បាងកក ៖ ក្រោយសារព័ត៌មានថៃចេញផ្សាយថា អនុព័ន្ធយោធាចិនបានមកកាន់ក្រសួងការពារជាតិ ដើម្បីបកស្រាយរឿងផ្តល់រថក្រោះអោយកម្ពុជានោះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិថៃអះអាងថា ជាព័ត៌មានមិនពិត ។

ជាក់ស្តែងនៅថ្ងៃទី១០ មិថុនា ក្រសួងការពារជាតិថៃ បានចេញមុខបដិសេធទាំងស្រុងចំពោះរបាយការណ៍ដែលថា មន្ត្រីអនុព័ន្ធយោធាចិនប្រចាំទីក្រុងបាងកក ត្រូវបានកោះហៅ ឬបានធ្វើដំណើរមកកាន់ក្រសួងការពារជាតិថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីធ្វើការបកស្រាយ ឬបំភ្លឺជុំវិញករណីផ្ទេររថក្រោះធុន Type-55D (ZTZ59D) ឱ្យមកភាគីកម្ពុជា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English លោកវរសេនីយ៍ឯក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានគូសបញ្ជាក់ថា មិនមានជំនួបបែបនោះកើតឡើងទាល់តែសោះ ដោយសារនៅថ្ងៃកើតហេតុ នាយទាហានជាន់ខ្ពស់ថៃ ភាគច្រើនកំពុងស្ថិតនៅក្រៅប្រទេស ហើយផ្នែកពាក់ព័ន្ធនៅក្នុងក្រសួងក៏បានផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ៗហើយថា គ្មានវត្តមានមន្ត្រីយោធាចិនណាម្នាក់មកទស្សនកិច្ច ឬចូលជួបឡើយ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ និងសង្កត់ធ្ងន់ថា កាលពីពេលមុន ការិយាល័យមន្ត្រីយោធាចិន ប្រចាំប្រទេសថៃ ពិតជាធ្លាប់បានជូនដំណឹងជាមុនដល់អាជ្ញាធរថៃ អំពីកម្មវិធីផ្គត់ផ្គង់ និងបញ្ជូនរថក្រោះធុន Type-55D មកឱ្យកម្ពុជាពិតប្រាកដមែន ប៉ុន្តែនីតិវិធី និងកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើង តាំងពីមុនពេលមានការប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែនថ្មីៗនេះមកម្ល៉េះ មិនមែនទើបតែធ្វើឡើងក្នុងពេលបច្ចុប្បន្ននោះទេ ។

ការចេញមុខបដិសេធ យ៉ាងតក់ក្រហល់ ពីសំណាក់អ្នកនាំពាក្យយោធាថៃ នៅពេលនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ថៃហាក់កំពុង «លេងរឿងនេះជ្រុលដៃ» រហូតដល់ថ្នាក់រងសម្ពាធ ហើយត្រូវបង្ខំចិត្តចេញមកលាងខ្លួនវិញជាប្រញាប់ ។ ការដែលភាគីថៃលើកយកប្រធានបទនេះ មកនិយាយក្នុងបែបផែនវាយប្រហារ និងញុះញង់កាលពីម្សិលមិញ អាចធ្វើឱ្យថៃខ្លួនឯងខាតបង់ធ្ងន់ធ្ងរលើរឿង ៣យ៉ាង ៖

ទី១. បញ្ហាអាវុធខ្លួនឯង ៖ កម្ពុជាអាចនឹងយកករណីបញ្ជាទិញអាវុធរបស់ថៃមកហែកកេរ្តិ៍វិញ ដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ថៃឯណោះទេ ដែលកំពុងលួចលាក់ត្រៀមធ្វើសង្គ្រាមថ្មីមួយទៀត ។
ទី២. គំនាបក្នុងស្រុក ៖ ប្រជាជនថៃអាចនឹងបង្ហាញប្រតិកម្មប្រឆាំង ឬដាក់សម្ពាធលើរដ្ឋាភិបាលខ្លួនឯង ដោយសារតែមិនអាចទ្រាំមើលកម្ពុជាមានប្រៀបជាង ផ្អើលទាមទារឱ្យថៃទិញអាវុធបន្ថែម ទាំងស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល ។

ទី៣. ទំនាក់ទំនងជាមួយចិន ៖ អាចបង្កជាភាពល្អក់កករ និងប៉ះពាល់ដល់ទ្វេភាគីជាមួយទីក្រុងប៉េកាំង ដែលថៃតែងតែហៅថា «ចិន-ថៃ បងប្អូនតែមួយ ឬគ្រួសារតែមួយ» នោះព្រោះការផ្តល់ជំនួយយោធារវាងចិន និងកម្ពុជា ជារឿងធម្មតាបំផុតក្នុងការទូត មិនមែនជាការត្រៀមបង្កសង្គ្រាមដូចអ្វីដែលថៃព្យាយាមលាបពណ៌នោះឡើយ ។
ហេតុដូច្នេះហើយ ទើបក្រសួងការពារជាតិថៃ ត្រូវប្រញាប់ប្រែក្រឡាស់បដិសេធព័ត៌មាន កោះហៅមន្ត្រីចិននេះភ្លាមៗ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីករាលដាលខ្លាំងជាងនេះ ៕





ចែករំលែកព័តមាននេះ