រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ម្នាក់ត្រូវបានកម្លាំងប៉ូលិសគោលដៅ២៤ម៉ោងនៅផ្លូវចោមចៅខាងកើតផ្សារកាណាឌីយ៉ា និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ខ្លួនបានបន្ទាប់ពីជននេះធ្វើសកម្មភាពឆក់យកលុយពីស្ត្រីជនជាតិចិន២នាក់ដែលកំពុងឈរទិញអីវ៉ាន់នៅក្នុងផ្សារកាណាឌីយ៉ា ដោយមិនដឹងខ្លួន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ សីហា ២០១២ នៅក្នុងផ្សារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើឈ្មោះធឿន ថេត ភេទប្រុស អាយុជាង៤០ឆ្នាំ មានទីលំនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីជនជាតិចិននោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ជាបុគ្គលិករដ្ឋបាលរោងចក្រកាត់ដេរនៅជិតកន្លែងកើតហេតុនោះដែរ ហើយត្រូវជនសង្ស័យឆក់យកលុយបាន៣០ដុល្លារ និង១ម៉ឺនរៀលប៉ុណ្ណោះ និងត្រូវបានសមត្ថកិច្ចធ្វើការដកហូតបានពីជនសង្ស័យនោះមកវិញ ហើយ ។
សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជនជាតិចិនរងគ្រោះបាននាំគ្នាដើរចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារកាណាឌីយ៉ា នោះដោយកាន់លុយនៅក្នុងដៃមិនបានដាក់នៅក្នុងកាបូប ឬហោប៉ៅខោអាវនោះឡើយ ។ នៅក្នុងខណៈពេលកំពុងឈរទិញអីវ៉ាន់ដោយមិនដឹងខ្លួន ស្រាប់តែជនសង្ស័យខាងលើបានដើរចូលទៅជិតរួចធ្វើសកម្មភាពកញ្ឆក់យកលុយពីដៃស្ត្រីជនជាតិចិននោះទាំងកំរោលរួចក៏ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវជនជាតិចិននោះស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលពេញនៅក្នុងផ្សារតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ