រាជធានីភ្នំពេញ ៖ យុវជន៣នាក់ដែលជិះម៉ូតូមកលេងបុណ្យអុំទូក ខណៈឃើញស្ត្រីម្នាក់ស្លៀកខោខូវប៊យជើងខ្លីបញ្ចេញសាច់ភ្លៅសខ្ចីទ្រាំមិនបានក៏ចូលទៅជិតស្ទាបអង្អែល ហើយត្រូវប៉ូលិសឃាត់ខ្លួនបានម្នាក់ រត់គេចខ្លួនរួច២នាក់ ដោយជាប់ចោទពីបទឆក់ខ្សែក និងបៀតបៀនកេរ្តិ៍ខ្មាសប្រពន្ធគេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ វិច្ឆិកា នៅចំណុចស្ដុបជលផល តាមមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នេះជាទង្វើខ្វះសុជីវធម៌ធ្ងន់ធ្ងរ ដែលយុវជនគ្រប់រូបមិនគប្បីធ្វើបែបនេះទេ និងត្រូវគិតថា បើអ្នកដទៃធ្វើដាក់ប្អូន ឬបងរបស់ខ្លួន តើយើងមានអារម្មណ៍បែបណា ?
យុវជនដែលជាប់ចោទពីបទឆក់ខ្សែក និងបៀតបៀនកេរ្តិ៍ខ្មាសប្រពន្ធគេ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននេះឈ្មោះយន់ កុសល អាយុ២០ឆ្នាំ ជាអ្នកមើលថែសត្វទា មានទីលំនៅនៅ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។ យុវជនរូបនេះនិយាយថា ពួកគេមានគ្នា៣នាក់ដែល២នាក់ទៀតគឺឈ្មោះនុយ អាយុ១៨ឆ្នាំ និងឈ្មោះប៉េ អាយុ២០ឆ្នាំ បាននាំគ្នាជិះម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ មួយគ្រឿងបំណងមកលេងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនៅតាមមាត់ទន្លេ ។ ខណៈមកជិតដល់ស្ដុបជលផល តាមមហាវិថីព្រះនរោត្តម ស្រាប់តែឃើញម៉ូតូសេ១២៥ ស៊េរី២០០៦មួយគ្រឿង ជិះគ្នា៣នាក់ ប្ដី ប្រពន្ធ និងប្អូនស្រីតូចម្នាក់ ដែលស្ត្រីជាប្រពន្ធស្លៀកខោខូវប៊យខ្លីបញ្ចេញសាច់ភ្លៅសខ្ចី ជិះក្នុងទិសដៅស្របគ្នា ។
យុវជនរូបនេះរៀបរាប់ទៀតថា ខណៈឃើញបែបនេះអ្នកបើកម៉ូតូសួរថា ឯងចង់អង្អែលភ្លៅស្រី្ដនោះទេ ហើយរូបគេក៏បានប្រាប់ថាចង់ ។ពេលនោះជិតដល់ស្ដុបរាងស្ទះចរាចរណ៍បន្តិច មិនអាចបើកលឿនបានទេ ទើបអ្នកបើកម៉ូតូបើកទៅអែបម៉ូតូរបស់ស្ត្រីខាងលើដែលកំពុងជិះជាមួយប្ដី ហើយលូកដៃទៅអង្អែលភ្លៅរបស់ស្ត្រីនោះ រួចបម្រុងជិះម៉ូតូរត់គេច តែត្រូវស្ទះចរាចរណ៍មិនអាចរត់គេចរួច ក៏ត្រូវបុរសជាប្ដីជិះម៉ូតូស្រែកថា ចោរឆក់ខ្សែក ធ្វើឱ្យប៉ូលិសគោលដៅឃាត់បាននៅនឹងស្ដុបជលផលនោះតែម្ដង ។ នៅក្នុងហេតុការណ៍នេះយុវជន២នាក់ទៀតបានរត់គេចបាត់ នៅសល់តែខ្លួនជាអ្នកអង្អែលភ្លៅប្រពន្ធគេនោះ ត្រូវកងរាជអាវុធហត្ថខណ្ឌចំការមន មកនាំខ្លួនយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ។
បុរសជាប្ដីឈ្មោះជា ហុង អាយុ៣១ឆ្នាំ ជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៣៧E1សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ឯប្រពន្ធឈ្មោះចាន់ធី អាយុ៣២ឆ្នាំ ។ បុរសជាប្ដីបានដាក់ពាក្យចោទប្រកាន់យុវជនទាំង៣នាក់ពីបទឆក់ខ្សែកប្រពន្ធរបស់គាត់ទម្ងន់២ជី តែមិនបានសម្រេច និងបៀតបៀនកេរិ៍្ដខ្មាស ។ បច្ចុប្បន្ន ជនល្មើសត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ