កងទ័ពស៊ីរីកាលពីថ្ងៃទី២៩ វិច្ឆិកា បានធ្វើការវាយលុកយ៉ាងធំមួយនៅភាគខាងកើតក្រុងដាម៉ាស់ ជាពិសេសតាមបណ្តោយផ្លូវថ្នល់ទៅព្រលានយន្តហោះដែលខ្លួនអះអាងថា បានរក្សាសន្តិសុខសម្រាប់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលនៅមានក្នុងរដ្ឋធានីស៊ីរីក៏ប៉ុន្តែនៅប្រកាសពីការផ្អាកការហោះហើរនៃយន្តហោះ របស់ក្រុមហ៊ុនទាំងនេះ ។
ទន្ទឹមនឹងនេះដែរផ្នែកមួយយ៉ាងធំរបស់ប្រទេសត្រូវដាច់ការទាក់ទងជាមួយពិភពខាងក្រៅដោយដាច់ទូរស័ព្ទ និងដាច់អីុនធើរណេត ហើយពួកប្រឆាំងបានចោទប្រកាន់របបលោកប្រធានាធិបតីបាចាអាល់អាសាដថា រៀបចំការសម្លាប់រង្គាលមួយ ។ ចំណែកអាជ្ញាធរវិញពន្យល់ចំពោះការដាច់នេះថា កំពុងបំពេញការងារស្តារឡើងវិញ ។
ប្រតិបត្តិការយោធាទាំងនេះធ្វើឡើងពេលដែលបេសកជនអន្តរជាតិសម្រាប់ស៊ីរី លោកឡាក់ដា ប្រាហ៊ីមី អះអាងនៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.បថា ប្រទេសស៊ីរីថ្មី មួយនឹងមានជម្លោះកាន់តែសាហាវ បន្ទាប់ពីជម្លោះរយៈពេល២០ខែមកហើយ ។
ខណៈដែលការប្រយុទ្ធគ្នាប្រមូលផ្តុំនាពេលថ្មី ៗនេះនៅក្បែរៗក្រុងដាម៉ាស់ ការវាយលុកដែលបើកធ្វើនាព្រឹកថ្ងៃទី២៩ វិច្ឆិកា ជាការវាយលុកយ៉ាងខ្លាំងក្លាបំផុត ពុំធ្លាប់មានចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១១មក ។ កងទ័ពប្រមូលផ្តុំកម្លាំងបន្ថែមយ៉ាងច្រើនប៉ុនប៉ងថែរក្សាការគ្រប់គ្រងលើរដ្ឋធានីហើយដណ្តើមយកវិញបណ្តាទីតាំងនៅជុំវិញក្រុងនេះក្នុងរង្វង់៨គីឡូម៉ែត្រ ។
ពួកបះបោរស៊ីរីដែលទើបបាញ់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង និងយន្តហោះមួយគ្រឿងដោយមីស៊ីលដី-អាកាស បើតាមកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ថា ពួកគេពេលនេះអាចមានមីស៊ីលធុននោះ៤០គ្រាប់ដែលអាចផ្តល់ឱ្យដោយប្រទេសកាតា ៕
ចែករំលែកព័តមាននេះ