ខេត្តព្រះសីហនុ ៖ មនុស្ស៤នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរករណីផ្សេងគ្នារវាងរថយន្តនិងម៉ូតូបុកគ្នា កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកា គឺចន្លោះពេលតែជាង១០នាទីប៉ុណ្ណោះ ដែលករណីទី១បានកើតឡើងនៅម៉ោង៦ល្ងាចនៅតាមបណ្តាយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ ។
សមត្ថកិច្ចចម្រុះមានប៉ូលិសនិងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា ករណីទីមួយបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះសាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាំងក្រោះ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានបុកម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅមួយគ្រឿង ជិះគ្នាបីនាក់ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ទាំង៣នាក់នៅកន្លែងកើតហេតុ ។ ម៉ូតូស្មាសវី ពណ៌ខ្មៅ បើកបរដោយឈ្មោះពេជ្រ សីុថៃ ភេទប្រុស២០ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនវាលរេញ ជិះឌុបគ្នាពីរនាក់ទៀត ១-ឈ្មោះអ៊ុន សុវណ្ណ ភេទប្រុស អាយុ២០ឆ្នាំ ជាកសិករ និងឈ្មោះយ៉ុង ត្រុង ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរមកពីខេត្តព្រះសីហនុក្នុងល្បឿនលឿន លុះមកដល់ដល់ចំណុចកើតហេតុអ្នកបើកបររថយន្តនេះបានបើកវ៉ារថយន្តមួយគ្រឿងដែលកំពុងបើកស្របទិសគ្នាខាងមុខ តែវ៉ាមិនទាន់ផុតផងស្រាប់តែវាក់នឹងម៉ូតូជនរងគ្រោះក៏ត្រូវរថយន្តបុកពេញទំហឹងលាន់ដូចរន្ទះធ្វើឱ្យធ្វើឱ្យអ្នកជិះម៉ូតូទាំងបីនាក់នោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ អ្នកបើកបររថយន្តវិញពេលជួបហេតុការណ៍ដូច្នេះបានរត់គេចខ្លួនទៅពួនទៅផ្ទះប្រជាពលរដ្ឋក្បែរនោះ តែបានមួយសន្ទុះក៏ត្រូវសមត្ថកិច្ចចម្រុះនាំខ្លួនគេពិនិត្យទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ពេលឃាត់ខ្លួនឃើញអ្នកបើកបរមានសភាពស្រវឹង។
ដោយឡែកករណីទី២ចន្លោះពេលតែ១៣នាទី និងមានចម្ងាយពីគ្នាត្រឹមតែមួយគីឡូម៉ែត្រប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតបានកើតឡើង គឺត្រង់ចំណុចគីឡូម៉ែត្រលេខ១៨១-១៨២ រវាងរថយន្តមួយគ្រឿងម៉ាកកាម៉ារីឆ្លាមពណ៌ស្ករ បើកក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បុកជាមួយម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះនាក់ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំពោះករណីទី២នេះ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តដែលកំពុងសបើកបរបញ្ច្រាសគ្នាលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមមួយរំពេច ចំណែកឯរថយន្តឈប់ស្ងៀមនៅកណ្តាលទ្រូងផ្លូវ ហើយអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។
ករណីនេះពុំទាន់មានការសន្និដ្ឋានយ៉ាងណាពីមូលហេតុនៃការបុកគ្នានេះនៅឡើយទេ ព្រោះអ្នកបើកម៉ូតូស្លាប់ ឯអ្នកបើកបររថយន្តរត់បាត់៕
ចែករំលែកព័តមាននេះ