ខេត្តកំពង់ចាម ៖ លោកបណ្ឌិតហ៊ុន ម៉ាណែត អនុប្រធានថ្នាក់កណ្ដាលនៃគណៈពង្រឹងមូលដ្ឋានចុះជួយខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយតាមគម្រោងពី៥.០០០ទៅ៦.០០០នាក់ ដោយធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ឧសភា តាមគោលដៅចំនួន៥កន្លែងក្នុងស្រុកត្បូងឃ្មុំ ក្នុងនោះមាន១-នៅសាលាឋមសិក្សាទួលកំពតទី១ ឃុំបឹងព្រួល ២-វត្តត្រពាំងឫស្សី ឃុំរកាពប្រាំ ៣-សាលារៀនទេពនិមិត្ត ឃុំគរ ៤-វត្តគូសាលា ឃុំស្រឡប់ និង៥-វត្តស្រែសៀម ឃុំជីរោទ៍ទី២ ។
ចំពោះវត្តមាននៅសាលាបឋមសិក្សាទួលកំពតទី១គេសង្កេតឃើញមាន លោកឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីSophal Leng Stagg លោក ឡេង ចាន់ថន អាណិកជនខ្មែរនៅសហរដ្ឋអាមេរិក លោក ជា ហ្គារូដា លោកម៉ៅ ឌុង និងសមាជិកយុវជនជាច្រើនរូបទៀត ព្រមទាំងមន្ត្រីអាជ្ញាធរស្រុក-ឃុំ-ភូមិ ប្រជាពលរដ្ឋរាប់ពាន់នាក់រួមជាមួយ លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រូបលោកពិតជាសប្បាយរីករាយក្នុងចិត្តឥតឧបមាដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកកាន់ស្រុកត្បូងឃ្មុំ ដោយបែកចែកចំនួន៥គោលដៅ និងធ្វើឡើងព្រមៗគ្នាតែម្តង ដែលមានក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យមកពីរាជធានីភ្នំពេញ ។ជាការពិតណាស់ មាននិស្សិតខ្លះមានស្រុកកំណើតនៅខេត្តកំពង់ចាមតែម្តងបានមកចូលរួមក្នុងកម្មវិធីមនុស្សធម៌ឥតយកកម្រៃ ហើយនិងបានជួបលោកតា លោកយាយ ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺថែមទាំងមានពេទ្យធ្មេញថែមទៀត ។ សម្រាប់ស្រុក-ក្រុងទាំង១៧របស់ខេត្តកំពង់ចាមមានស្រុកចំនួន១១ត្រូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋសរុបបានប្រហែលជាង២៥.០០០នាក់ហើយ ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា មានគណបក្សខ្លះដើរសន្យាចោលមិនបានធ្វើជូនប្រជាពលរដ្ឋទេ តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញការចុះព្យាបាលនេះគឺមិនប្រកាន់និន្នាការនយោបាយឡើយ ហើយតាមការណែនាំពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតធ្វើយ៉ាងណាព្យាបាលជូនប្រជាជនឲ្យបានល្អ ។ចំណែកលោកឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា រូបលោកក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម នាឱកាសនេះ ។
លោកឡាន់ ឆន បានរំលឹកថា កាលពីក្នុងរបបប៉ុល ពត សម្តេចតេជោរួមនឹងឥស្សរជនជាច្រើនទៀតបានដឹកនាំចលនាតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ នាពេលកន្លងមក នៅពេលមានគ្រោះទឹកជំនន់ និងគ្រោះផ្សេងៗតែងតែឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាឧត្តមភរិយាដ៏ល្អរបស់សម្តេចតេជោចុះមកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ។
លោកឡាន់ ឆន ថ្លែងទៀតថា ដូច្នេះគុណបំណាច់ដ៏ថ្លៃថ្លានេះ នឹងធ្វើឲ្យប្រជាជនតបស្នងវិញគឺថ្ងៃទី២៨ កក្កដា ខាងមុខដល់ពេលបោះឆ្នោតយើងត្រូវតែនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានបេក្ខភាពសម្តេចតេជោជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៥នេះ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ ៕


ចែករំលែកព័តមាននេះ