ខេត្តកំពង់ចាម ៖ ម៉ូតូម៉ាកយ៉ាម៉ាហា១គ្រឿង ពណ៌ក្រហម-ខ្មៅ មិនមានស្លាកលេខ បានបើកបោះពួយយ៉ាងលឿននៅលើកំណាត់ផ្លូវជាតិលេខ៧ ហោះទៅបុកដើមអាកាស្យា ដែលដាំអមសងខាងផ្លូវជាតិពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យក្រុមយុវជន២នាក់ ដែលជិះម៉ូតូនោះស្លាប់ភ្លាមៗតែម្តង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ មេសា ២០១៣ ស្ថិតនៅត្រង់ចំណុចដីមួយកន្លែង ក្នុងភូមិអណ្តូងជា ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ។
តាមលោកអនុសេនីយ៍ឯកសូ សារ៉ាត អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍នេះ ១-ឈ្មោះធួក ធា ភេទប្រុស អាយុ១៩ឆ្នាំ និង២-ឈ្មោះថៃ កុសល ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់រស់នៅភូមិនាម៉ឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
លោកអនុសេនីយ៍ឯកសូ សារ៉ាត ប្រាប់បន្តថា មុនពេលកើតហេតុ អ្នកដែលស្លាប់ទាំង២នាក់ រួមជាមួយនឹងមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ីសប្បាយនៅហ្គោលដេននាយក្លឹបទន្លេបិទ ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រហូតដល់វេលាម៉ោងជាង១០យប់ ម្នាក់ៗត្រូវបានស្រាចូលខ្លួន ទំនងជាស្រវឹងស្រឿងៗផង បាននាំគ្នាជិះម៉ូតូចេញដើម្បីត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីលិចមកកើត ព្រមទាំងបានប្រើល្បឿនលើសកំរិត ខណៈមកដល់ត្រង់ភូមិអណ្តូងជា ក៏រេចង្កូតទៅបុកដើមអាកាស្យាពេញទំហឹងតែម្តងជាហេតុបណ្តាលឲ្យស្លាប់ទាំង២នាក់ ៕
ចែករំលែកព័តមាននេះ