បើទោះបីជាមិនអាចឈានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្តី ប៉ុន្តែវាជាមោទនភាពមួយផងដែរសម្រាប់ក្រុមកម្ពុជា ខណៈកីឡាការិនីហែម ថុនវីទីនី ដណ្តើមបានចំណាត់ថ្នាក់លេខ២ក្នុងពូលលេខ៣ ដែលការប្រកួតបានបញ្ចប់ទៅនៅទីក្រុងឡុង ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រទី៣ សីហាកន្លងមក ។
លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រផ្នែកស្ត្រីលើកនេះ នាងហែម ថុនវីទីនី បានប្រើអស់ថិរវេលា៣០.៤៤វិនាទីពោលគឺ ០.៤៣វិនាទីតាមពីក្រោយកីឡាការិនីនាំមុខក្នុងពូលរបស់ប្រទេសអង់ទីហ្គា&បាប៊ុយដា O’REILLY CLASHING Karin ដែលប្រើអស់ថិរវេលា ៣០.០១វិនាទី ។
ទោះជាយ៉ាងនេះក្តី នៅក្នុងពូលដែលមានគ្នា៨នាក់ វីទីនីបាននាំមុខកីឡាការិនីចំនួន៦នាក់ក្នុងនោះ មានកីឡាការិនីរវ៉ាន់ដា, កាតា, តាហ្ស៊ីគីស្ថាន ម៉ាលី ម៉ាល់ឌីវ និងកីឡាការិនីប្រទេសអេត្យូពី ។នៅលើតារាងលទ្ធផលសរុបរួមទាំង១០ពូលវិញ នាងវីទីនីស្ថិតនៅលំដាប់ទី៥៦ឈ្នះកីឡាការិនីចំនួន១៧ប្រទេសក្នុងនោះមាន ប្រទេសរវ៉ាន់ដា កាតា តាហ្ស៊ីគីស្ថាន អង់ហ្គោឡា ម៉ាលី បួគីណាហ្វាសូ ម៉ាល់ឌីវ អេត្យូពី កូតឌីវ័រ ប៊ូរុនឌី កុងហ្គោ បារ៉ែន ស៊ូដង់ នីហ្សេ តូហ្គោ ឡេសូតូ និងប្រទេសហុងគ្រី ។
នៅក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣០នៅទីក្រុងឡុងឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមចំនួន៦នាក់(ស្រី៣នាក់ប្រុស៣នាក់) លើវិញ្ញាសាអត្តពលកម្ម យូដូ ហែលទឹក និងតេក្វាន់ដូ ៕
ចែករំលែកព័តមាននេះ