រាជធានីភ្នំពេញ ៖ បុគ្គលិកសិក្សាដែលត្រូវបានក្រសួងអប់រំចាត់តាំងឱ្យចូលរួមត្រួតពិនិត្យដំណើរប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ត្រូវបានព្រមានក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៥ សីហា ឆ្នាំ២០១២ គឺនៅមុនមួយថ្ងៃនៃដំណើការប្រឡង ។ បេក្ខជនជាសិស្សថ្នាក់ទី១២ចំនួន១១៤.៤១៤នាក់ក្នុងនោះបេក្ខជនជាសិស្សស្រីជិត៥០%ត្រូវចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស នាឆ្នាំសិក្សា២០១១-២០១២ នេះ ។
លោកគ្រូ-អ្នកគ្រូនៅរាជធានីភ្នំពេញដែលត្រូវចាត់តាំងជាអនុរក្ស ហើយបានចូលរួមប្រជុំនិយាយថា ប្រធានមណ្ឌលប្រឡងនៅវិទ្យាល័យសន្ធរម៉ុកបានព្រមានថា«អនុរក្សណាដែលធ្វើខុសពីការណែនាំរបស់ក្រសួងអប់រំ នឹងត្រូវទទួលកាតលឿង កាតក្រហម និងមិនឱ្យធ្វើមេប្រយោគដល់ទៅ៣ឆ្នាំ»។ ការព្រមាននេះបានធ្វើឡើងក្នុងកិច្ចប្រជុំមុនពេលចាប់ផ្តើមនៃសម័យប្រឡងដែលត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃលើវិញ្ញាសាសរសេរ ។ ក្រុមអនុរក្សជាគោលដៅដែលលោកប្រធានមណ្ឌលកត់សម្គាល់ និងត្រូវតាមដានជាប់ដោយអ្នកត្រួតពិនិត្យអគារ និងប្រធានពួកតាមបន្ទប់យ៉ាងតិច៤នាក់ ។
សិស្សស្រីជាបេក្ខជនម្នាក់សុំមិនប្រាប់ឈ្មោះនិយាយថា តាមពិតលោកគ្រូអ្នកគ្រូជាមេប្រយោគមិនដែលហ៊ានទារលុយពីសិស្សទេ តែសិស្សទេ ដែលព្យាយាមយកលុយតិចតួចជូនគាត់គ្រាន់ទិញបាយហូប ឬទិញកាហ្វេ និងសាំងចាក់ម៉ូតូ ឬរថយន្ត ហើយក៏មិនច្រើនរហូតដល់រាប់រយដុល្លារនោះទេ ។ ចំណែកសិស្សម្នាក់ទៀតដែលមកមើលឈ្មោះប្រឡងនិយាយថា បងប្អូនរបស់ខ្លួនប្រាប់ថា អនុរក្សមិនដែលហ៊ានទទួលលុយទេ ។
ប្រធាន-អនុប្រធាន នៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ សីហា បានលើកឡើងចំៗក្នុងកិច្ចប្រជុំថា«បើសិនជាអនុរក្សណាប្រព្រឹត្តមិនគប្បី ត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខក្រសួងអប់រំ» ។ ប៉ុន្តែមានការលើកឡើងថា ពេលខ្លះក្រុមអនុរក្សមិនបានធ្វើខុសទេ បែរជាប្រធាន ឬអនុប្រធានមណ្ឌលប្រឡងខ្លះប្រព្រឹត្តមិនគប្បីនៅក្នុងបន្ទប់នៃមណ្ឌប្រឡង ដោយឃុបឃិតគ្នាលួចធ្វើចម្លើយ ឬមានម៉ូយរបស់ខ្លួន ។
លោក សេង គួណូ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១២ ថា នៅរាជធានីភ្នំពេញមានសិស្សថ្នាក់ទី១២ចំនួន២០.០៤៧នាក់ក្នុងនោះសិស្សស្រី៨.៨២៩នាក់ បានដាក់ពាក្យចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១១-២០១២ នៅតាមមណ្ឌលចំនួន៣៨ និងចែកចេញជា៨០២បន្ទប់ ។
មន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៥ សីហា ឆ្នាំ២០១២ ថា មានបេក្ខជនជាសិស្សថ្នាក់ទី១២ចំនួន១១៤.៤១៤នាក់ ក្នុងនោះបេក្ខជនជាសិស្សស្រីជិត៥០%បានដាក់ពាក្យចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១១-២០១២នៅទូទាំងប្រទេស ។ ចំពោះមណ្ឌលប្រឡងមានចំនួន២៥៤ និងចែកចេញជា៤.៦៦២បន្ទប់ ។ ដំណើរការប្រឡងលើវិញ្ញសាសរសេរមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែសីហា ឆ្នាំ២០១២ នៅតាមមណ្ឌលនានាទូទាំងប្រទេស ។
លទ្ធផលនៃការប្រឡងនឹងប្រកាសនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២។ សម្រាប់លោកគ្រូអ្នកគ្រូដែលត្រូវធ្វើជាអនុរក្សក្នុងការប្រឡងនេះបានទទួលប្រាក់ឧបត្ថម្ភចំនួន១៥២.០០០រៀល ៕
ចែករំលែកព័តមាននេះ