ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ប្រមាណ​៨​នាក់​ចេញ​ធ្វើស​កម្ម​ភាពហំហាន​​​ប្លន់​​រថយន្ត​រ៉ង់រ៉ូវែរ​កណ្តាល​ក្រុងភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវគេ​ស្គាល់​ថា ​ជាប់សាច់ញាតិ​​​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ក្រុម​ចោរ​​ប្រដាប់​អាវុធ​ភ្ជង់​​គំរាម​​ ហើយ​វាយ​​បែក​ក្បាល​ រួច​ប្លន់​​​យក​រថយន្ត​ម៉ាករ៉ង់​រ៉ូវ៉ែរ ស៊េរី​២០១២ ​ពណ៌​​​ខ្មៅ ​​មិនទាន់​​មានស្លាក​លេខ​នៅ​ចំណុច​​​កែង​មហា​វិថី​​​​ព្រះមុនី​វង្ស ​និងផ្លូវលេខ​១៨៤ ខាង​ជើង​ក្បែរ​ភោជនីយដ្ឋាន​​តាយតាយ ក្នុងសង្កាត់​បឹងរាំង ខណ្ឌ​​ដូនពេញ ​​កាលពីវេលាម៉ោង​៣​រំលងអធ្រាត្រ​

រាជធានីភ្នំពេញ ៖  បុរស​ម្នាក់​​ត្រូវគេ​ស្គាល់​ថា ​ជាប់សាច់ញាតិ​​​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ក្រុម​ចោរ​​ប្រដាប់​អាវុធ​ភ្ជង់​​គំរាម​​ ហើយ​វាយ​​បែក​ក្បាល​ រួច​ប្លន់​​​យក​រថយន្ត​ម៉ាករ៉ង់​រ៉ូវ៉ែរ ស៊េរី​២០១២ ​ពណ៌​​​ខ្មៅ ​​មិនទាន់​​មានស្លាក​លេខ​នៅ​ចំណុច​​​កែង​មហា​វិថី​​​​ព្រះមុនី​វង្ស ​និងផ្លូវលេខ​១៨៤ ខាង​ជើង​ក្បែរ​ភោជនីយដ្ឋាន​​តាយតាយ ក្នុងសង្កាត់​បឹងរាំង ខណ្ឌ​​ដូនពេញ ​​កាលពីវេលាម៉ោង​៣​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី៤ តុលា ២០១២ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ឆោឡោ​ឡើង​។

ប្រមាណ​២០​នាទីក្រោយមក ​ដោយសារមាន​កិច្ច​​​អន្តរាគមន៍​​ពីកម្លាំង​​កង​រាជអាវុធហត្ថ​ខណ្ឌដូនពេញ និងកងរាជអាវុធហត្ថ​ទាំង៩​ខណ្ឌ បាន​​ដាក់​កម្លាំង​​​ឃ្លាំមើល​ភិនភាគ​​រថយន្ត ​និង​ជនដៃដល់​តាម​បណ្តាគោលដៅ​នានា ក៏ត្រូវបាន​កងរាជអាវហត្ថ​​​រកឃើញ​​រថ​យន្ត​រ៉ង់រ៉ូវែរ​មុខ​សញ្ញារងគ្រោះនៅ​ផ្លូវលំ​មួយ​ ស្ថិត​ក្នុង​ភូមិចំរើនផល ​សង្កាត់បឹងទំពុន ​​ខណ្ឌ​មានជ័យ បន្ទាប់​ពីក្រុមចោរ​យកទៅ​ប្លុង​ចោល​នៅទីនោះ​។

​មន្ត្រី​កងរាជ​អាវុធហត្ថ​​ខណ្ឌ​​ដូនពេញ​មួយរូប​បាន​ឱ្យ​ដឹង​ថា ​ម្ចាស់រ​ថយន្ត​​រ៉ង់រ៉ូវែរ ​ដែល​ត្រូវ​​​ក្រុម​ចោរ​​ប្រដាប់អាវុធ​ធ្វើ​សកម្ម​ភាពប្លន់​​យក​រថយន្ត និង​វាយក្បាល​នោះ​មាន​ឈ្មោះស៊ាវ សារ៉ារិទ្ធ ​ភេទប្រុស ​​អាយុ​២៩​ឆ្នាំ ស្នាក់នៅ​​​បុរី​​មួយ ផ្ទះ​លេខ​វេ៩០បេ ​ផ្លូវលេខ​៥៧៩ ​សង្កាត់ជ្រោយ​ចង្វា ខណ្ឌ​ប្ញស្សីកែវ ។ ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​​បានជិះ​រថយន្ត​​ជាមួយមិត្តភក្តិ​​ម្នាក់ទៀត ​ធ្វើ​ដំណើរ​​​តាមមហាវិថី​​ព្រះមុនីវង្ស ​ពីត្បូង​ទៅជើង លុះ​​ដល់​កែង​ផ្លូវ​លេខ​១៨៤ ​ស្ថិត​ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឈប់រថយន្ត​ ដើម្បី​ឱ្យ​​មិត្តភក្តិ​​​ទៅទិញ​អាហារ​នៅ​ភោជនីដ្ឋាន​តាយតាយ យកទៅផ្ទះហូប ។ ​ខណៈ​​មិត្តភក្តិ​​ចុះ​ចេញពីរថយន្ត​​ដើរឆ្ពោះ​​​ទៅ​រកភោជនីដ្ឋាន​​តាយតាយនោះ ​ស្រាប់តែ​មាន​​​ម៉ូតូ​៤គ្រឿង និងមាន​មនុស្សប្រុស​ប្រហែល​៧-៨​នាក់​ បើកមកឈប់អែប​​កៀប​​រថយន្ត​របស់​បុរស​រងគ្រោះដែល​អង្គុយ​ក្នុងរថយន្ត​ម្នាក់​ឯងជាប់ ។

មន្ត្រី​​​កងរាជអាវុធ​ហត្ថ​បញ្ជាក់ថា  ភ្លាមនោះ​​មានបុរស​​ពីរនាក់ ​ជាបក្ស​ពួក​ជនសង្គម​ងងឹត បានបើកទ្វារ​​រថយន្តភ្ជង់​​​ និង​ច្រាន​​ជនរង​គ្រោះ​ឱ្យ​អង្គុយ​​ទៅកៅអី​ម្ខាង ដោយ​នៅហ្នឹង​ដៃ​ពួកគេ​ម្នាក់ៗ​កាន់កាំភ្លើង​​ខ្លី​ប្រកប​ដោយ​ភាពមាំទាំ ហាក់ដូចជា​រៀបគម្រោង​​ទុកមុន។ ឃើញ​ហេតុការណ៍​មិនស្រួល បុរស​​រងគ្រោះព្យាយាម​ប្រតាយប្រតប់​​​ជាមួយជនដៃដល់ ក៏ត្រូវ​​​ពួកចោរ​វាយមួយ​ស្នាប់កាំភ្លើង​​ភ្លើង​ចំក្បាល​ផ្នែក​ខាង​ឆ្វេង បណ្តាល​ឱ្យ​បែកក្បាលហូរ​ឈាម​​​។ ឆ្លៀត​​ឱកាស​នោះ​ ជនរងគ្រោះ​ប្រថុយ​​លោតចុះ​ចេញ​ពី​រថយន្ត ​ទាំង​អារម្មណ៍​​ភ័យខ្លាច​​កាំភ្លើង​​របស់ពួកចោរ​​ផ្ទុះគ្រាប់ ​ប៉ុន្តែ​មិន​ជាអ្វី ទេ ជនរងគ្រោះ​រួចផុត​ពីជីវិត ចំណែក​ចោរ​ក៏​បើក​រថយន្ត​គេច​ខ្លួន​យ៉ាងប្រញាប់ប្រញាល់ ។

យោង​តាម​​មហាជន​ដែល​ឃើញហេតុការណ៍​​បាននិយាយថា ​សកម្មភាពប្លន់​​រថយន្ត​រ៉ង់រូ៉​វែរនេះ មើលទៅ​ពួកចោរ​មានសកម្មភាព​ហំហាន​ណាស់ ​ហាក់ដូចជា​រៀបក្បួន​ទុក​ជាមុនអីុចឹង ហើយ​អំពើប្លន់នោះទៀតសោត មានចរិត​របៀប​ចាប់ជម្រិត​ផងដែរ ​ព្រោះ​ចោរ​ប៉ុនប៉ង​​យកមនុស្ស (ម្ចាស់​រថយន្ត) ​ទៅជាមួយ ប៉ុន្តែ​មនុស្ស​លោត​ចុះទាន់ ដូច្នេះ​ធ្វើ​ឱ្យ​ពួក​ចោរ​បង្ខំ​ចិត្ត​យក​តែ​រថយន្ត​ចាកចេញ​ប៉ុណ្ណោះ ហើយ​ក្រោយមក​យកទៅ​ប្លុង​ចោល​នៅ​ភូមិ​ចម្រើនផល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕