ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ងើប​រក​បត់​ជើង​ពេល​យប់ធ្លាក់​ពីឡៅ​តឿ​របួសធ្ងន់

15 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ យុវ​ជន​ទណ្ឌិត​ម្នាក់​ត្រូវ​បាន​ឆ្មាំ​គុក​ដឹក​តាម​រថ​យន្ត​យក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ចំការចេក ក្រុង​ព្រះសីហនុ ក្រោយ​ពេល​ដែលទណ្ឌិត​រូប​នេះ​បាន​ធ្លាក់​ពី​លើឡៅ​តឿ​ មាន​កំពស់​ប្រមាណជាង​២ម៉ែត្រ នៅ​ក្នុងបន្ទប់​ពន្ធនា​គារ ​បណ្តាល​ឱ្យ​រង​របួស​ក្បាល​ផ្នែក​ខាង​ឆ្វេង​ជា​ទំងន់ ។ លោកប៊ូ ណាក់​សោ​ភ័ណ មន្ត្រី​ឆ្មាំ​គុក​បានឱ្យ​ដឹង​ថា ទណ្ឌិត​ដែល​ធ្លាក់​ពី​លើ​ឡៅ​តឿ​ហើយ​រ​ង​របួស​ក្បាលជា​ទំងន់​នោះ​ ឈ្មោះ​ឈឿន ឆាយ ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​មាន​ស្រុ​ក​កំណើត​នៅ​ភូមិ​អូរ​ចំណាក ឃុំ​អូរឧកញ៉ាហេង ស្រុ​កព្រៃ​នប់  ។

លោក​បន្ត​ទៀត​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះកើត​ឡើង​នៅ​វេលា​ម៉ោង៨និង​២០​នាទី​​យប់​ថ្ងៃ​ទី១ កញ្ញា ។ ផ្អែក​តាម​សំដី​ពិរុទ្ធ​ជន​​ដែល​ស្នាក់​នៅ​បន្ទប់​ឡៅ​តឿ​ជា​មួយជន​រង​គ្រោះ បានឱ្យ​ដឹង​ថា នៅពេល​ដែល​កំពុង​ដេក​ពួក​គេ​បាន​ឃើញ​ឈឿន ឆាយ ងើប ដើរចុះ​ទៅរក​បន្ទប់​បត់​ជើង​នៅ​​ខាង​ក្រោម ប៉ុន្តែ​ពេល​នោះ​ឈឿន ឆាយ ពុំ​ទាន់​ដើរ​ទៅ​ដល់​ជណ្តើរ​ចុះ​ផង ក៏ស្រាប់​តែ​ដួល​ធ្លាក់​ចុះ​ទៅ​ក្រោម​តែ​ម្តង ។ ឃើញ​ដូច្នេះ ពិរុទ្ធ​ជនទាំង​នោះបាន​ចុះ​ទៅ​ជួយ​រឹត​​​ និង ធ្វើ​ចលនាផ្តល់​ព័ត៌​មាន​ដល់​ឆ្មាំ​គុក ។

ក្រុម​គ្រូពេទ្យនៃ​ពន្ធនា​គារ​ខេត្ត​ព្រះសីហនុ បាន​ព្យា​បាល​លើ​មុខ​របួស​ តែ​ដោយ​មាន​​សភាព​ធ្ងន់​ធ្ងរ​​ពេក ​ក៏​បញ្ជូន​ជន​រង​គ្រោះ​ជា​ទណ្ឌិត​មក​កាន់​​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​នៅ​វេលា​ម៉ោង​៩​ និង៥០​នាទី​យប់​ថ្ងៃ​ទី១ កញ្ញា ។
គួររំលឹក​ផង​ដែរ​ថា ទណ្ឌិត​ឈឿន ឆាយ ត្រូវ​​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សំរេចផ្តន្ទា​ទោសឱ្យ​ជាប់​ពន្ធ​នាគាររយៈពេល​២ឆ្នាំ​កន្លះ​ ពី​បទ​ប្លន់​បច្ច័យព្រះសង្ឃ​នៅវត្ត​អូរ​ចំណាក ឃុំ​អូរ​​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ហនុ​ ។​ បន្ទាប់​ពី​ទទួលគ្រោះ​​ថ្នាក់ទណ្ឌិត​ឈឿន ឆាយ កំពុង​ស្ថិត​នៅ​ក្នុងសភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ និង​មាន​ការ​យាមកាម​​យ៉ាងម៉ត់ចត់​ពី​ឆ្មាំ​គុក​ផង​ដែរ ៕