ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តមួយគ្រឿងបុកម៉ូតូជនរងគ្រោះពីក្រោយ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ កក្កដា ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានអ្នកឃើញហេតុការណ៍ជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តបង្កមានបំណងបើករត់តែព្រះមិនជួយក៏បើករថយន្តធ្លាក់ក្នុងប្រឡាយធ្វើឱ្យរថយន្តខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសធ្ងន់ផងដែរ ។
លោកឥន្ទ មណ្ឌល អធិការរងនគរបាលក្រុងដូនកែវបានឱ្យដឹងថា អ្នកជិះម៉ូតូដែលរងរបួសនោះឈ្មោះប៉ាវ ប៊ុនថន អាយុ៥០ឆ្នាំ រស់នៅភូមិកសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ជាមន្ត្រីធ្វើការងារនៅមន្ទីរព័ត៌មានខេត្ត និងវិទ្យុFM ៩២.៥MHz ខេត្តជិះម៉ូតូស្មាសពណ៌ក្រហម ឯអ្នកបើកបររថយន្តឈ្មោះនៅ ចន្ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ តែបានផ្លាស់ទីលំនៅមកនៅភូមិថ្នល់បែក សង្កាត់រកាក្រៅជាមន្ត្រីរាជការនៅមន្ទីរធនធានទឹកខេត្ត បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ ។
លោកអធិការរងបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងនៅតាមបណ្តោយផ្លូវក្នុងក្រុងលេខ១២៩គ ពេលនោះមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ិស Rx ៣០០ ពណ៌ខ្មៅ បានបើកចេញពីហាងស៊ីផឹកមួយកន្លែងនៅតាមបណ្តោយផ្លូវខាងលើ បើកបោះពួយយ៉ាងលឿនទៅត្បូង លុះដល់ចំណុចកើតហេតុក៏បុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឱ្យមនុស្សនិងម៉ូតូខ្ទាតទៅខាងឆ្វេងរងរបួសធ្ងន់។ បន្ទាប់ពីបុកម៉ូតូបណ្តាលឱ្យមនុស្សរបួសហើយ រថយន្តបង្កបានបើករត់យ៉ាងលឿន តែមកដល់ចំណុចភូមិធ្នង់ សង្កាត់រកាក្រៅ រថយន្តបានធ្លាក់ទៅក្នុងប្រឡាយខាងលិចថ្នល់ធ្វើឱ្យរងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ហើយអ្នកបើកបររងរបួសធ្ងន់ផងដែរ ។
បច្ចុប្បន្ន រថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងដូនកែវរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ នេះជាលទ្ធផលនៃការមិនទទួលខុសត្រូវ ប្រសិនបើអ្នកបើកបរឈប់រថយន្ត ហើយទទួលខុសត្រូវលើហេតុការណ៍ដែលខ្លួនបានប្រព្រឹត្តនោះ មិនចាំបាច់បើករត់នាំឱ្យមានគ្រោះថ្នាក់បន្ថែមដល់ខ្លួនឯងបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ