រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការបាញ់ប្រហារ ដោយគ្រោងទុកជាមុន បណ្ដាលឲ្យស្រ្តីម្នាក់និងក្មួយប្រុសអាយុជាង១ខួបស្លាប់ ចំណែកបងស្រីរងរបួសបាក់ជើង ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ស្រមោលរួចមកឃើញថា សមត្ថកិច្ចប៉ូលិស និងប៉េអឹមបាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើងក្នុងការតាមរកចាប់ខ្លួនជនជាឃាតករដៃឆៅ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដែលស្លាប់ និងរបួសយកមកផ្ដន្ទាទោសតាមច្បាប់។ ប៉ុន្តែការស្រាវជ្រាវត្រូវបានមន្ត្រីប៉ូលិសមួយរូបប្រាប់ថា ហាក់ដូចជាការរាវរកម្ជុលនៅក្នុងបាតសមុទ្រដូច្នោះដែរ ហើយក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឆែកឆេរលំនៅឋានសង្ស័យមួយដែលឃាតករបានរត់គេចខ្លួនចូលទៅនិងបានដោះអាវបោះចោលនៅទីនោះ បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យពីរនាក់ភ្លាមៗដែរ ប៉ុន្តែវាគ្រាន់តែជាការសង្ស័យប៉ុណ្ណោះមិនចំមុខសញ្ញានោះឡើយ។
គួររំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារយ៉ាងឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មេសា ២០១៣ នៅក្នុងបូរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះទិត្យ ធារ៉ា អាយុ២៦ឆ្នាំ ជាបុគ្គលិកធនាគារកាណាឌីយ៉ា សាខានៅសង្កាត់កំបូល ហើយតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ស្រ្តីរងគ្រោះរូបនេះត្រូវគ្រាប់កាំភ្លើងចំនួន១៥គ្រាប់សុសខ្លួន និងត្រង់ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកក្មួយប្រុសរបស់នាងឈ្មោះឡយ យុទ្ធារ៉ា ហៅទិត្យ យុទ្ធារ៉ា អាយុជាង១ខួប ត្រូវ១គ្រាប់ត្រង់ថ្ងាសធ្លាយទៅក្រោយ និង១គ្រាប់ទៀតចំភ្លៅ ហើយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងស្រ្តីម្នាក់ទៀតឈ្មោះសន សុម៉ាឡែន អាយុ៣២ឆ្នាំ ត្រូវជាម្ដាយ និងជាបងស្រីត្រូវ២គ្រាប់ចំភ្លៅ១គ្រាប់ និងបញ្ឆិតដោះ១គ្រាប់រងរបួសធ្ងន់។
 
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះឈ្មោះទិត្យ ធារ៉ា ត្រូវបានរថយន្តរបស់ធនាគារកាណាឌីយ៉ា ដឹកចេញពីកន្លែងធ្វើការនៅក្នុងសង្កាត់កំបូលត្រឡប់ទៅផ្ទះរបស់ខ្លួននៅត្រង់ចំណុចកើតហេតុក្នុងបូរីញូថោននោះ តាមទម្លាប់ដូចសព្វមួយដង។ ពេលទៅដល់ស្រ្តីរងគ្រោះបានចុះពីលើរថយន្តដើរសំដៅបម្រុងទៅចាក់សោទ្វារចូលផ្ទះក៏ត្រូវឃាតករដែលបានឈរចាំនៅទីនោះជាស្រេចដកកាំភ្លើងខ្លីស៊េរីទំនើបមួយដើមពីចង្កេះធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យដេកដួល ហើយខ្លាចមិនស្លាប់ឃាតករបានចាប់ទាញក្របួចសក់ក្បាល រួចបាញ់ទម្លុះក្បាលថែម១គ្រាប់ទៀតស្លាប់នៅក្នុងថ្លុកឈាមតែម្ដង៕
                        			         
				
ចែករំលែកព័តមាននេះ