ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាកស្រុកពីរនាក់បងប្អូនបានឆ្លងដែនទៅធ្វើកម្មករនៅក្នុងទឹកដីថៃត្រូវបានគេវាយស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងដំណំ ហើយត្រូវបានក្រុមការងារមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍នាំយកសព និងអ្នករងរបួសត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ មេសា ២០១៣ នេះ ។
តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បងប្អូននេះ ១-ឈ្មោះហ៊ុយ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាបងបានរងរបួសយ៉ាងដំណំ និងទី២-ជនរងគ្រោះដែលស្លាប់មានឈ្មោះហ៊ុយ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំងពីរនាក់រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេបានធ្វើចំណាកស្រុកលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងមួយកន្លែងនៅក្នុងតំបន់ប៉ោយប៉ែត និងបានទៅធ្វើជាកម្មករសំណង់នៅក្នុងខេត្តសមុទ្របាកាន ប្រទេសថៃ ។ ប្រភពបន្តថា បន្ទាប់មកនៅវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ មេសា ជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពួកគេទាំងពីរនាក់បងប្អូនបាននាំគ្នាដើរលេងនៅក្នុងទឹកដីថៃ ក៏ស្រាប់តែមានក្រុមកម្មករជាជនជាតិខ្មែរដែរ មានគ្នាប្រមាណ៤ទៅ៥នាក់ប្រដាប់ដោយកាំបិត និងដំបងដែក បំពង់ទីប បាននាំគ្នាមកព្រួតវាយ កាប់ចាក់ ពួកគេទាំងពីរនាក់បងប្អូន បណ្តាលឱ្យស្លាប់ និងរងរបួសយ៉ាងដំណំនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ