ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្អូនថ្លៃស្រីវ័យ១៤ឆ្នាំប្តឹងថា បានព្យាយាមចាប់នាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ឧសភា គ្រាជននេះប្រើល្បិចហៅនាងទៅកោសខ្យល់ឱ្យនៅក្នុងផ្ទះ ដែលស្ថិតនៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងខណៈប្រពន្ធជននេះមិននៅផ្ទះ ។
លោក សារ៉េត វិសេដ្ធ អធិការរងស្រុកភ្នំព្រឹក ឱ្យដឹងថា ជនសង្ស័យឈ្មោះ ញូ សុផល ហៅណុប អាយុ២៥ឆ្នាំ ជននេះបានប្រើកម្លាំងបាយចាប់ប្អូនថ្លៃរំលោភ តែត្រូវនាងរើបំរះរួច ដោយធាក់ត្រូវជាច្រើនជើង ។ ពេលរើរួច នាងរត់ចេញហើយស្រែកឱ្យគេជួយ និងដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួនបងថ្លៃមារយាទអន់ម្នាក់នេះ ។ លោកអធិការរងបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកបានរាយការណ៍ទៅលោកស្នងការខេត្ត ហើយលោកស្នងការក៏បញ្ជាឱ្យចុះឃាត់ខ្លួនជនសង្ស័យ នៅល្ងាចថ្ងៃដដែលនោះតែម្តង ។
នារីរងគ្រោះនិយាយថា ដំបូងបងថ្លៃមារយាទអន់នោះ បានហៅនាងឱ្យជួយកោសខ្យល់ ដោយប្រាប់ថា គាត់មិនស្រួលខ្លួន ហើយនាងក៏ព្រមចូលទៅក្នុងផ្ទះជួយកោសខ្យល់ឱ្យ ខណៈបងស្រីមិននៅផ្ទះ ។ នាងបន្តថា ពេលកំពុងកោសខ្យល់ ស្រាប់តែបងថ្លៃនេះងើបមកចាប់ឱបនាងទាំងកំរោលក្នុងបំណងចាប់រំលោភ ធ្វើឱ្យនាងភ័យស្លន់ស្លោយ៉ាងខ្លាំង ។ គ្រានោះ នាងបានធាក់បងថ្លៃជាច្រើនជើង ហើយប្រឹងរើបំរះរួចផុតពីក្រញាំបិសាចតណ្ហានេះ ហើយរត់ទៅរកអ្នកភូមិឱ្យជួយ និងទៅប្តឹងសមត្ថកិច្ចភ្លាមៗដែរ លុះល្ងាចឡើង ទើបសមត្ថកិច្ចឃាត់ខ្លួនបងថ្លៃកំហូច នេះតែម្តង ។
ក្រោយពេលឃាត់ខ្លួនឈ្មោះ ញូ សុផល ហៅណុប បានសារភាពថា ខ្លួនពិតជាបានចាប់ប្អូនថ្លៃរំលោភមែន តែមិនបានសម្រេចទេ ព្រោះនាងរើខ្លាំងពេក ។ ជននេះនិយាយថា ខ្លួនមានអារម្មណ៍រួមភេទ ពេលភរិយាមិននៅផ្ទះ ទើបប្រើល្បិចហៅប្អូនថ្លៃឱ្យមកជួយកោសខ្យល់ ក្នុងបំណងចាប់រំលោភនាងដើម្បីបន្ធូរអារម្មណ៍ តែត្រូវនាងធាក់ជាច្រើនជើងរហូតនាងរើបំរះរួច ហើយស្រែកធ្វើឱ្យខ្លួនខ្មាសគេពេញភូមិ លុះល្ងាចឡើងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ក្រោយពីសួរនាំ និងតាមចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ