ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍ខ្លះមិន​ហ៊ាន​​ទៅ​លេង​វត្ត​ភ្នំខ្លាច​​ព្រាត់​​ប្រាស់​​គ្នា តែអ្នកវប្ប​​ធម៌​ថា​​មិន​ពិត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ គូសង្សារ​ ឬប្តី-ប្រពន្ធ​​​​មិន​ហ៊ាន​​ទៅលេង​​វត្ត​ភ្នំ​​ទេ ព្រោះខ្លាច​​ព្រាត់​​​ប្រាស់​​​គ្នា​​ ។ ​នេះ​គឺជា​អបិយ​ជំនឿ​មួយ​តាំងពី​​​យូរ​ណាស់​មក​​​ហើយ។ តាម​ការ​​ឮតៗគ្នា​​ថា រមណីយដ្ឋាន​​វត្ត​ភ្នំ​​គេមិន​​ឱ្យ​អ្នក​​មាន​​គូស្នេហ៍​​ទៅកម្សាន្តឡើយ​ដោយ​​សារ​លោក​​​យាយ​ពេញ​ ដែល​ជា​អ្នក​​ផ្តួច​ផ្តើម​​​​កសាង​វត្ត​ភ្នំ​​​នឹង​ពង្រាត់​​​ពួកគេ។ ​

រាជធានីភ្នំពេញ​ ៖ គូសង្សារ​ ឬប្តី-ប្រពន្ធ​​​​មិន​ហ៊ាន​​ទៅលេង​​វត្ត​ភ្នំ​​ទេ ព្រោះខ្លាច​​ព្រាត់​​​ប្រាស់​​​គ្នា​​ ។ ​នេះ​គឺជា​អបិយ​ជំនឿ​មួយ​តាំងពី​​​យូរ​ណាស់​មក​​​ហើយ។ តាម​ការ​​ឮតៗគ្នា​​ថា រមណីយដ្ឋាន​​វត្ត​ភ្នំ​​គេមិន​​ឱ្យ​អ្នក​​មាន​​គូស្នេហ៍​​ទៅកម្សាន្តឡើយ​ដោយ​​សារ​លោក​​​យាយ​ពេញ​ ដែល​ជា​អ្នក​​ផ្តួច​ផ្តើម​​​​កសាង​វត្ត​ភ្នំ​​​នឹង​ពង្រាត់​​​ពួកគេ។  ​

​តើ​​មហាជន​​យល់​បែប​ណា​​​​ចំពោះ​អបិយ​ជំនឿ​នោះ​ ​និង​​តើ​វា​​ពិត​ជា​ត្រឹមត្រូវ​​ទេ ?
លោក​វុទ្ធី មាន​​វ័យ​ជាង​៥០ឆ្នាំ ជាអ្នក​រស់​នៅ​​​ក្នុង​រាជធានីភ្នំពេញ​​​ និយាយ​កាលពី​ថ្ងៃ​ទី​​​​៥​ សីហា​ថា​ ​តាម​ពិត​ពាក្យ​នេះ​គាត់​​ធ្លាប់​​​​​ឮ​យូរមក​ហើយ តែវា​​​ជាការពិត​ឬ​យ៉ាងណា​​នោះ​​លោក​មិន​អាច​និយាយ​​​​បាន​ទេ ។  លោក​យល់​ថា​​អបិយ​ជំនឿ​​​នេះ​ប្រហែល​ជា​គេ​និយាយ​​ឡើង​តាម​​ការ​​កត់​​សម្គាល់​​​​ឃើញ​​​​ជាក់​ស្តែង​​​របស់​​​​ពួក​​​គេ  ហេតុ​​នេះ​មនុស្ស​មួយ​ចំនួន​​ជឿរឿង​នេះ​​តៗគ្នា​ មក​ដល់​​​​បច្ចុប្បន្ន។
​សម្រាប់​​​រូប​លោក​​ផ្ទាល់​​យល់​ថា​  ការ​និយាយ​​​នេះគឺគ្រាន់​តែ​ជាអបិយ​ជំនឿ​​ប៉ុណ្ណោះ​ ព្រោះ​​​ទីនោះ​ជាទី​សក្ការ​​បូជា​ដែល​​​​ប្រជា​ពល​រដ្ឋ​រស់​នៅ​​​ក្នុង​​រាជធានីភ្នំពេញ​​ ក៏ដូចជា​​អ្នក​រស់​នៅ​​តាម​​បណ្តា​​ខេត្ត​តែងតែទៅ​បន់​​ស្រន់​​​​​​ វា​មិន​​​មែន​ជា​​ទីកន្លែង​ផ្តល់​​​​ការភ័យ​ខ្លាច​ទេ។

លោក​​វុទ្ធី ​​សន្និដ្ឋាន​​ថា គេបង្កើត​ពាក្យ​នេះ​ឡើង​អាចមក​​ពីគេ​​ចង់​​ដាស់តឿន​ ​និង​បំភ័យ​​ដល់​អ្នក​ដែល​​មាន​គូស្នេហ៍​កុំ​ឱ្យ​​​ទៅ​វត្ត​ភ្នំ​​​ដើម្បី​​​ឱបរឹត​​​គ្នា​​​​ខុសច្បាប់​​​ប្រពៃណី​​​​ ហើយ​វា​មិន​សម​​ភ្នែក​​​សម្រាប់​​​ភ្ញៀវ​​ជាតិ​​ និង​អន្តរជាតិ​​ដែល​​តែងតែទៅ​​កម្សាន្ត​​​​នៅទីនោះ ។​
​ចំណែក​លោកពៅ  ដែល​​តែងតែ​​​ទៅ​ហាត់​ប្រាណ​​​នៅ​រមណីយ​ដ្ឋាន​​​វត្ត​ភ្នំ​​​និយាយ​ថា  ​អបិយ​ជំនឿ​​នេះ​ លោក​​ក៏ធ្លាប់​​​​ឮ​គេ​និយាយ​ដែរ តែ​លោក​​​មិន​សូវ​​ជាចាប់អារម្មណ៍​​​ប៉ុន្មាន​​​​ឡើយ  ​ព្រោះ​​​​​លោក​គិត​ថាវា​​គ្រាន់​តែ​​​ជា​ការ​និយាយតៗគ្នា​​​​​​​​​ប៉ុណ្ណោះ​​​​​ ។ ចំណែក​វា​ជា​​ការពិត​​ ឬ​យ៉ាង​ណា​​​​នោះ​ គឺ​គ្មាន​​​​អ្នក​ណា​​​ម្នាក់​​ចេញ​​​មក​អះអាង​​ឡើយ ។ ទោះបីជា​យ៉ាងណា​​ក្តី​ ​លោក​​​មិន​ជឿ​ថា​ ​អបិយ​ជំនឿ​​នេះជា​​​ការ​ពិត​ឡើយ​ ព្រោះវា​​​គ្រាន់​តែជា​ការ​និយាយ​​​ពីមាត់​​មួយ​ទៅ​មាត់​​មួយ​ប៉ុណ្ណោះ ។​

​កញ្ញា​​​សុខគា ជានិស្សិត​​និយាយថា​ ​អបិយ​​​ជំនឿ​នេះ​នាង​​បាន​ឮ​​ចាស់ៗ​និយាយ ​​តែ​​​​​​មិន​ដឹង​ថា វា​ជាការ​​ពិត​​​​ឬយ៉ាង​ណា​​​​​ទេ ព្រោះ​នាង​​មិន​ដែល​​​នាំ​មនុស្ស​ដែល​​​ខ្លួន​​​ស្រឡាញ់​​​​​ទៅ​លេងទីនោះ​​ឡើយ ។ ភាគ​ច្រើន​​​​ដែល​​​នាង​​​ទៅលេង​​​ទីនោះ​​គឺ​ច្រើន​​​​ទៅ​​​​ជាក្រុម​​​មិត្ត​​​​ភក្តិ​​​ដែល​​​រៀន​​ជាមួយ​គ្នា​​​ ។ កញ្ញា​​​​​និស្សិត​រូប​នេះ​​​​បញ្ជាក់​​​ថា​​​​​ បើ​​​​ទោះ​បីជា​​ការពិត​​​ ឬមិន​​​មែនជា​ការ​ពិត​ក៏ដោយ​ ក៏​នាង​​នៅ​តែ​​​មាន​ការខ្លាចរអា​​មិនហ៊ាន​​​នាំគូស្នេហ៍​ទៅ​កម្សាន្ត​​នៅ​ទី​នោះ​​ឡើយ ​ព្រោះ​​ខ្លាច​​ដូច​​ពាក្យ​​​គេ​និយាយ​​​មែន។ ​​នាង​​​​លើក​​ហេតុផល​​​ថា «អបិយ​ជំនឿ​នេះ​អាច​ត្រូវ​ទៅ​តាមដំណើរ​រឿង​លោក​យាយ​ពេញ​ ជាស្ត្រី​​​មេម៉ាយ​​​​ព្រាត់​​​បែក​ពីប្តី​​ ដូច្នេះ បើ​មាន​អ្នក​ណា​មាន​គូស្នេហ៍​ទៅ​​ស្បថ​ស្បែ​នៅ    ទី​នោះ​គឺ​គាត់មិន​ពេញចិត្តឡើយ​​ ព្រោះ​គាត់​​​ច្រណែន ​​​គាត់អាចខឹង ​ហើយ​ដាក់​បណ្តា​សាឱ្យ​ព្រាត់​ប្រាស់គ្នាដូច​គាត់ដែរ» ។

លោកវ៉ាន់ លី អាយុជាង៤០ឆ្នាំបាន​មាន​ប្រសាសន៍​​ថា ថ្វីដ្បិត​គាត់​ជា​អ្នក​រស់​នៅ​ភ្នំពេញ​មែន តែគាត់មិនសូវបានទៅ​​លេងនៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ឡើយ ។ ភាគ​ច្រើនដែល​គាត់ទៅ​​ទី​នោះ​គឺ​ដោយសារ​គាត់នាំកូនទៅ​លេង​នៅសួន​កុមារ​ដែល​នៅក្បែរវត្ត​ភ្នំ ហើយ​ពេលខ្លះ​គាត់ក៏​បង្ហួស​ទៅ​អង្គុយ​លេង​នៅបង់វត្ត​ភ្នំដើម្បីស្រូប​យក​ខ្យល់អាកាស ។លោកលី​បញ្ជាក់ថា ចំពោះអបិយ​ជំនឿដែល​និយាយតៗគ្នាលោកក៏ធ្លាប់បានឮដែរ តែ​លោក​មិនហ៊ានអះអាងថា​វាជាការ​ពិត ឬយ៉ាង​​ណា​ទេ។

តាមគំនិតរបស់លោក​អបិយ​ជំនឿ​នេះ​ប្រហែល​ជាចេញមក​ដោយការកត់​សម្គាល់​របស់​មនុស្ស​មួយ​ចំនួន​ដែលពេល​ខ្លះវា​បាន​កើត​ឡើង​ដូចពាក្យ​ដែលគេនិយាយប្រាកដមែន ហេតុ​នេះ​គេមាន​ជំនឿតៗ​គ្នាមកតែម្តង ​។ សម្រាប់​រូប​លោកគឺ​គ្រាន់​តែគិតថា​ទីនោះ​​គឺជា​​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រសម្រាប់រាជធានីភ្នំពេញដែលអាច​ទាក់​ទាញភ្ញៀវជាតិ និងអន្តរជាតិទៅ​កម្សាន្ត​ ហើយ​សាលា​រាជ​ធានីភ្នំពេញបានខិតខំកែលំអសោ​ភ័ណ​ភាពឱ្យកាន់តែស្រស់ស្អាត ព្រោះទីនោះ​ជា​និមិត្តរូប​នៃរាជ​ធានីភ្នំពេញ ។ ចំពោះ​រឿង​អបិយ​ជំនឿផ្សេងៗនោះលោកមិនសូវ​ជា​យក​ចិត្ត​ទុក​ដាក់ឡើយ តែសម្រាប់​អ្នក​ដែល​មាន​ជំនឿគឺជា​រឿងផ្ទាល់ខ្លួនរបស់គេមិន​អាចហាម​ឃាត់​បាន​ឡើយ ។​

ទាក់ទិន​​​នឹង​​​​អបិយ​ជំនឿ​​​ថា​គូស្នេហ៍​​​​ទៅ​​លេង​នៅ​វត្ត​ភ្នំ​​​នឹង​ព្រាត់​​​​​ប្រាស់​គ្នា​​​នេះ ​ព្រះ​​​តេជគុណ​​ព្រះ​នាម​​បុណ្យ​​ គង់​​នៅ​វត្ត​​​បទុម​​​​​វតី​នៃ​រាជធានី​ភ្នំពេញ មាន​សង្ឃដីកា​​​ថា ​បញ្ហា​​​​អបិយ​​ជំនឿ​​​​នេះ​ព្រះ​អង្គ​​​​​​ធ្លាប់​បាន​​ឮ​​គេ​និយាយ​​​តៗគ្នា​មក​ដែរ ហើយ​​បើ​និយាយ​ថា ​វាជាការ​​​ពិត​ ​ឬយ៉ាង​ណា​​​នោះ​គឺ​ជា​ការ​​​​​យល់​ឃើញ​របស់​​បុគ្គល​​​ម្នាក់ៗ​​ប៉ុណ្ណោះ  ។​​ព្រះ​​សង្ឃ​​ដដែល​​មាន​សង្ឃដីកា​​ថា «​ចំពោះ​​អាត្មា​​​​យល់​ថា​ អបិយ​ជំនឿ​​នេះ​មិនមែន​ជា​ការ​ពិត​​ឡើយ ដោយ​ហេតុ​ថាបើ​យើង​​និយាយ​​​តាម​ផ្លូវ​ព្រះ​ពុទ្ធ​​​សាសនា​​​​គឺការ​​​ព្រាត់ប្រាស់​​​​គ្នា​នេះ​​​ជាឧប​និស្ស័យ​​ ព្រោះ​​ផល​បុណ្យ​​កុសល​​ដែលយើង​បាន​សាង​ពីជាតិមុន​គឺ​បានតែប៉ុណ្ណឹង​​​ ហេតុ​នេះ​ការ​ជួប​ ឬព្រាត់​គឺជា​រឿង​ធម្មជាតិ​​របស់​​សត្វ​​​លោក​​ ហើយ​​​បើ​និយាយ​​​ថា ព្រះ​​​មាន​ចិត្ត​ពង្រាត់​​សត្វ​​​លោក​នោះគឺ​​​មិន​មែន​ជាការ​ពិត​​ឡើយ​ ព្រោះព្រះ​​​ជា​អ្នក​​ប្រោស​​សត្វ​លោក ជាសភាវៈមួយ​ដែល​តាម​​​ថែរក្សា​​​​សត្វ​លោក​​ ប្រសិន​​​​បើ​យើង​​សាង​​តែអំពើ​​​ល្អនោះ» ។

​​ក្នុង​គ្រឹស្ត​សករាជ​​១៣៧២ (ឯកសារ​ ​​​ខ្លះ​ថា​ ១៣៧៨)​ ដូនពេញ​​ដែល​ជា​​​​​ស្ត្រីមេម៉ាយ​​​មាន​ទ្រព្យសម្បត្តិ​​​​ស្តុកស្តម្ភ​​​ និង​អ្នក​​​ស្រុក​​ស្រុះ​ស្រួល​​​គ្នា​​សាង​សង់​​ព្រះ​វិហារ​​មួយខ្នង​​លើ​​កូន​​ភ្នំ​​​នៃ​​​វត្ត​​ភ្នំ​​សព្វ​ថ្ងៃ​នេះដែល​កើត​​​ដោយសារ​​​​​គាត់​​ឱ្យគេ​ជញ្ជូន​ដីពូន​ ​ហើយ​ដង្ហែព្រះ​​​​​ពុទ្ធ​​​​រូប​៤​អង្គ​​ ដែល​​​នៅក្នុង​ដើម​​គគីរ​​ ស្រង់​យក​​​មក​​ពី​​ក្នុង​​​​ទឹក​ទន្លេ​​ទៅ​តម្កល់​​​នៅទីនោះ​ ។​ ដោយ​​ហេតុ​នោះ​​ហើយ​​​ទើប​​ភ្នំ​នោះ​​​ហៅថា​​ «ភ្នំដូនពេញ​» ​និង​ក្លាយ​នៅ​ត្រឹម​​​​​តែ​«ភ្នំពេញ​» ឯទីអារាម​នៅទី​នោះ​​ហៅ​​ត្រឹម​វត្ត​​ភ្នំ​​​មក​ដល់​​សព្វ​ថ្ងៃ​​នេះ ។ ​

អ្នក​​វប្ប​​ធម៌​​​​ជា​ច្រើន​​​​យល់​ដូចគ្នា​​​​ថា វត្ត​​​ភ្នំជា​​កន្លែង​​សក្ការបូជានៃ​​ពុទ្ធ​សាសនា​​​ ដូច្នេះ​​មិន​​​មែន​ជា​​កន្លែង​​បំផ្លិច​បំផ្លាញ​​​​សុភមង្គល​​ ឬ​ស្នេហា​​​​​របស់​​នរណាម្នាក់​​ឡើយ ។ ​​​ម្យ៉ាង​​​យាយ​ពេញ​​ជា​អ្នក​គោរព​​ និង​​​ទ្រទ្រង់​​​​​​ព្រះ​ពុទ្ធសាសនា​​ ដូច្នេះ​​​គាត់​​​ពិត​ជា​​​គ្មាន​ចិត្ត​អកុសល​​បំបែក​​​គូស្នេហ៍​​​​​នរណាទេ ៕