ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាយ​លើ​អាវុធ​នុយក្លេអ៊ែរ​ទូ​ទាំង​ពិភពលោក​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី អ្នកជំនាញ​ថា ការ​ប្រណាំងប្រជែង​អាវុធ​ប្រល័យ​លោក​ថ្មី កំពុង​មក​ដល់​ហើយ

5 ម៉ោង មុន

អន្តរជាតិ ៖ បើ​យោង​តាម​បណ្តា​អ្នកជំនាញ​ផ្នែក​អាវុធ​នុយក្លេអ៊ែរ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ការ​ចំណាយ​នៅ​ទូ​ទាំង​ពិភពលោក​លើ​អាវុធ​នុយក្លេអ៊ែរ បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន កាលពី​ឆ្នាំ​មុន ខណៈ​ដែល​បណ្តា​ប្រទេស​មាន​អាវុធ​បរមាណូ​បាន​ផ្លាស់​ប្តូរ​ក្បាល​គ្រាប់​កាន់តែ​ច្រើន និង​ផ្លាស់​ទី​ចេញពី​ឃ្លាំង​ស្តុក​ទៅ​កាន់​ប្រព័ន្ធ​បញ្ជូន​។ នេះ​បើ​តាម​ប្រភព​ពី AFP និង Korea Times បាន​ចេញផ្សាយ​។

បើ​យោង​តាម​យុទ្ធនាការ​អន្តរជាតិ ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ហៅ​កាត់​ថា ICAN បាន​បង្ហាញ​ថា គិត​ពី​ការ​ចំណាយ​បូក​បញ្ចូល​គ្នា​របស់​ប្រទេស​ទាំង ៩ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ឈាន​ដល់​ជិត ១១៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ដែល​ស្មើនឹង​ការ​ចំណាយ​ប្រមាណ ៣ ៧៦៨ ដុល្លារ​ក្នុង​១​វិនាទី ពោល​កើនឡើង ១៩% ធៀប​នឹង​ឆ្នាំ ២០២៤​។ របាយការណ៍ ICAN បាន​ព្រមាន​ថា ការ​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​មួយ កំពុង​មក​ដល់​ហើយ​។

ទាំង ICAN និង​ការ​សិក្សា​ដាច់​ដោយឡែក​មួយទៀត ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហូ​ម (SIPRI) ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កើនឡើង​ហានិភ័យ​នុយក្លេអ៊ែរ ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ កំពុង​រីក​រាលដាល​។ ការ​សិក្សា​ទាំងនេះ​ក៏​បាន​បង្ហាញ​ថា ការ​កើនឡើង​យ៉ាង​គំហុក នៃ​ការ​ចំណាយ​លើ​អាវុធ​នុយក្លេអ៊ែរ បាន​កើតឡើង​នៅ​ពេល​ដែល​បណ្តា​ប្រទេស​នានា សម្រុក​ធ្វើ​ទំនើប​កម្ម​ឃ្លាំង​អាវុធ​របស់​ខ្លួន និង​ប្រើប្រាស់​ធនធាន​អាវុធ ដែល​បាន​ស្តុក​ទុក​បន្ថែម​ទៀត​។

លោកស្រី ស៊ូ​ស៊ី ស្នាយ​ឌឺ (Susi Snyder) នាយក​កម្មវិធី​របស់ ICAN និង​ជា​អ្នកនិពន្ធ​រួម​នៃ​របាយការណ៍​ចុង​ក្រោយ​នេះ បាន​ថ្លែង​ថា ការ​បង្កើន​ទំហំ​ដ៏​សម្បើម​នេះ រួម​ផ្សំ​ជាមួយនឹង​ការ​ភ័យ​ខ្លាច​ថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) អាច​បង្កើន​ហានិភ័យ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ គឺជា​រឿង​ដ៏​គ្រោះថ្នាក់ និង​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​លោកស្រី​បាន​បន្ថែម​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​បើ​និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​»​។

របាយការណ៍ ICAN បាន​បង្ហាញ​ថា ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់ រួម​មាន ចក្រភព​អង់គ្លេស បារាំង ឥណ្ឌា អ៊ី​ស្រា​អែ​ល កូរ៉េ​ខាងជើង និង​ប៉ា​គី​ស្ថាន​ផង​នោះ កំពុង​បង្កើន​ការ​វិនិយោគ​លើ​ឃ្លាំង​អាវុធ​រៀងខ្លួន​។ ប្រទេស​ទាំង ៩ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ បាន​ចំណាយ​លុយ​បូក​បញ្ចូល​ជិត ១៧ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត កាលពី​ឆ្នាំ​មុន បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២៤ លើ​អាវុធ​ប្រល័យ​លោក​នេះ​។

ICAN បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​បូក​បញ្ចូល​គ្នា ដោយ​ចាយ​អស់ ៦៩,២ ពាន់​លាន​ដុល្លារ​លើ​អាវុធ​នុយក្លេអ៊ែរ កាលពី​ឆ្នាំ ២០២៥ កើនឡើង​ពី ១២,៤ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២៤​។ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ១៣,៥ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២៥ បន្ទាប់​មក​គឺ​ចក្រភព​អង់គ្លេស​ចំនួន ១២,៦ ពាន់​លាន​ដុល្លារ និង​រុ​ស្ស៊ី​ចំនួន ៩,៥ ពាន់​លាន​ដុល្លារ​។ របាយការណ៍​បាន​សន្និដ្ឋាន​ថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ប្រទេស​ទាំង ៩ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ចាយប្រាក់​អស់​ជាង ៤៧០ ពាន់​លាន​ដុល្លារ​លើ​ឃ្លាំង​អាវុធ​របស់​ខ្លួន​៕