ឆ្មក់ចូលក្របួចអ្នកសេពគ្រឿងញឿន៣នាក់ ប្រុស២នាក់ ស្ត្រីម្នាក់
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២១
ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ កញ្ញា កំលាំងប៉ូលិសក្រុងបានឆ្មក់ចូលលំនៅឋានជាមុខសញ្ញា ជួបជុំគ្នាសេពគ្រឿងញៀន មួយកន្លែងស្ថិតនៅមណ្ឌលទី៩ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ដោយក្របួចបានអ្នកប្រើជាបុរស៣នាក់ និងស្រី្តម្នាក់ជាម្ចាស់ផ្ទះយកមកធ្វើការអប់រំ ។ បុរសស្ត្រីជាជនសង្ស័យប្រើថ្នាំញៀនដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន ១-ឈ្មោះហេង វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះមាស ឫទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះញែម ខឿន អាយុ៥១ឆ្នាំ ជាស្ត្រីម្ចាស់ផ្ទះ ។ ឈ្មោះហេង វិសាល និងឈ្មោះមាស ឫទ្ធី មានមុខរបរជាកម្មករ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ។
ក្នុងពេលដែលសមត្ថកិច្ចឆ្មក់ចូលលំនៅឋានសេពគ្រឿងញៀននេះ ប៉ូលិសប្រមូលបានបំពង់ជក់ចំនួន១ និងកន្ទោងសំរាប់ជក់ដែលធ្វើពីកញ្ចប់បារីមួយចំនួន ។ ពួកគេទាំង៣នាក់ ត្រូវបានប៉ូលិសនាំយកទៅកាន់ប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុសួរនាំ និងអប់រំផងដែរ ។ តាមការឱ្យដឹងពីលោកអនុសេនីយ៍ទោ គង់ គួន នាយប៉ុស្តិ៍ប៉ូលិសសង្កាត់ប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រីស្នងការខេត្ត និងលោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការនគរបាលក្រុង ឱ្យបង្ក្រាបរាល់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ម៉្យាងទៀតដោយបានទទួលព័ត៌មានពីបណ្តាញមកថា ពួកគេទាំង៣នាក់ កំពុងធ្វើសកម្មភាពសេពគ្រឿងញៀន ទើបលោកដឹកនាំកំលាំងចុះក្របួចបានភ្លាមៗ នៅនឹងកន្លែងតែម្តង ។ ជនសង្ស័យទាំង៣នាក់ ក្រោយធ្វើកំណត់ហេតុសួរនាំ និងអប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការសេពបែបនេះតទៅទៀត រួចក៏បានដោះលែងឱ្យពួកគេវិលត្រឡប់ទៅលំនៅឋានរៀងខ្លួនវិញ ៕