។ ប្រសិនបើតម្លៃផលិតកម្មជាខ្សែសង្វាក់មានលើសពីនេះ គម្រោងនោះនឹងមានទឹកប្រាក់ឡើងដល់៨.០០០ពាន់លានវ៉ុន ។
ឧទ្ធម្ភាគចក្រធុន KUH-1 នោះមានបណ្តោយប្រវែង១៩ម៉ែត្រ និងកម្ពស់៤,៥ម៉ែត្រ ហើយអាចហោះបានក្នុងល្បឿន២៥៩គីឡូម៉ែត្រក្នុង១ម៉ោង ។ ឧទ្ធម្ភាគចក្រធុន SURION ចាប់ផ្តើមធ្វើការហោះសាកល្បងកាលពីខែមីនា ឆ្នាំ២០១០ ហើយឧទ្ធម្ភាគចក្រធុននេះផលិតសាក៤គ្រឿង បានចេញហោះហើរ២.០០០លើក ដែលមានរយៈពេលហោះហើរ២.៧០០ម៉ោងរវាងខែមីនា ឆ្នាំ២០១០ និងខែមេសា ឆ្នាំ២០១២ ។ ឧទ្ធម្ភាគចក្រធុននោះ ក៏បំពេញការសាកល្បង៥០លើកក្នុងលក្ខខណ្ឌឧតុនិយមលំបាកៗបំផុតនៅអាឡាស្កា សហរដ្ឋអាមេរិក ហើយបានហោះហើរចម្ងាយផ្លូវ១១.០០០គីឡូម៉ែត្រ រយៈពេល៥០ថ្ងៃ ចាប់ពីខែធ្នូ ឆ្នាំ២០១២មក ។
ឧទ្ធម្ភាគចក្រធុន KUH-1 ហៅ SURION ប្រដាប់ដោយ TURBOMOTEUR មួយត្រូវដាក់នៅក្នុងតំបន់មានសីតុណ្ហភាពដល់៤០អង្សាសេក្រោមសូន្យ ក្នុងរយៈពេលជាង១២ម៉ោង មុនពេលធ្វើការហោះសាកល្បង ហើយប្រព័ន្ធ OPS របស់វាដំណើរការធម្មតា ។ ការផលិតឧទ្ធម្ភាគចក្រ SURION ធ្វើឱ្យប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសទី១១លើពិភពលោក ដែលផលិតឧទ្ធម្ភាគចក្រដោយខ្លួនឯងផ្ទាល់ ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីPARK GEUN-HYE មានប្រសាសន៍ថា ជាមួយបច្ចេកវិទ្យារបស់យើងផ្ទាល់ ឧទ្ធម្ភាគចក្រធុននោះទីបំផុតនឹងរួមចំណែកបំពេញបេសកកម្មការពារប្រទេស ហើយនឹងត្រូវដាក់ពង្រាយ ។ លោកស្រីបានថ្លែងអំណរគុណដល់បណ្តាអ្នកស្រាវជ្រាវ និងបណ្តាអ្នកទទួលខុសត្រូវដែលបានធ្វើការខិតខំប្រឹងប្រែងរយៈពេលជាង៦ឆ្នាំ ដើម្បីផលិតឧទ្ធម្ភាគចក្រដំបូងរបស់ប្រទេស ។បណ្តាមន្ត្រីកូរ៉េខាងត្បូងនិយាយថា កងទ័ពជើងគោកនឹងទទួលនាឆ្នាំនេះនូវឧទ្ធម្ភាគចក្រធុន នោះដំបូងចំនួន២០គ្រឿង មុនពេលដាក់ពង្រាយក្នុង១ឆ្នាំៗ២០គ្រឿងរហូតដល់ឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ