ខេត្តព្រៃវែង ៖ ទីណាមានទុក្ខលំបាកទីនោះតែងតែមានក្រុមការងារកាកបាទក្រហមចុះជួយឧបត្ថម្ភ ជាគ្រឿងឧបភោគ និងបរិភោគ (គ្រឿងហូបចុក និងប្រើប្រាស់) និងគ្រឿងបរិក្ខារផ្សេងៗរួមទាំងថវិការបស់សប្បុរសធម៌មួយចំនួនផងដែរ ដើម្បីសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។
ជាក់ស្តែងកាលពីថ្ងៃទី១៨ ឧសភា លោក ហឺុ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែក្រុងភ្នំពេញ ជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច អមដំណើរដោយលោកឧកញ៉ា ជឹម សុខ លោក សុខ ផេង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តព្រៃវែង បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤គ្រួសារដែលបានរងគ្រោះដោយសារខ្យល់ព្យុះ កាលពីរសៀលថ្ងៃទី១៥ ឧសភា កន្លងមក ដោយបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែងអស់ចំនួន១៦៧ខ្នង ស្លាប់មនុស្ស២នាក់ និង៣នាក់ទៀតរបួស ក្នុងនោះក៏មានងាប់គោមួយក្បាលផងដែរ ។
លោក សុខ ផេង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងបានបញ្ជាក់ថា នេះជាលើកទី២ហើយដែលកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ក្នុងនោះ លើកទី១ ធ្វើនៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៏ កាលពីថ្ងៃទី១៦ ឧសភា បន្ទាប់ពីខ្យល់ព្យុះបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋនៅថ្ងៃទី១៥ ឧសភា ។ លើកទី២ ធ្វើនៅសាខាស្រុកព្រះស្តេច កាលពីព្រឹកថ្ងៃទី១៨ ឧសភា ហើយនៅពេលរសៀលដោយធ្វើការចែកជូនប្រជាពលរដ្ឋនៅស្រុកបាភ្នំ ។ សរុបទូទាំងខេត្តព្រៃវែងមានប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ ដែលបានទទួលនូវអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង ។
លោកបន្តថា អំណោយនេះចែកជា៣គឺ ទី១-ប្រភេទ«ក»ក្នុង១គ្រួសារទទួលបានតង់១ កន្ទេល១ ធុងចម្រោះ១កំប្លេ សាប៊ូ១ឡូ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា ) អង្ករ៥០គីឡូក្រាម រួមនឹងថវិកា៣ម៉ឺនរៀល ក្នុងនោះលោក ហ៊ឺ បាវី ក៏បានជួយឧបត្ថម្ភក្នុង១គ្រួសារ៣ម៉ឺនរៀលបន្ថែមទៀត ។ ទី២-ប្រភេទ«ខ»ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម តង់១ កន្ទេល១ ធុងចម្រោះ១កំប្លេ សាប៊ូ១ឡូ ឃីត១កញ្ចប់ ថវិកា៣ម៉ឺនរៀល និងទី៣-ប្រភេទ«គ» ក្នុង១គ្រួសារទទួលបានធុងចម្រោះ១កំប្លេ ឃីត១កញ្ចប់ ថវិកា៣ម៉ឺនរៀល ។
លោក ហ៊ឺ បាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រះស្តេចបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំទាំង៣ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅទូទាំងប្រទេសគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដូចដែលបងប្អូនបានជ្រាបហើយថា ទីណាមានប្រជាពលរដ្ឋរងទុក្ខលំបាក ទីនោះតែងតែមានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះទៅសួរសុខទុក្ខជួយឧបត្ថម្ភ ទាំងសម្ភារ ទាំងស្មារតី ធ្វើឱ្យបងប្អូនឆ្លងផុតទុក្ខលំបាកមួយគ្រាៗផងដែរ ៕


ចែករំលែកព័តមាននេះ