ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ក្រុង​​ញូវ​យ៉ក​​គ្រោង​បង្កើន​អាយុ​អ្នក​អាច​ជក់​បារី​បាន​​

13 ឆ្នាំ មុន

AFP កាល​​​ពី​ថ្ងៃ​ទី​២៤ មេសា​ ផ្សាយ​ថា ​ញូវ​យ៉ក​នឹង​ក្លាយ​ជា​ទីក្រុង​ដ៏​ធំ​លើក​ដំបូង​របស់​អាមេ​រិក​ ដែល​បង្កើន​​អាយុ​អ្នក​​ទិញ​បារី​ពី​១៨​​ឆ្នាំ​ទៅ​២១​ឆ្នាំ​​ ។ នៅ​ថ្ងៃ​ទី​២ ឧសភា សភា​ក្រុង​ញូវ​យ៉ក​ ត្រៀម​អនុ​ម័ត​លើ​សំណើ​បង្កើន​អាយុ​អ្នក​ទិញ​បារី​ដែល​ទទួល​​ការ​គាំ​ទ្រ​ពី​លោក​ស្រី​គ្រី​ស្ទីន​ គ្វីន ជា​ប្រធាន​សភា​ ដែល​គ្រោង​ចូល​​ប្រកួត​ប្រជែង​​តំណែង​ជា​ចៅ​ហ្វាយ​ក្រុង ។

លោក​ស្រី​គ្វីន​​​ថ្លែង​ថា ការ​បង្កើន​អាយុ​អ្នក​ទិញ​បារី​ នឹ​ង​ជួយ​ពន្យារ​ការ​ចូល​​ក្នុង​មជ្ឈ​​ដ្ឋាន​ញៀន​​បារី​របស់​យុវ​ជន​ ។ ក្រុង​ញូវ​យ៉ក​​មាន​ច្បាប់​ដ៏​តឹង​រ៉ឹង​ទាក់​ទង​នឹង​បារី​ ដូច​គ្នា​នឹង​ទីក្រុង​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ហាម​ជក់​បារី​នៅ​ក្នុង​រង​្គ​សាល​ និង​ភោជនីយ​ដ្ឋាន​ រួម​ទាំង​នៅ​ទីសាធារណៈ​ ប៉ុន្តែ​ញូវ​យ៉ក​ ក៏​មាន​​បម្រាម​ជក់​បារី​នៅ​បរិវេណ​ឆ្នេរ​សមុទ្រ​ផង​ដែរ ។ ក្រៅ​ពី​នេះ​ ពន្ធ​​បារី​​នៅ​ក្រុង​ញូវ​យ៉ក​ក្នុង​កម្រិត​ខ្ពស់ ។

អាជ្ញា​ធរ​ក្រុង​ញូវ​យ៉ក​​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​កន្លង​មក​ ការ​ជក់​បារី​របស់​មនុស្ស​ចាស់​បាន​ថយ​ចុះ​ពី​២១,៥​ភាគ​រយ​ក្នុង​ឆ្នាំ​២០០២ ​ នៅ​សល់​ត្រឹម​តែ​១៤,៨​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្តែ​ចំនួន​អ្នក​ជក់​នៅ​ក្នុង​ក្រុម​យុវ​វ័យ​ នៅ​​តែ​មិនប្រែ​ប្រួល​ចាប់​តាំង​ពី​ឆ្នាំ​២០០៧មក​ ដោយ​​មាន​ចំនួន​៨,៥​ភាគ​រយ ។អា​ជ្ញា​ធរ​​សង្ឃឹម​ថា ការ​បង្កើន​អាយុ​របស់​អ្នក​ជក់​នឹង​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​​ដែល​មាន​អាយុ​​ពី​១៨​ទៅ​២០​ឆ្នាំ​​​​បាន​​ដល់​ទៅ​៥៥​ភាគ​​រយ​ ៕