ពិភពលោកអាចប្រឈមមុខនឹងគ្រោះមហន្ដរាយដ៏ធំ ក្រោយពីកម្រិតនីវ៉ូទឹកសមុទ្រកើនខ្ពស់ដល់ទៅ៦៨,៥៨សង្ទីម៉ែត្រនៅក្នុងឆ្នាំ២១០០ ដោយសារតែការរលាយទឹកកកនៅទ្វីបអង់តាក់ទិក កោះហ្គ្រីនលែន កំពូលភ្នំអេនឌីស រួមទាំងភ្នំហិមាល័យ ។
យោងតាមលទ្ធផលអង្កេតចុងក្រោយរបស់ក្រុមអ្នកស្រាវជ្រាវ«អាយធូស៊ីប្រូជែក»ដែលជាកិច្ចសហប្រតិបត្ដិការរបស់២៤ស្ថាប័នស្រាវជ្រាវនៅអឺរ៉ុប និងស៊ីលីបញ្ជាក់ថា ដោយសារនីវ៉ូទឹកសមុទ្រនៅលើផែនដីឡើងខ្ពស់ដល់៦៨,៥៨សង្ទីម៉ែត្រនៅក្នុងឆ្នាំ២១០០ ឬប្រហែល៨៧ឆ្នាំខាងមុខ តួលេខនោះខ្ពស់ជាងការរំពឹងទុករបស់ក្រុមការងាររវាងរដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ជាក់កាលពីឆ្នាំ២០០៧ថា កម្រិតនីវ៉ូទឹកសមុទ្រនៅលើពិភពលោកអាចខ្ពស់ប្រហែល៥៩សង្ទីម៉ែត្រក្នុងអំឡុងពេលដូចគ្នា ខណៈពេលនីវ៉ូទឹកសមុទ្រមធ្យមនៅលើពិភពលោក កាលពីដំណាច់សតវត្សរ៍កន្លងមក បានកើនឡើងប្រហែល១៧សង្ទីម៉ែត្រ ។
លោកសាស្រ្ដាចារ្យដេវីដ វ៉ន មកពីការិយាល័យស្រាវជ្រាវអង់តាក់ទិក ចក្រភពអង់គ្លេស ក្នុងនាមជាអ្នកសហប្រតិបត្ដិការលើគម្រោងការស្រាវជ្រាវ«អាយធូស៊ីប្រូជែក»បញ្ជាក់ថា ស្ថានភាពកម្ដៅដែនដី និងបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក គឺជាកត្ដាចម្បងបង្កឱ្យរលាយទឹកកក ដោយមានផលដោយផ្ទាល់ដល់កំណើននីវ៉ូទឹកសមុទ្រក្នុងថ្ងៃអនាគត ។
លទ្ធផលអង្កេតចុងក្រោយរបស់ក្រុមអ្នកស្រាវជ្រាវពីគម្រោងនោះបានប្រទះឃើញថា ក្នុងរយៈពេល៥០ឆ្នាំខាងមុខ ឆ្នេរសមុទ្រនៅទ្វីបអឺរ៉ុបត្រូវប្រឈមមុខនឹងការគំរាមកំហែងពីរលកបោកបក់នៅមាត់ច្រាំងមានការកើនឡើង ដោយសារការកើនខ្ពស់នៃនីវ៉ូទឹកសមុទ្រនៅទូទាំងពិភពលោក ។ តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ(UN)ប៉ាន់ប្រមាណថា ប្រសិនបើទឹកកកនៅទ្វីបអង់តាក់ទិក ឬប៉ូលខាងត្បូងរលាយបន្ថែមនឹងផ្ដល់ធ្វើឱ្យនីវ៉ូទឹកឡើងខ្ពស់ឥតឈប់ឈរ ៕


ចែករំលែកព័តមាននេះ