រាជធានីភ្នំពេញ ៖ និស្សិតឆ្នើមមួយរូបដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល៣ឆ្នាំលើមុខវិជ្ជាវេជ្ជសាស្ត្រផ្នែកវះកាត់បេះដូងបានផ្តល់បទសម្ភាសន៍ឱ្យកោះសន្តិភាពដឹងថា លោកឈ្មោះអេង ចំរើន មានស្រុកកំណើតនៅខេត្តកណ្តាល ជាអតីតនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ។
យុវនិស្សិតរូបនេះបានរៀបរាប់ពីដំណើររឿងដែលបានជាប់ជានិស្សិតឆ្នើមទៅសិក្សានៅសហរដ្ឋអាេមរិកថា កាលពីដំបូងរូបគេបានទទួលដំណឹងពីការជ្រើសរើសនិស្សិតឱ្យទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈការបិទខិត្តប័ណ្ណផ្សព្វផ្សាយនៅសាលាដែលចេញដោយនាយកដ្ឋានអាហារូបករណ៍ ហើយការជ្រើសរើសនិស្សិតអាហារូបករណ៍នេះមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ។
បន្ទាប់ពីបានដឹងដំណឹងផ្សព្វផ្សាយរួចហើយ រូបគេបានរៀបចំដាក់ពាក្យដែលការិយាល័យទទួលពាក្យប្រឡងអាហារូបករណ៍នោះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ បន្ទាប់ពីដាក់ពាក្យរួចហើយ កិច្ចការបន្ទាប់គឺត្រូវរង់ចាំការប្រឡង ហើយការប្រឡងជ្រើសរើសនិស្សិត អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកនេះ យកនិស្សិតកម្ពុជាតែចំនួន៣នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងអាហារូបករណ៍គឺមានរូបគេម្នាក់ដែរទទួលបានអាហារូបករណ៍ជានិស្សិតឆ្នើម ។
អេង ចំរើន បន្តថា ក្នុងចំណោមនិស្សិតអាហារូបករណ៍ទាំង៣នាក់ ២នាក់ត្រូវបានគេបញ្ជូនឱ្យទៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដោយឡែកចំពោះរូបគេត្រូវបានគេបញ្ជូនឱ្យទៅសិក្សានៅសិង្ហបុរីរយៈពេល៦ខែទើបគេបញ្ជូនទៅសិក្សានៅសហរដ្ឋអាេមរិកបន្តទៀត ។ ចំពោះការសិក្សានៅសិង្ហបុរី និងនៅសហរដ្ឋអាមេរិកមានលក្ខណៈដូចគ្នា ហើយមូលហេតុដែលរូបគេមិនត្រូវបានបញ្ជូនទៅសិក្សានៅសហរដ្ឋអាេមរិកផ្ទាល់តែម្តង ព្រោះគេចង់ឱ្យសិក្សាស្វែងយល់ពីភាសាអង់គ្លេសនៅសិង្ហបុរី ឱ្យបានច្រើន ដោយគេយល់ឃើញថា នៅប្រទេសសិង្ហបុរីសម្បូរទៅដោយពូជសាសន៍ចម្រុះរស់នៅទីនោះ ហើយគេយកនិស្សិតនោះមកពីបណ្តាប្រទេសផ្សេងៗទៀតដែលយកភាសាអង់គ្លេសជាភាសាទី២ ឱ្យទៅសិក្សានៅសិង្ហបុរី ដើម្បីឱ្យពួកគេងាយយល់ពីគ្នាទៅវិញទៅមក ។
ចំពោះសកម្មភាពសិក្សានៅប្រទេសសិង្ហបុរីចំរើនបានរៀបរាប់ឱ្យដឹងថា ត្រូវបានគេបែងចែកជា២ គឺមួយសិស្សទាំងអស់ត្រូវសិក្សាពីផ្នែកទ្រឹស្តី នៅសាលាទ្រឹស្តី ។ បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកទ្រឹស្តី ហើយសិស្សទាំងអស់ត្រូវជិះរថភ្លើងទៅ អនុវត្តជាក់ស្តែងនៅសាលាអនុវត្ត ដោយមានសាកសពមនុស្សសម្រាប់ឱ្យពួកគេវះកាត់ផ្ទាល់តែម្តង ។
មកទល់ពេលនេះ ចំរើនបានសិក្សានៅប្រទេសសិង្ហបុរីអស់រយៈពេល៤ខែហើយ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនិស្សិតអេង ចំរើន មិនត្រឹមតែជានិស្សិតឆ្នើមនៅក្នុងប្រទេសកម្ពុជា ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ពេលទៅដល់សិង្ហបុរីចំរើនក៏បានក្លាយជានិស្សិតឆ្នើមម្តងទៀត ហើយបានទទួលពានរង្វាន់សម្រាប់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យនៅប្រទេសសិង្ហបុរី ដែលមាននិស្សិតមកពីបណ្តាប្រទេសផ្សេងៗ ដូចជា ចិន ជប៉ុន រុស្ស៊ី ជាដើម ។
លទ្ធផលនេះក៏មិននឹកស្មានថា ខ្លួនក្លាយជានិស្សិតជនជាតិកម្ពុជាតែម្នាក់គត់ដែលទៅសិក្សានៅទីនោះ ហើយបានក្លាយជានិស្សិត ឆ្នើម ដែលវាក៏ជាកិត្តិយសសម្រាប់យុវជនកម្ពុជាយើងផងដែរ ដែលមាននិស្សិតចម្រុះពូជសាសន៍ជាច្រើនទៅសិក្សានៅទីនោះ មិនបានជាប់ជានិស្សិតឆ្នើម តែបែរជានិស្សិតកម្ពុជាយើងជាអ្នកជាប់ទៅវិញ ។អេង ចំរើន បន្តទៀតថា បន្ទាប់ពីសិក្សានៅសហរដ្ឋអាមេរិកចប់ក្នុងរយៈពេល៣ឆ្នាំ គេនឹងត្រឡប់មកប្រទេសកម្ពុជាយើងវិញ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិរបស់យើង ។ជុំវិញការវិលត្រឡប់មកកម្ពុជានាពេលនេះ ដោយសារតែសាកលវិទ្យាល័យនៅប្រទេសសិង្ហបុរីបានអនុញ្ញាតឱ្យសិស្សទាំងអស់ឈប់សំរាកបន្ទាប់ពីប្រឡងពាក់កណ្តាលត្រីមាស ។
ចំរើន មានពេលវេលានៅប្រទេសកម្ពុជារយៈពេល១០ថ្ងៃ ហើយក្នុងរយៈពេលនេះ គេមានគំរោងនឹងបង្កើតជាវគ្គសិក្ខាសាលាមួយនៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដើម្បីចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ដែលគេទទួលបានក្នុងប្រទេស និងក្រៅប្រទេសដល់និស្សិត និងមិត្តភក្តិទាំងអស់ក្នុងប្រទេសកម្ពុជា ដែលសិក្សាជំនាញដូចគ្នា ។ការសិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ចំរើន ជាសិស្សនៅវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល។ មុខវិជ្ជាដែលគេចូលចិត្ត និងពូកែជាងគេនោះ គឺមុខវិជ្ជាគណិតវិទ្យា ។ ចំរើន ក៏ធ្លាប់ប្រឡងជាប់ជាសិស្សពូកែទូទាំងប្រទេស និងបានទៅចូលរួមប្រឡងនៅប្រទេសចិនផងដែរ ។
តាមការត្រួតពិនិត្យជុំវិញដំណើរការសិក្សារបស់យុវនិស្សិត អេង ចំរើន ពិតជាបានធ្វើឱ្យមានមោទនភាពមួយសម្រាប់យុវជនកម្ពុជាដែលជាធនធានមនុស្សមួយត្រូវបានបណ្តុះឡើង ។ បញ្ហាធនធានមនុស្សនេះគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិនីមួយៗ ហើយប្រជាជាតិទាំងមូលក៏សាទរផងដែរចំពោះលទ្ធផលដែល អេង ចំរើន ទទួលបាន និងពិតជាអស់សង្ឃឹមពេកណាស់សម្រាប់យុវវ័យមួយចំនួនបានយកជីវិតរបស់ខ្លួនទៅប្រលែងលេងនឹងភាពភ្លើតភ្លើន អបាយមុខផ្សេងៗមានការប្រើប្រាស់គ្រឿងញៀន ការសប្បាយនឹងភ្លើងពណ៌តាមក្លឹបរាត្រី ប្រៀបដូចជាការដុតកម្ទេចនូវឱកាសមាសរបស់ខ្លួនរហូតជ្រុលខ្លួន ទើបសម្រក់ទឹកភ្នែក ព្រោះតែអនាគតបានត្រឹមជាប់ឈ្មោះថាជាកាកសំណល់នៃសង្គមប៉ុណ្ណោះ ។
យុវវ័យកម្ពុជា អាចដើរតាមគំរូយុវនិស្សិត អេង ចំរើន ដែលគេមិនបានកើតមកក្នុងត្រកូលអ្នកធូរធាររស់នៅក្នុងម៉ាស៊ីនត្រជាក់ ផ្ទះវីឡាឡើយ តែគេបានធ្វើឱ្យសក្តានុពលនៃការសិក្សារបស់គេឈានដល់កម្រិតកំពូលមួយគួរឱ្យកោតសរសើរ ហើយអនាគតរបស់ អេង ចំរើន មានតែភាពត្រចះត្រចង់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ