ប្រទេសអារ៉ាប៊ីសាអូឌីត ៖ កីឡាករ Cristiano Ronaldo បានប្រកាសថា ខ្លួនមិនទាន់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ទេ និងបានស្នើឱ្យសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ដាក់ពិន័យលើខ្លួន ជុំវិញការចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិកន្លងទៅថ្មីៗនេះផងដែរ។
ប្រធានក្រុមវ័យ៤១ឆ្នាំរូបនេះ បានចាកចេញពីជំរុំហ្វឹកហាត់ព័រទុយហ្គាល់ភ្លាមៗ អំឡុងការប្រកួតពានរង្វាន់ Nations League កាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវគ្រូបង្វឹកដាក់ជាកីឡាករបម្រុង និងមិនប្តូរចូលលេងប្រកួតទល់នឹងក្រុមន័រវែស ហើយក្រោយមក ក៏បានដឹងមុនថា ខ្លួនមិនត្រូវបានដាក់ឱ្យចូលលេងជម្រើសដំបូងក្នុងប្រកួតទល់នឹងដាណឺម៉ាកថែមទៀត។
តាមរយៈការបង្ហោះសារដ៏វែងអន្លាយមួយ កាលពីព្រឹកថ្ងៃទី៧ ខែតុលា (ម៉ោងនៅកម្ពុជា) ខ្សែប្រយុទ្ធក្លិប Al Nassr រូបនេះ បានបង្ហាញពីការខកចិត្តខ្លាំង និងបានចោទគ្រូព័រទុយហ្គាល់ លោក Jorge Jesus ថា បំផ្លាញទំនុកចិត្តខ្លួនដល់ទៅពីរដង និងមិនគោរពតាមការព្រមព្រៀងក្នុងការបកស្រាយបំភ្លឺជូនមហាជន។
ជាមួយគ្នានោះដែរ អតីតខ្សែប្រយុទ្ធក្លិប Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ បានសុំទោសមិត្តរួមក្រុម និងប្រជាជនព័រទុយហ្គាល់ ហើយទទួលយកការពិន័យដោយគ្មានការបន្ធូរបន្ថយឡើយ។ «សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ត្រូវតែវាយតម្លៃផលវិបាកនៃទង្វើខ្ញុំ ហើយដាក់ពិន័យលើខ្ញុំចំពោះរឿងទាំងនោះ។ ខ្ញុំជឿថា ការពិន័យនេះ មិនគួរត្រូវបានបន្ធូរបន្ថយឡើយ។ ខ្ញុំបានសុំទោសរួចហើយ ប៉ុន្តែខ្ញុំដឹងថារាល់សកម្មភាពតែងតែមានផលវិបាករបស់វា»។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥ លើករូបនេះ ក៏បានបញ្ជាក់ដែរថា ខ្លួននៅតែមានបំណងបន្តលេង និងប្រកួតប្រជែងឱ្យព័រទុយហ្គាល់បន្តទៀត បន្ទាប់ពីរយៈពេលព្យួរ ឬការពិន័យបានបញ្ចប់ ព្រមទាំងសន្យាថានឹងមានការប្រកួតលាក្រុមជម្រើសជាតិនៅពេលអនាគតផងដែរ។
គួរបញ្ជាក់ថា ការស្វែងរកគ្រាប់បាល់ទី ១ ០០០ នៅក្នុងអាជីពដែលជាកំណត់ត្រាថ្មីរបស់ Ronaldo នៅតែបន្ត ហើយកីឡាកររូបនេះ បានត្រឡប់មកហ្វឹកហាត់វិញហើយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្លិប Al-Nassr។ បច្ចុប្បន្ន Ronaldo ស៊ុតបញ្ចូលទីបាន ៩៧៩ គ្រាប់ហើយទាំងជម្រើសជាតិ និងក្លិប។
ក្រឡេកទៅក្រុមព័រទុយហ្គាល់ឯណោះវិញ បានឈ្នះន័រវែស និងដាណឺម៉ាក ដោយគ្មានវត្តមាន Ronaldo ហើយពួកគេនឹងត្រូវប្រកួតម្តងទៀតនៅខែវិច្ឆិកាខាងមុខ សម្រាប់ការប្រកួតចុងក្រោយនៅក្នុងពូល នៃពានរង្វាន់ Nations League ទល់នឹងក្រុមដាណឺម៉ាក និងវែលស៍៕ ប្រភព ៖ BBC


ចែករំលែកព័តមាននេះ